CNN កាលពីពេល ថ្មីៗកន្លងមកផ្សាយថាផ្ទាំងទឹកកកដ៏ធំគ្រោងបែកផ្តាច់ចេញពីទ្វីបអង់តាក់ទិកហើយ ។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាគឺជាការផ្តាច់ចេញរបស់ផ្ទាំងទឹកកកធំបំផុតក្នុងប្រវត្ដិសាស្ត្រ ។
«Project MIDAS» ជាក្រុមអ្នកស្រាវជ្រាវមានស្នាក់ការធំនៅចក្រភពអង់គ្លេសឱ្យដឹងថា ស្នាមប្រេះនៃផ្ទាំងទឹកកកនោះកើតនៅលើ«ឡាសេនស៊ី» (Larsen C) ជាផ្ទាំងទឹកកកដ៏វែងស្ថិតនៅភាគខាងលិចអង់តាក់ទិក ។
កាលពីខែសីហា ឆ្នាំ២០១៦ ក្រុមអ្នកស្រាវជ្រាវរបស់ MIDAS ឱ្យដឹងថាស្នាមប្រេះនៅលើ«ឡាសេនស៊ី» បានលាតសន្ធឹងប្រហែល២២គីឡូម៉ែត្រ ក្នុងអំឡុងពេល៦ខែ និងនៅខែធ្នូ អត្រានៃការប្រេះអាចកើនឡើងបន្ថែមប្រហែល១៨គីឡូម៉ែត្រតែក្នុងរយៈពេល១ខែប៉ុណ្ណោះ ។
ទោះបីជាមិនមែនជាលើកដំបូងដែលផ្ទាំងទឹកកកបែកចផ្តាច់ចេញពីអង់តាក់ទិកក៏ដោយ ប៉ុន្តែការបែករបស់ផ្ទាំងទឹកកក Larsen C នឹងបង្កឱ្យមានបម្រែបម្រួលភូមិសាស្ត្រនៃទ្វីបនេះមិនខាន ។
អ្នកវិទ្យាសាស្ត្រព្យាករទុកថា ប្រសិនបើស្រទាប់ទឹកកក Larsen C រលាយ និងបាក់រយៈពេលតែប៉ុន្មានឆ្នាំខាងមុខទៀត នឹងបង្កឱ្យកម្ពស់ទឹកសមុទ្រនៅទូទាំងពិភពលោកកើនឡើងប្រហែល១០សង្ទីម៉ែត្រ ។ បម្រែបម្រួលអាកាសធាតុនៅលើផែនដី និងសីតុណ្ហភាពឡើងខ្ពស់ធ្វើឱ្យផ្ទាំងទឹកកកដ៏ធំនៅប៉ូលខាងជើង និងខាងត្បូងត្រូវរលាយ និងបែកជាបំបែក តូចៗជាក់ជាមិនខាន ។
អ្នកស្រាវជ្រាវបញ្ជាក់ថា ដោយសារស្នាមប្រេះនោះកើតឡើងជាច្រើនទសវត្សនោះអ្នកវិទ្យាសាស្ត្រគ្មានវត្ថុតាងបញ្ជាក់ពីរឿងនេះ និងមិនប្រាកដថា ការបែករបស់ផ្ទាំងទឹកកកើតឡើងដោយសារតែផែនដីឡើងកម្តៅ ឬជាបាតុភូតនៃភូមិសាស្ត្រទេ ៕
ចែករំលែកព័តមាននេះ