រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «ស៊ីណីស្កាយ ហឹជន ហ្គាមេន ខេមបូឌា ខូអិលធីឌី» ចំនួនជាង៣០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការ និងតវ៉ាទាមទារលក្ខខណ្ឌ ការងារចំនួន១០ចំណុច ពីថៅកែរោងចក្រ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រកាត់ដេរខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
កម្មករបាននិយាយថា ពួកគេដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ មានចំនួនជាង៣០០នាក់ ហើយពេលនេះ ដឹកនាំដោយសហជីពបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងជាមួយថៅកែ ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន១០ចំណុច ក្នុងនោះរួមមាន ៖
១-សុំឲ្យថៅកែទទួលយកឈ្មោះ គីម ចិត្ត្រា អត្តលេខ 015 ជាជាងម៉ាស៊ីន ដែលត្រូវបានថៅកែដកចេញពីការងារ កាលពីថ្ងៃទី៣១ ធ្នូ ២០១៦ បានចូលធ្វើការវិញ និងរក្សាអត្ថប្រយោជន៍នៅពេញដដែល។
២-សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់អាហារថ្ងៃត្រង់ចំនួន២.០០០រៀលក្នុងមួយថ្ងៃជូនកម្មករម្នាក់ៗ។
៣-សុំឲ្យក្រុមហ៊ុនធ្វើការកែប្រែប្រធានផ្នែកដេរឈប់ឲ្យជេរប្រមាថ និងប្រើអំពើហិង្សា និងកាយវិការមិនសមរម្យមកលើកម្មករតទៅទៀត។
៤-រាល់ពេលដែលក្រុមហ៊ុនឲ្យកម្មករ ធ្វើការថែមម៉ោងដល់ម៉ោង៨យប់ ត្រូវឲ្យឈប់សម្រាកហូបបាយនៅវេលាម៉ោង៦ល្ងាចសិន ។
៥-សុំឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ឲ្យមានភាពងាយស្រួលដល់កម្មករពេលសុំច្បាប់សម្រាកក្នុងករណីមានធុរៈផ្សេងៗ។
៦-សុំឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ទៀងទាត់ (លុយព្រីម) ជាសមាសមាត្រទៅនឹងចំនួនថ្ងៃដែលកម្មករបានឈប់ សម្រាក។
៧-សុំឲ្យក្រុមហ៊ុនអនុវត្តន៍ប្រាក់ឈ្នួលគោលទៅតាមច្បាប់ស្ដីពីការងារ។
៨-សុំឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលជូនកម្មករៗឲ្យរួចរាល់មុនម៉ោង៤ល្ងាច។
៩-រាល់ពេលក្រុមហ៊ុនឲ្យកម្មករធ្វើការថែមម៉ោង ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។
១០-នៅពេលធ្វើកូដកម្មសូមកុំឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួលរបស់កម្មករដែលចូលរួមធ្វើកូដកម្មខាងលើ។
កម្មករបានឲ្យដឹងបន្តទៀតថា ថៅកែក្រុមហ៊ុនខាងលើបានគាបសង្កត់កម្មករគ្រប់បែបយ៉ាង ហើយកន្លងមក បានដកកម្មករចេញដោយគ្មានមូលហេតុជាបន្តបន្ទាប់ ហើយកម្មករទាំងនោះខ្លាចមិនហ៊ានតវ៉ានោះឡើយ គឺសុខចិត្តឈប់ ហើយបានត្រឹមតែប្រាក់ឈ្នួលប៉ុណ្ណោះ មិនបានប្រាក់អតីតភាពការងារ ឬប្រាក់ផ្សេងៗទៀតនោះទេ។
ដោយឡែកនៅលើកចុងក្រោយនេះ ថៅកែបានដកជាងម៉ាស៊ីនម្នាក់ដែលជាតំណាងសហជីពស្មារតីកម្មករផង ចេញពីការងារដោយគ្មានមូលហេតុទៀត ចំណែកស្ត្រីម្នាក់ឈ្មោះ កែវ ដែលជាប្រធានផ្នែកដេរ មានសម្ដីអាក្រក់ហួសហេតុ ជេរប្រមាថកម្មករសុទ្ធតែ «មីកញ្ជើរធ្លុះ» និងពាក្យអសុរោះផ្សេងៗ រហូតជេរប្រមាថកម្មករថែមទៀត។ ព្រោះតែខឹងចូលបន្ទប់ទឹកយូរពេក ប៉ុន្តែការដែលចូលបន្ទប់ទឹកយូរ គឺព្រោះតែបន្ទប់ទឹកប្រុសមានតែ២បន្ទប់ ដោយសារតែប្រើមិនគ្រប់ ទើបប្រុសៗចូលទៅបន្ទប់ទឹករបស់ស្រីៗវិញ បានជាធ្វើឲ្យស្ទះ និងរង់ចាំគ្នា ទើបធ្វើឲ្យយូរត្រឹម១០ ឬ១៥នាទី ហើយក៏ត្រូវស្ត្រីជាមេក្រុមមាត់ដាចជេរបញ្ចោរឥតសំចៃមាត់។ ដោយសារតែមានបញ្ហាបែបនេះ ទើបធ្វើឲ្យពួកគេទ្រាំលែងបាន ក៏បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មកតវ៉ា ដើម្បីទាមទារលក្ខខណ្ឌការងារដូចមានចែងនូវខាងលើនោះតែម្ដង។
ទាក់ទិនទៅនឹងហេតុការណ៍នោះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីតំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ «ស៊ីណីស្កាយ ហឹជន ហ្គាមេន ខេមបូឌា ខូអិលធីឌី» នោះរួមជាមួយស្ត្រីឈ្មោះ កែវ ដែលប្រធានផ្នែកដេរខាងលើបានឡើយ ហើយកម្មករពិតជាមានកំហឹងជាមួយពួកគាត់ និងអត់ទ្រាំងលែងបាន ទើបសម្រេចចិត្តនាំគ្នាប្រមូលផ្ដុំធ្វើកូដកម្មតវ៉ាបែបនេះ៕
ចែករំលែកព័តមាននេះ