ខេត្តកំពង់ចាម ៖ លំនៅរបស់ប្រជាពលរដ្ឋចាប់ពីភូមិមេម៉ាយរហូតដល់ម្តុំអាកោឆ្ងាញ់ ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ចំនួន១០៩គ្រួសារកំពុងមានការព្រួយបារម្ភ ខណៈមន្ត្រីសុរិយោដីខេត្ត មិនចុះមកធ្វើប្លង់រឹងឲ្យ តែកន្លែងផ្សេងបែរជាធ្វើប្លង់ឲ្យទៅវិញ ហាក់បីដូចជាធ្វើឡើងមិនមានតម្លាភាពទាល់តែសោះ ។
ស្ត្រីឈ្មោះ ថោង សឿន អាយុ៥៥ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ ថា ដោយសារតែជីវភាពរបស់គាត់មានការខ្វះខាត ហើយប្តីរបស់គាត់បានទៅដាំត្រកួននៅកណ្តាលបឹងចាប់តាំងពីឆ្នាំ១៩៩១បន្តរហូតមកដល់បច្ចុប្បន្ននេះ ដោយក្នុង១ថ្ងៃអាចបេះលក់ឲ្យគេបានពី១ម៉ឺនរៀលទៅ២ម៉ឺនរៀលផងដែរ ។ គាត់បន្តថា ដីដែលគាត់បានដាំនោះមានក្បាលទំហំ១០ម៉ែត្រនិងបណ្តោយវែង ហើយក៏មានអ្នកភូមិបានដឹងឮថែមទៀត តែមកដល់ជិតចុងឆ្នាំ២០១៦ បែរជាមានបុរសម្នាក់បានយកបង្គោលឈើមកបោះនៅលើដីដែលគាត់កំពុងតែដាំត្រកួននោះ មិនតែប៉ុណ្ណោះបានប៉ះពាល់ដីអ្នកផ្សេងៗទៀតសរុប៣០ម៉ែត្រ រូបគាត់មិនបានប្តឹងនោះទេ តែមានអ្នកផ្សេងបានប្តឹងទៅសាលាក្រុងកំពង់ចាម ដើម្បីសុំការអន្តរាគមន៍ ។ បន្ទាប់មកអាជ្ញាធរក្រុងបានចុះមកដកបង្គោលចេញ និងបានដកយកដីដែលត្រង់ចំណុចកណ្តាលបឹងទុកជាសម្បត្តិរបស់រដ្ឋ គឺមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ធ្វើអ្វីលើដីនោះទៀតទេ ។
ស្ត្រីរូបនោះបានបន្ថែមថា សូមឲ្យអាជ្ញាធរក្រុងមេត្តាធ្វើយ៉ាងណាឲ្យគាត់បានបង្កបង្កើនផលលើដីនោះបន្តទៀត គ្រាន់តែដាំត្រកួនលក់តែប៉ុណ្ណោះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រោះថា បើពឹងប្តីស៊ីឈ្មួលជាកម្មករគេនៅផ្សារពិតជាមិនអាចដោះស្រាយក្រពះបានទេ ។
ស្ត្រីឈ្មោះ មាន សាន អាយុ៥៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ប្រាប់ឲ្យដឹងថា ដំបូងគាត់បានធ្វើផ្ទះនៅជិតចំណីផ្លូវ លុះពេលចៅសង្កាត់បានរៀបចំធ្វើផ្លូវបានប្រាប់មកគាត់ឲ្យរុះរើផ្ទះចេញ ក្នុងពេលនោះឆ្នាំ២០០៩គាត់បានមកទិញដីគេ១កន្លែងពីឈ្មោះ សាន វ៉ានថុល ភេទប្រុស និងប្រពន្ធឈ្មោះ សុក ណារី អាយុ៣៩ឆ្នាំ មានទំហំ៦,៥០ម៉ែត្រ បណ្តោយ២០ម៉ែត្រ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានលោកមេភូមិមេម៉ាយឈ្មោះ នៅ ភោគ និងលោក ខ្ចង អូន ចៅសង្កាត់បឹងកុកបានដឹងឮថែមទៀតផង (ក្នុងលិខិតទិញលក់ដីឆ្នាំ២០០៩) ។
ស្ត្រីឈ្មោះ ឡាយ ម៉ី អាយុ៤០ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ប្រាប់ឲ្យដឹងថា ដីរបស់គាត់មានទំហំ៦ម៉ែត្រគុណ៣០ម៉ែត្រ ក្នុងពេលដែលឪពុកម្តាយនៅរស់ត្រូវបានអាជ្ញាធរចេញប្លង់រឹងឲ្យ លុះក្រោយមកពួកគាត់បានស្លាប់ចោលអស់ មកដល់ឆ្នាំ២០១៦បែរជាមិនត្រូវអាជ្ញាធរចុះវាស់ធ្វើប្លង់រឹងប្រភេទថ្មីឲ្យទៅវិញ គាត់កំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ។ គាត់ថា អ្នកភូមិរបស់គាត់ជាង១០គ្រួសារ ដែលមិនទាន់ត្រូវបានគេចុះវាស់វែងធ្វើប្លង់រឹងឲ្យកំពុងតែនាំគ្នាមានក្តីព្រួយបារម្ភយ៉ាងខ្លាំង មិនដឹងថា តើត្រូវដោះស្រាយដោយរបៀបម៉េច ហើយក៏មានអ្នកខ្លះបានបោះពាក្យថា «ដីកន្លែងពួកគាត់នៅជាដីបាតបឹងទៅវិញ» ហេតុដូច្នេះហើយបានជាគេមិនព្រមធ្វើប្លង់ឲ្យនោះ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាស្នើសុំទទូចដល់អាជ្ញាធរក្រុងកំពង់ចាមមេត្តាសូមធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅលើដីលំនៅឋានសព្វថ្ងៃទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់(ប្លង់រឹង )ផង ព្រោះថា បើមានការខ្វះខាតជីវភាពគ្រួសារចង់ទៅខ្ចីលុយពីធនាគារមករកស៊ី គេត្រូវការប្លង់ផ្ទះទើបអនុញ្ញាតឲ្យខ្ចី ។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តបានចុះហត្ថលេខារួចរាល់ហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ដោយបានកំណត់ដីបឹងកុកច្បាស់លាស់ និងមិនឲ្យមានការរំលោភបំពានយកដីបឹងនោះទេ ។ លោកថា ផ្ទះរបស់ប្រជាពលរដ្ឋចាប់ពីភូមិមេម៉ាយរហូតដល់ម្តុំអាកោឆ្ងាញ់ មានចំនួន១០៩គ្រួសារ ស្ថិតក្នុងសង្កាត់បឹងកុក មិនទាន់ត្រូវបានចុះវាស់វែងធ្វើប្លង់ជូននោះទេ ដោយសារតែផ្ទៃទឹកបឹងមិនទាន់ស្រកបានល្អ ហើយដោយមានការណែនាំពីលោកអភិបាលខេត្ត គឺក្នុងដើមសប្តាហ៍ទី១ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងមន្ត្រីសុរិយោដីខេត្តដែលបានចុះទៅវាស់វែងនៅស្រុកកងមាសនឹងត្រូវដកត្រឡប់មកធ្វើប្លង់ជូនពលរដ្ឋទាំង១០៩គ្រួសារ ដើម្បីឲ្យទទួលបានប្លង់រឹងគ្រប់ៗគ្នាស្របច្បាប់ ដូច្នេះសូមកុំឲ្យពួកគាត់មានក្តីកង្វល់អី ហើយដីនៅកណ្តាលបឹងវិញមិនអាចមានអ្នកណាម្នាក់មកយកធ្វើជាកម្មសិទ្ធិបាននោះទេ ៕
ចែករំលែកព័តមាននេះ