ភ្លៀងវង្វេងរដូវ បង្កមហន្តរាយសាជាថ្មី ជន់លិចនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម
ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ជាច្រើនកន្លែងនិងខូចខាតផលស្រូវរបស់ប្រជាពលរដ្ឋអស់មួយចំនួន
ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ជាច្រើនកន្លែងនិងខូចខាតផលស្រូវរបស់ប្រជាពលរដ្ឋអស់មួយចំនួន
ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ជាច្រើនកន្លែងនិងខូចខាតផលស្រូវរបស់ប្រជាពលរដ្ឋអស់មួយចំនួន តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វឡើយបន្ទាប់ពីមានភ្លៀងធ្លាក់ដូចហែកមេឃចាក់ទឹកកាលពីយប់ថ្ងៃពី១៥ធ្នូ ។ក្រោយពីកើតមានជំនន់ទឹកភ្លៀងនេះ អាជ្ញាធរឃុំ-ស្រុក បានចុះជួយអន្តរាគមន៍ផងដែរ ដោយបានជម្លៀសនិងជញ្ជូនអីវាន់ទៅកាន់ទីទួលសុវត្ថិភាព ។ ការខូចខាតនេះកើតឡើងនៅក្នុងឃុំចំនួន២នៃស្រុកភ្នំស្រួច គឺឃុំក្រាំងដីវ៉ាយ និងឃុំចំបក់ ។
ប្រភពពីមន្ត្រីសាលាស្រុកភ្នំស្រួចបានឲ្យដឹងថា ភ្លៀងបានបង្អុរធ្លាក់ចុះមកយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី១៥ ខែធ្នូ នៅទូទាំងស្រុក ក្នុងនោះឃុំចំនួន២ខាងលើបានជន់លិចខ្លាំងជាងគេ ។ ប្រភពដដែលបន្តថា ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាផ្ទះតៀមត្រូវទឹកជន់លិចចូលដល់ក្នុងផ្ទះតែម្តង លិចសម្ភាររបស់ប្រើប្រាស់ដូចជាចានឆ្នាំងជាដើម ។ ផ្លូវជាតិមួយខ្សែបានបាក់ស្រុតដោយអន្លើអស់ប្រវែងប្រហែល១០០ម៉ែត្រ ដោយសារទឹកហូរច្រោះ ។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ មន្ត្រីសាលាស្រុករួមទាំងមន្ត្រីនគរបាលមូលដ្ឋាន ក្រោមការណែនាំរបស់លោកអភិបាលខេត្ត បានចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលលិចលង់ទាំងអស់មកកាន់ទីទួលសុវត្ថិភាព ។ ក្នុងនោះ ស្រូវមួយចំនួនដែលពលរដ្ឋបានច្រូតកាត់ហើយបោកទុកនៅមុខផ្ទះ ក៏រងនូវការលិចដែរ តែមិនខូចខាតច្រើនទេ ។
លោកអនុសេនីយ៍ឯក ពៅ នឿន អធិការរងនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងដែរថា សមត្ថកិច្ចនិងអាជ្ញាធរបានប្រើត្រាក់ទ័រក្នុងការអូសចម្លងរថយន្តរបស់មន្ត្រីដែលចុះទៅអន្តរាគមន៍ឲ្យចេញពីផ្លួវដែលដាច់មានប្រវែងប្រមាណជាង១០០ម៉ែត្រ ។
លោកអធិការរងបន្តថា ភូមិដែលជន់លិចមានចំនួន៧ភូមិក្នុងឃុំក្រាំងដីវ៉ាយ និង២ភូមិក្នុងឃុំចំបក់ នៃស្រុកភ្នំស្រួច ។ ក្រោមការចង្អុលបង្ហាញពីលោក វ៉ី សំណាង អភិបាលខេត្ត ក្រុមការងារខេត្ត ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបានចុះដល់គ្រប់គោលដៅដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះ ។ទោះបីជាបែបណា នៅមិនទាន់ដឹងអំពីចំនួនតួលេខនៃការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅឡើយទេ ដោយពេលនេះក្រុមការងារកំពុងចុះស្រង់ស្ថិតិរកចំនួនពិតប្រាកដ ។
ភ្លៀង១មេធំទឹកហូរកាត់ផ្លូវជាតិលិចចូលផ្ទះពលរដ្ឋជិត២០ខ្នង
ខេត្តត្បូងឃ្មុំ ៖ ទោះបីជាខែកក្តិតទៅហើយក្តីតែដោយសារបម្រែបម្រួលអាកាសធាតុផ្លាស់ប្តូរ បានធ្វើឲ្យភ្លៀងនៅតែបង្អុរចុះយ៉ាងខ្លាំង មកលើភូមិនានាក្នុងឃុំកោងកាង ស្រុកពញាក្រែកនាយប់ថ្ងៃទី១៥ ធ្នូ ជាហេតុធ្វើឲ្យទឹកហៀរហូរតាមទីវាលដូចបឹងបួរហូតមកដល់ព្រឹកថ្ងៃទី១៦ ធ្នូ បានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំកោងកាងប្រមាណជា២០ខ្នងបានទទួលរងការលិចលង់ក្នុងនោះមានផ្ទះខ្លះបានលិចចូលស្ទើរត្រឹមភ្លៅមនុស្សចាស់ ហើយក៏មានសម្ភារមួយចំនួនរងការខូចខាតផងដែរ ។
ម្ចាស់ផ្ទះឈ្មោះ ឡាយ សំបូរ ភេទប្រុស អាយុ៤២ឆ្នាំ ប្រាប់ឲ្យដឹងថា នៅពេលរូបគាត់កំពុងតែសម្រាន្តលង់លក់ក្នុងផ្ទះនៅជាន់ក្រោមជាមួយកូនប្រពន្ធវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ ធ្នូ ស្រាប់តែទឹកភ្លៀងបានហូរចូលក្នុងផ្ទះគាត់យា៉ងខ្លាំងតែម្តងដោយមិនអាចជញ្ជូនរបស់ទ្រព្យអ្វីទាន់នោះទេបង្កឱ្យខូចខាតអស់មួយចំនួន ។
ម្ចាស់ផ្ទះរូបនេះប្រាប់បន្តថា ក្នុងពេលនោះរូបគាត់បានដាស់កូនៗឲ្យប្រញាប់់ក្រោកជាបន្ទាន់ទៅកាន់ជាន់ខាងលើ ហើយគាត់ក៏មិនបានសម្រាកនោះទេ ដោយប្រឹងរកក្តារមកដាក់នៅមុខទ្វារផ្ទះទប់ទឹកកុំឲ្យហូរបុកចូលខ្លាំងពេក ។ ការលិចនេះដោយសារតែប្រព័ន្ធលូនៅកាត់ទទឹងផ្លូវមុខផ្ទះដែលកាលពីមុនរាងតូច ហើយមកដល់ពេលនេះមានដីនៅក្នុងលូធ្វើឱ្យមាត់លូកាន់តែតូចទៅៗ លុះពេលមានភ្លៀងមកទឹកហូរមិនទាន់ជាហេតុធ្វើឲ្យទឹកចាល់ហូរកាត់ពីលើថ្នល់សំដៅមកចូលផ្ទះលិចលងតែម្តង ។ គាត់ថា គ្រាន់តែក្នុងឆ្នាំ២០១៦នេះផ្ទះគាត់បានរងការលិចលង់២លើកហើយ ដែលលើកទី១កាលពី២ខែមុនលិចតែ១ថ្ងៃទេ តែមកដល់លើកទី២លិចខ្លាំងជាងមុនទៅទៀត ។ ជាមួយនោះម្តាយដែលមានវ័យជាង៨០ឆ្នាំ ដើរមិនរួចក៏នៅសម្រាកតែលើគ្រែក្នុងផ្ទះ កំពុងជួបការលំបាកបំផុត ។
នៅឆ្នាំនេះទឹកភ្លៀងបានបង្អុរធ្លាក់មកជាច្រើនមេ ហើយផ្លូវលំក្នុងភូមិជាច្រើនខ្សែបានទទួលរងការខូចខាត សូម្បីតែស្រូវរបស់ប្រជាពលរដ្ឋក៏ត្រូវលិចទឹកផងដែរ ៕
ចែករំលែកព័តមាននេះ