ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ដើរ​លក់​ចំពាមកៅស៊ូ​ថា​គាត់​អ្នកស្រែ អត់​ដឹង​ថា​លក់​ចំពាមកៅស៊ូ​ខុស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​លោកតា​ម្នាក់​ដែល​ដើរ​លក់​ចំពាមកៅស៊ូ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​និងត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​សួរនាំ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​លោកតា​ម្នាក់​ដែល​ដើរ​លក់​ចំពាមកៅស៊ូ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​និងត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​សួរនាំ​កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ វិច្ឆិកា​នោះ បាន​ត្រូវ​ដោះ​លែង​វិញ​ហើយ​នៅ​យប់​ថ្ងៃ​ដដែល​។

លោកតា​ដែល​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ដោះ​លែង​នោះ​ឈ្មោះ នួន សា​ម៉ុ​ន អាយុ​៧០​ឆ្នាំ  មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ  មានមុខរ​បរជា​អ្នក​ដើរ​លក់​កាំបិត ពូថៅ ហើយ​បាន​យក​ចំពាមកៅស៊ូ មក​លក់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក និង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​មក​សួរនាំ​នៅ​ទីបញ្ជាការ​ស្រាល​តំបន់​A3(​វាល​ព្រះ​មេរុ​) ។ បើ​តាម​លោក នួន សា​ម៉ុ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ជិះ​កង់​ពី​ខេត្តក្រចេះ​មក​កាន់​រាជធានី​ភ្នំពេញ ក្នុង​បំណង​លក់​កាំបិត រណា ដែកឆាប​និង​ចំពាមកៅស៊ូ និង​ចូលរួម​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

លោកតា​បន្ត​ថា គាត់​ជា​អ្នកស្រែ មិនដឹង​ថា​លក់​ចំពាមកៅស៊ូ​ខុសច្បាប់ និង​ត្រូវ​សមត្ថកិច្ច​ដកហូត​នោះ​ទេ ។

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី សុង លី បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ​ថា លោកតា នួន សា​ម៉ុ​ន មាន​ចំពាមកៅស៊ូ​សរុប​៤២ ហើយ​គាត់​លក់​អស់​២០  បាន​លុយ​៦​ម៉ឺន​រៀល នៅ​សល់​២២​ទៀត ។

លោកស្នងការ​រង​បន្ត​ថា សម្ភារ​និង​ថវិកា​របស់​គាត់​បាន​ត្រូវ​ដកហូត​អំឡុង​ពេល​សួរនាំ ប៉ុន្តែ​បាន​ត្រូវ​ដោះ​លែង​និង​ប្រគល់​សម្ភារ​ទាំងអស់​ឲ្យ​គាត់​វិញ​ហើយ​កាលពី​យប់មិញ ហើយ​រូប​គាត់​(​សុង លី​) ក៍បាន​ផ្តល់​ថវិកា​៥​ម៉ឺន​រៀល បាយ​១​កញ្ចប់​និង​ទឹក​បរិ​សុ​ទ្ឋ​១​ដប​ជូន​គាត់​ពិសា​តាម​ផ្លូវ​ផង​ដែរ ៕