រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនឹងបើកសវនាការសំណុំរឿងអ្នកស្រីឡាយ ហួង និងបក្សពួក២នាក់ នៅថ្ងៃទី៣១ តុលា ខាងមុខនេះ លើករណីរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត នូវទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក តាមបណ្តឹងរបស់លោកឧកញ៉ាខូវ ផល្លាបុត្រ ដែលជាអតីតប្តីរបស់អ្នកស្រីឡាយ ហួង ។
មន្ត្រីតុលាការបញ្ជាក់ថា សវនាការនេះ ដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ ។
យោងតាមដីការបស់តុលាការកំពូលបង្ហាញថា ជនជាប់ចោទក្នុងសំណុំរឿងនេះមានបីនាក់ ទី១-ឈ្មោះឡាយ ហួង ភេទស្រី អាយុ៤៩ឆ្នាំ ទី២ឈ្មោះ-ឡាយ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣-ឈ្មោះហេង សុកជា ភេទប្រុស អាយុ៥០ឆ្នាំ ជាប់ចោទពីបទ
រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត បទសមគំនិត និងបទផ្តើមគំនិត ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១១ តាមមាត្រា២៨, ២៩, ៣៩១ និង៣៩៣ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទអ្នកស្រីឡាយ ហួង បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃ.សមណ្ឌលកែប្រែ(ម២) តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសអ្នកស្រី២០ឆ្នាំ អនុវត្តទោសក្នុងគុក ។ តែការសម្រេចរបស់តុលាការថ្នាក់ក្រោមនេះ ត្រូវបានមេធាវីការពាក្តីអ្នកស្រីបានប្តឹងឧទ្ធរណ៍ និងបន្តទៅតុលាការកំពូល។
គួររំលឹកថា អ្នកស្រីឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ពាក់ព័ន្ធការរៀបចំគម្រោងរំលោភសេពសន្ថវៈ និងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ចែករំលែកព័តមាននេះ