រាជធានីភ្នំពេញ ៖ កម្ពុជានិងវៀតណាម បានព្រមព្រៀងគ្នាដោះដូរដីតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដែលការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងពេលគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា និងវៀតណាម ជួបប្រជុំគ្នានៅទីក្រុងហូជីមិញប្រទេសវៀតណាម ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ។
កំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម ដែលក្រសួងការបរទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី
២០ ខែតុលា ឆ្នាំ២០១៦ ជាភាសាវៀតណាម តាមគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ភាគីទាំង២ កម្ពុជា-វៀតណាម បានពិភាក្សាអំពីការដោះដូរដីតាមអនុស្សរណៈយោគយល់គ្នា(MOU) នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំង២ ។ ក្រៅពីនេះ ភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកជួយក្នុងបញ្ហាបោះបង្គោលព្រំដែននេះដែរ ។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោកទេសរដ្ឋ វ៉ា គឹមហុង ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់ប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ថា តំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាម គឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាម។ លោកថ្លែងថា ដីដែលត្រូវដោះដូរនោះ ស្ថិតនៅក្នុងខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម ។
លោក វ៉ា គឹមហុង ពន្យល់ថា ការដោះដូរដីតាម MOU នេះ លុះត្រាដីនោះនៅក្នុងខេត្តជាប់គ្នា ប៉ុន្តែបើខេត្តនោះរកដីដូរមិនបាន ទើបមានការពិចារណារកកន្លែងផ្សេងនៅតាមតំបន់ជិតៗនោះ ។ លោកបន្តថា មូលហេតុនៃការដោះដូរនេះ ព្រោះរដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិករ ដីស្រែចម្ការរបស់ខ្លួនដែលកំពុងរស់នៅ ប៉ុន្តែជាដីដែលស្ថិតក្នុងដែនដីរបស់វៀតណាម ។
ភាគីទាំងពីរបានចុះហត្ថលេខាលើលទ្ធផលនៃកិច្ចប្រជុំ ដែលភាគីវៀតណាមដឹកនាំដោយលោក ឡេ ហ្វាយ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ ។ ឯភាគីកម្ពុជា គឺប្រធានគណៈកម្មការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក្រៅពីនេះក៏មានតំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៅជាប់ព្រំដែនប្រទេសទាំង២ចូលរួមផងដែរ ។
កំណត់ហេតុនៃកិច្ចប្រជុំបានបង្ហាញថា មកដល់ពេលនេះ ភាគីទាំង២សម្រេចបាន៨៣ភាគរយនៃការងារបែងចែកព្រំដែន និងបោះបង្គោលព្រំដែន និងបន្តអនុវត្តសន្ធិសញ្ញាទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឲ្យបានឆាប់ និងអនុវត្តសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។
ភាគីទាំង២ ឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកជួយលើបញ្ហាបោះបង្គោលព្រំដែន ហើយក៏បានឯកភាពសហការសាងសង់ស្ពានថ្មីនៅតំបន់ដាក់ដាំជំនួសស្ពានចាស់ ដើម្បីជំរុញការសហការផ្លាស់ប្ដូរវប្បធម៌ សេដ្ឋកិច្ច រវាងមូលដ្ឋានទាំង២ ។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ដែលវិទ្យុផ្សាយជាខេមរភាសាដកស្រង់ប្រសាសន៍ បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរពិតជាបានឯកភាពគ្នាដូចអ្វីដែលជាការបង្ហាញរបស់ភាគីវៀតណាមមែន។ ទោះបីភាគីវៀតណាមបង្ហាញកំណត់ហេតុនេះជាសាធារណៈមែន ប៉ុន្តែលោកទេសរដ្ឋមន្ដ្រី ថ្លែងថា ជាគោលការណ៍ ភាគីកម្ពុជាមិនបង្ហាញរបាយការណ៍នេះជាសាធារណៈទេ ។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា ក្រោយពីរូបលោកចុះហត្ថលេខាលើការព្រមព្រៀងនេះហើយ លោកត្រូវបញ្ជូនទៅសម្តេចតេជោយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបន្ត ។ បើតាមលោកទេសរដ្ឋមន្ដ្រី រឿងនេះអាចនឹងត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋសភាថែមទៀតផង ។
ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលលោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការ។
គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម បានឯកភាពឲ្យក្រុមការងារពិសេសវៀតណាម-កម្ពុជា ជួបគ្នានៅដើមខែវិច្ឆិកា ខាងមុខ ដើម្បីកំណត់ឲ្យច្បាស់លាស់នូវដីពិតប្រាកដរបស់បង្គោលព្រំដែន ដូចជានៅខេត្តដាក់ឡាក់ មណ្ឌលគិរី តៃនិញ ស្វាយរៀងជាដើម ។ បន្ទាប់ពីកំណត់បានទីតាំងច្បាស់លាស់ហើយ នឹងប្រគល់ការងារទាំងនេះឲ្យអាជ្ញាធរព្រំដែនបោះបង្គោល ។
គូររំឭកថា ក្នុងជំនួបនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ ភាគីវៀតណាមបានយល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពកម្ពុជា ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម ។ ក្នុងកិច្ចប្រជុំលើកនោះដែរ ភាគីកម្ពុជាក៏បង្ហាញគោលជំហររឹងមាំឯករាជ្យក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមព្រំដែនកម្ពុជា-វៀតណាម ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា លោក ឡេ ហ្វាយ ជុង ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ថា វៀតណាមនឹងជូនដំណឹងត្រឡប់មកវិញ បន្ទាប់ពីការសម្រេចរបស់ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលវៀតណាម លើដំណោះស្រាយឆ្លើយតបនឹងការតវ៉ារបស់កម្ពុជា ។
ចាប់ខែតុលា ឆ្នាំ២០១១ រហូតមកដល់ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតនិងលិខិតតវ៉ាពីការរំលោភចូលទឹកដីកម្ពុជាទៅរដ្ឋាភិបាលវៀតណាម មិនតិចជាង២៣លើកឡើយ ។ បញ្ហាដែលត្រូវបានលើកមកជជែកក្នុងកិច្ចប្រជុំលើកនោះមានដូចជា ការសាងសង់ប៉ុស្តិ៍យាមរបស់វៀតណាម ក្នុងតំបន់ដែលមិនទាន់ដោះស្រាយចប់ (តំបន់ស) ការសាងសង់អគារ ការជីកស្រះ ការធ្វើផ្លូវដែលភាគីកម្ពុជា អះអាងថា វៀតណាមបានធ្វើលើទឹកដីកម្ពុជា ការបោះបង្គោលព្រំដែន និងសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ