សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ព្រះអង្គម្ចាស់មួយអង្គក្នុងរាជវង្សអារ៉ាប៊ីសាអ៊ូឌីត ត្រូវប្រហារជីវិតពីបទបាញ់សម្លាប់មនុស្សក្នុងពេលទាស់សម្តីគ្នានៅក្រុងរីយ៉ាដកាលពី៣ឆ្នាំមុន ។
ព្រះអង្គ Turki Bin Saud Al-kabeer ត្រូវប្រហារជីវិតនៅក្រុងរីយ៉ាដ ប៉ុន្តែរដ្ឋាភិបាលមិនបង្ហើបឱ្យដឹងពីវិធីសាស្ត្រនៃការប្រហារជីវិតនោះទេ ។ តាមធម្មតាឧក្រិដ្ឋករដែលមានទោសធ្ងន់នៅអារ៉ាប៊ីសាអូឌីត ត្រូវប្រហារជីវិតដោយកាត់ក ។ ព្រះអង្គម្ចាស់ Turki ជាអ្នកទោសទី១៣៤ ត្រូវអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតប្រហារជីវិតក្នុងឆ្នាំ២០១៦នេះ ។
កាសែតក្នុងស្រុកផ្សាយថា តុលាការក្រុងរីយ៉ាដ សម្រេចប្រហារជីវិតព្រះអង្គមួយអង្គម្ចាស់នោះព្រោះបានសម្លាប់មិត្តភក្តិ ។ ការប្រហារជីវិតខ្សែរាជវង្សអារ៉ាប៊ីសាអ៊ូឌីត កម្រកើតមានណាស់ ។ ក្រសួងមហាផ្ទៃលើកឡើងថា ព្រះអង្គម្ចាស់ Turki បានសារភាពទទួលកំហុសពីបទសម្លាប់មិត្តភក្តិរបស់ខ្លួននោះ ។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់ថា «ការប្រហារជីវិតនោះជាកិច្ចការពារសន្តិសុខ និងប្រកាន់ខ្ជាប់ភាពយុត្តិធម៌ » ។
សារព័ត៌មាន«Al Arabiya »ផ្សាយថា គ្រួសាររបស់ជនរងគ្រោះដែលត្រូវព្រះអង្គម្ចាស់ Turki សម្លាប់បានបដិសេធទទួលប្រាក់សំណង ដើម្បីឱ្យចុងចោទរួចផុតពីទោសប្រហារជីវិត។ការប្រហារជីវិតខ្សែរាជវង្សដែលធ្លាប់ល្បីរន្ធឺបំផុតនៅលើពិភពលោក គឺករណីរបស់ព្រះអង្គម្ចាស់ Faisal Bin Musaid Al Saud ក្នុងរឿងក្តីលួចធ្វើឃាតប្រធានាធិបតី Faisal នៅឆ្នាំ១៩៧៥ ។
អ្នកទោសប្រហារជីវិតនៅអារ៉ាប៊ីសាអ៊ូឌីត ភាគច្រើនជាអ្នកទោសលើរឿងក្តីឃាកម្ម ឬថ្នាំញៀន ប៉ុន្តែកាលពីខែមករា ២០១៦ អ្នកទោសប្រហារជីវិតពីបទបង្កភេរវកម្មមានចំនួនជិត៥០នាក់ ក្នុងថ្ងៃតែមួយ ក្នុងនោះមានទាំងមេដឹកនាំសាសនាដ៏សំខាន់របស់មូស្ល៊ីមនិកាយ «ស៊ីអា» ផងដែរ ៕
ចែករំលែកព័តមាននេះ