ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីប្រើពេលអស់១ថ្ងៃនៅតែមិនអាចរកឃើញ សមត្ថកិច្ចនិងក្រុមគ្រួសារសាច់ញាតិក៏រៀបចំពិធីសែនអារុក្ខអារក្សអ្នកតា ស្រាប់តែប៉ុន្មាននាទីក្រោយក៏ប្រទះឃើញសពជនរងគ្រោះតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉េត ប្លច ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិព្នង មានទីលំនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានលង់ទឹកស្លាប់បាត់បង់ជីវិតបន្ទាប់ពីចុះលាងម៉ូតូហើយរបូតស្បែកជើងរួចរអិលធ្លាក់ពីលើច្រាំងទឹកជ្រោះប៊ូស្រាចុះទៅខាងក្រោមកាលពីម៉ោងជាង៣រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែតុលា បន្ទាប់ពីសមត្ថកិច្ច និងក្រុមគ្រួសាររាវរកជាច្រើនម៉ោងហើយនៅតែមិនអាចស្វែងរកសពជនរងគ្រោះឃើញ ក្រុមគ្រួសារបានរៀបចំពិធីសែនព្រេនបែបប្រពៃណីជនជាតិព្នង ស្រាប់តែប៉ុន្មាននាទីក្រោយការសែនព្រេននោះសពក៏ត្រូវបានគេប្រទះឃើញនៅក្នុងអន្លង់ថ្មស្ថិតនៅចំកណ្តាលផ្ទៃទឹកជ្រោះប៊ូស្រា ដែលកន្លងមកអន្លង់នោះក៏ធ្លាប់បានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ផងដែរ ។
ក្រោយពេលរកឃើញ ព្រមទាំងធ្វើការពិនិត្យ និងកោសល្យវិច្ច័យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ