ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សកម្មភាព​ភ្នាក់ងារទេសចរណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​សង្គ្រោះ​ភ្ញៀវ​នៅ​ក្នុង​ឧទ្យាន​អង្គរ និង​រើស​បាន​សម្ភារ​របស់​ភ្ញៀវ ប្រគល់​ជូន​វិញ រួម​ទាំង​ណែនាំ​ក្នុង​ខែសីហា

ខេត្តសៀមរាប ៖ សកម្មភាព​ភ្នាក់ងារទេសចរណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​សង្គ្រោះ​ភ្ញៀវ​នៅ​ក្នុង​ឧទ្យាន​អង្គរ និង​រើស​បាន​សម្ភារ​របស់​ភ្ញៀវ ប្រគល់​ជូន​វិញ រួម​ទាំង​ណែនាំ​ក្នុង​ខែសីហា ឆ្នាំ​២០១៦ ដែល​ភ្នាក់ងារទេសចរណ៍ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ណែនាំ​ទិស​ដៅ​ទស្សនា និង​សកម្មភាព​នានា​របស់​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​បាន ពន្យល់​ណែនាំ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​កើតឡើង​ជាយថាហេតុ​ក្នុង​ការ​ទស្សនា​នៅ​តំបន់​អង្គរ​ផង​ដែរ​។

​សកម្មភាព​ដែល​ភ្នាក់ងារទេសចរណ៍​តែងតែ​យកចិត្តទុកដាក់ និង​ជួយ​ជា​ប្រចាំ គឺ​ការ​ជួយ​សង្គ្រោះ​ភ្ញៀវ​ពេល​មាន​គ្រោះថ្នាក់ ការ​រើស​បាន​របស់របរ​ភ្ញៀវ និង​ទប់ស្កាត់​ករណី​ភ្ញៀវ​ប្រព្រឹត្តិ​មិន​សមរម្យ​នៅ​ក្នុង​ពេល​ទស្សនា​។ យោង​តាម​របាយការណ៍​សកម្មភាព​ការងារ​នៅ​ខែសីហា ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ថា ក្រុមការងារ​ជួយ​សង្គ្រោះ​ភ្ញៀវ​បាន​ចំនួន​១៥​ករណី​ដែល​រង​របួស​ដោយ​រអិល ជំពប់​ជើង បណ្តាល​ឱ្យ​ដួល គ្រេច ថ្លោះ​ដៃជើង ងងឹតមុខ ចុកពោះ ប៉ះ​ក្បាល​នឹង​ហោជាង ឬ​រោងទង និង​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​។

បញ្ហា​ទាំងនេះ​មិន​មាន​ច្រើន​ទេ​នៅ​តំបន់​អង្គរ ដែល​ពេល​ខ្លះ​កើតឡើង ដោយសារ​ភ្ញៀវ​មានការ​ធ្វេសប្រហែស​របស់​ខ្លួន មិន​គោរព​តាម​ការ​ណែនាំ ឬ​ស្លាក​សញ្ញា​ហាមឃាត់ និង​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ជាដើម​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​ភ្នាក់ងារទេសចរណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នៅ​នឹង​កន្លែង​ចំពោះ​ករណី​ស្រាល​ៗ រីឯ​ករណី​ធ្ងន់​គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សង្គ្រោះ​បឋម និង​មាន​បរិក្ខា​សង្គ្រោះ​បឋម​ជាប់​ខ្លួន​ស្រាប់​។ ដោយឡែក​ចំពោះ​ការ​រើស​បាន​របស់របរ​ភ្ញៀវ​ដែល​ភ្លេច ឬ​ជ្រុះ​នៅ​តាម​បណ្តា​ប្រាសាទ​វិញ គឺ​មាន​១៨​ករណី ក្នុង​នោះ​រក​ឃើញ​១៥​ករណី និង​រក​មិនឃើញ​៣​ករណី​។ ឯ​ករណី​រក​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ដាក់​ពាក្យបណ្តឹង​នៅ​អង្គភាព​នគរបាល​ទេសចរណ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្ភារ​ដែល​ភ្ញៀវ​ភ្លេច និង​បាត់​ជា​ទូទៅ​មាន​ដូច​ជា ទូរស័ព្ទ​ដៃ កាបូបស្ពាយ កាបូប​លុយ ម៉ាស៊ីន​ថត កាត​អេ​ធី​អឹ​ម លិខិតឆ្លងដែន ជើង​ទម្រ​ម៉ាស៊ីន​ថត​។​ល​។ ក្នុង​ករណី​រក​ឃើញ​សម្ភារ​ហើយ​រក​ម្ចាស់​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ប្រគល់​ជូន​នគរបាល​ទេសចរណ៍​ជា​អ្នករក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​មក​ទាក់ទង​។ រាល់​សកម្មភាព​ទាំងនេះ​ទទួល​បាន​នូវ​ការ​អរគុណ និង​កោតសរសើរ​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មិន​ដាច់​ពី​មាត់ ព្រមទាំង​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​ទំនុកចិត្ត​មក​លើ​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​ផង​។

ក្រៅពី​នោះ ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​២៨​ករណី​ផង​ដែរ ដូច​ជា ការ​បង្ហោះ Drone ថតរូប​បង្ហាញ​ម៉ូត បម្រុង​ថតរូប​លើក​បដា​ជា​ភាសាបរទេស ឡើង​កន្លែង​ហាមឃាត់ និង​គ្រោះថ្នាក់ ស្លៀក​សម្លៀក​បំពាក់​ស៊ិ​ច​ស៊ី ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ថតរូប​កាយវិការ​មិន​សមរម្យ ថតរូប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ជក់បារី​ជាដើម​។

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​លើ​គ្រប់​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​តំបន់​អង្គរ ពិសេស​គឺ​សន្តិសុខ សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​សំដៅ​ធ្វើ​យ៉ាងណា​គឺ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ចង់​មក​ម្តងទៀត ជា​ពិសេស​ជួយ​យកចិត្តទុកដាក់​ពេល​ភ្ញៀវ​មាន​បញ្ហា ដែល​នេះ​ជា​សន្តាន​ចិត្ត​ដែល​ខ្មែរ​មាន​តាំងពី​ដូនតា​មក​៕