រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សាន ផានិត បានសន្យាចំពោះខ្លួនឯងថានឹងមិនធ្វើឱ្យជីវិតធ្លាក់ចុះដូចមុនទៀតទេ ប្រសិនបើលោកអាចសាងភាពល្បីល្បាញឡើងវិញក្នុងពិភពសិល្បៈចម្រៀង ។
ការអះអាងរបស់លោកសាន ផានិត បន្ទាប់ពីវីដេអូបទចម្រៀងរបស់លោកមានចំណងជើងថា «ជាប់រវល់ » ចេញជាផ្លូវការ និងកំពុងទទួលបានការគាំទ្រពីទស្សនិកជន ។
លោកសាន ផានិត បង្ហាញអារម្មណ៍ចង់សាងជីវិតសាជាថ្មី បន្ទាប់ពីធ្លាក់ខ្លួនអាប់អួស្ទើរហៅមិនឮរហូតដល់ញៀនថ្នាំ បន្ទាប់ពីលោកបាត់បង់ការគាំទ្រក្នុងពិភពសិល្បៈចម្រៀងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
តាមរយៈសំណេរបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក តារាចម្រៀងលោកសាន ផានិត បញ្ជាក់ថា «ទីក្រុងដ៏ឆើតឆាយអើយបើសិនជាខ្ញុំអាចមានឈ្មោះបោះសំឡេងឡើងវិញ សម្រស់របស់អ្នកមិនអាចទាក់ទាញខ្ញុំឱ្យដើរចូលទៅក្នុងកន្លែងផឹកស៊ី ស្រីញី បនល្បែង ហឺុហាដូចមុនឡើយ ឆ្អែតឆ្អន់ឆាកជីវិតហើយ លាហើយមិត្តចាស់មិនល្អ និងអតីតកាលដ៏ខ្មៅងងឹត ជាកំហុសរបស់ខ្ញុំកន្លងមក» ។
តាមរយៈសំណេរនោះលោកសាន ផានិត ហាក់បង្ហាញអារម្មណ៍មិនពេញចិត្តអតីតកាលជីវិតដ៏ខ្មៅងងឹតដែលលោកធ្លាប់ឆ្លងកាត់ ដែលនៅតែជាស្រមោលខ្មៅតាមលោកគ្រប់ពេលវេលា បើទោះបីជាពេលនេះលោកកំពុងលូតលាស់ឡើងវិញក៏ដោយ ។
មុនពេលបង្ហាញវត្តមានក្នុងពិភពសិល្បៈចម្រៀងជាថ្មី ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោកសាន ផានិត ធ្លាប់អះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកថា រូបលោកពិតជាធ្លាប់ក្លាយជាជនរងគ្រោះដោយថ្នាំញៀនមែន ។ មូលហេតុគឺមកពីការសេពគប់មិត្តភក្ដិខុស ទើបធ្វើឲ្យជីវិតធ្លាក់ចុះដុនដាប រហូតដល់ដើររកអ្នកស្គាល់គ្នាសុំប្រាក់ពីគេ ដើម្បីចម្អែតក្រពះ មួយពេលៗក៏មាន ។
ដោយឡែកកាលពីអំឡុងឆ្នាំ២០០២លោកសាន ផានិត បានពើបប្រទេះព័ត៌មានដ៏អាម៉ាស់ គឺប្រភពមួយអះអាងថា រូបលោកធ្លាក់ខ្លួនរហូតជិះម៉ូតូឌុប និងញ៉ាំបាយគេមិនឲ្យលុយ ។
បន្ទាប់ពីពើបប្រទេះជីវិតដ៏អាប់អួមួយរយៈមក លោកសាន ផាន បានរៀបចំខ្លួនឡើងវិញ ហើយលោកបានរៀបមង្គលការជាថ្មីកាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ ជាមួយនារីម្នាក់ដែលមានវ័យប្រមាណជាង២០ឆ្នាំ ជាអ្នកធ្វើការនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ។
បន្ទាប់ពីចូលរោងការរួចលោកសាន ផានិត និងភរិយាបានចេញទៅសាងជីវភាពថ្មីលើទឹកដីនៃខេត្តមណ្ឌលគិរី ។ នៅទីនោះលោកបានបង្កើតមុខរបររកស៊ីក្រៅរង្វង់សិល្បៈ ។
កាលពីពេល ថ្មីៗកន្លងមកលោកសាន ផានិត បានបើកសម្ពោធហាងកម្សាន្តមួយ ដោយបោះទុនរួមគ្នាជាមួយមិត្តភក្តិក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ