គេហទំព័រផ្លូវការរបស់ប្រធានាធិបតីស្រីលង្កាលោក ម៉ាទ្រីប៉ាឡា សិរីសេនា (Maithripala Sirisena ) ត្រូវបានយុវជនអាយុ១៧ឆ្នាំម្នាក់ហែក(Hack)ចូល ។ តាមធម្មតា គ្មាននរណាម្នាក់ចូលចិត្តប្រឡងនោះទេ តែយុវជនស្រីលង្កាម្នាក់នេះបានធ្វើកំហុសជ្រុលមួយ ដោយសារតែខ្លួនចង់ពន្យារពេលនៃការប្រឡងរបស់ខ្លួន ។
បើយោងតាមបណ្តាញព័ត៌មាន BBC បានឲ្យដឹងថា គេហទំព័រផ្លូវការរបស់លោកប្រធានាធិបតី ត្រូវក្រុមហេកគ័រ (Hacker) ដែលតាំងខ្លួនឯងឈ្មោះថា យុវជនស្រីលង្កា (The Sri Lanka Youth) ហែក(Hack)ចូល ។ បើតាមសារព័ត៌មាន Daily News និយាយថា គេហទំព័រនោះត្រូវបានហែក(Hack)ចូលតាំងពីថ្ងៃសុក្រទី២៦ ខែសីហា ជាមួយសារជាភាសា Sinhalese ។ បន្ទាប់មក បានហែក(Hack)ចូលម្តងទៀតនៅថ្ងៃសៅរ៍ ទី២៧ ខែសីហាដដែល ជាមួយនឹងសារជាភាសាអង់គ្លេសថា លោកប្រធានាធិបតី ពួកយើងមិនសប្បាយចិត្តជាខ្លាំងចំពោះកាលបរិច្ឆេទនៃការប្រឡង ដោយសារពេលនោះជាពេលចូលឆ្នាំថ្មីរបស់ជនអម្បូរSihala/Hindu ហេតុដូច្នេះសូមជួយសម្រេចកាលបរិច្ឆេទជាថ្មី ។
មួយវិញទៀត ជួយថែរក្សាសន្តិសុខសុវត្ថិភាពគេហទំព័រប្រទេសស្រីលង្កាផង បើមិនអីុចឹងទេ យើងនឹងប្រឈមមុខនឹងសង្គ្រាមអុីនធើរណេត(Cyber) ជាមិនខាន ។
ប្រសិនបើលោកមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ រៀបចំការបោះឆ្នោតជ្រើសរើសប្រធាធិបតីទៅ ហើយបញ្ឈប់នាយករដ្ឋមន្ត្រីដែលធ្វើការគ្មានការទទួលខុសត្រូវ ។ តាមដានឲ្យបានកាន់តែច្រើនអំពីបញ្ហាសិស្សរៀននៅមហាវិទ្យាល័យ ពីយុវជនស្រីលង្កា ។
មកដល់ពេលនេះ គេហទំព័ររបស់លោកប្រធានាធិបតីបានបើកដំណើរការតាមធម្មតាវិញហើយ ចំណែកយុវជនអាយុ១៧ឆ្នាំរូបនេះ ត្រូវបានគេចាប់ខ្លូនថ្ងៃចន្ទទី២៩ ខែសីហា ហើយប៉ូលិសធ្វើការសាកសួរ ។ យុវជននេះអាចនឹងទទួលទោសជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០០.០០០រូពីគឺប្រហែល២.០០០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ