ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិចំនួន៣គឺភូមិត្បែង ភូមិគុម្ពោតទូក និងភូមិសង្គម ស្ថិតក្នុងឃុំគគីរសោម ស្រុកស្វាយទាប បានមកជួបជុំគ្នាសុំអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍ដោយចោទថា ក្រុមហ៊ុនវៀតណាម ជីកប្រឡាយលើកអាចម៌ដីចាក់ធ្វើថ្នល់រំលោភមកលើដីស្រែ និងចាក់ដីលុបលើស្រូវពួកគាត់ បណ្តាលឲ្យខូចខាតស្រូវ ហើយគ្មានអាជ្ញាធរណាជួយដោះស្រាយឡើយ ។
ប្រជាពលរដ្ឋដែលស្វែងរកបទអន្តរាគមន៍ពីសម្តេចតេជោនេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ សីហា នៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ។ អ្នកស្រី ឃួន មុនីល័ក្ខ អាយុ៣៣ឆ្នាំ នៅភូមិសង្គម ឃុំគគីរសោម បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាមយកគ្រឿងចក្រមកជីកប្រឡាយ បង្ហូរទឹក និងចាក់ដីធ្វើថ្នល់ដឹកអំពៅ បង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ ៖
ទី១ គឺការជីកប្រឡាយបានប៉ះពាល់ដីស្រែរបស់ពួកគាត់ ដោយក្រុមហ៊ុនយកអាចម៌ដីចាក់លុបលើស្រូវពង្រោះរបស់ពួកគាត់អស់ផ្ទៃដីសរុប ទទឹង៩ម៉ែត្រ បណ្តោយជាង៤ ០០០ ម៉ែត្រ(បួនពាន់ម៉ែត្រ)
ទី២-ខូចស្រូវប្រជាពលរដ្ឋរាប់ពាន់ហិកតា ដោយសាររីងគោកទឹកក្នុងស្រែ មូលហេតុទឹកបានហូរចេញពីស្រែចូលប្រឡាយដែលក្រុមហ៊ុនវៀតណាមជីកបង្ហូរទឹកទៅប្រទេសវៀតណាមអស់ ។
ទី៣-ការជីកប្រឡាយកាត់ផ្លូវគោក្របី និងផ្លូវប្រជាពលរដ្ឋទៅធ្វើស្រែ ដោយមិនដាក់លូ ត្រូវធ្វើផ្លូវឲ្យប្រជាពលរដ្ឋវិញ ។ បើតាមស្ត្រីម្នាក់ឈ្មោះ សាន ចន្ថា អាយុ៣៣ឆ្នាំនៅភូមិគម្ពោតទូក ឃុំគគីរសោម តំណាងឲ្យប្រជាពលរដ្ឋ៣ភូមិខាងលើ បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមេត្តាជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនសងសំណង ៖
១-លើការខូចខាតស្រូវពង្រោះ
២-សងសំណងថ្លៃដីស្រែ ដែលក្រុមហ៊ុនចាក់ដីរំលោភយកតាមតម្លៃទីផ្សារ ។
៣-ធ្វើទ្វារទឹក បិទទឹកទុកក្នុងប្រឡាយសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីកុំឲ្យទឹកហូរចេញពីស្រែគោកទឹកងាប់ស្រូវ ។
៤-ដាក់លូ កាត់ប្រឡាយតាមផ្លូវចាស់ (៥០០ម៉ែត្រដាក់លូមួយ) ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ទៅធ្វើស្រែ និងយកគោក្របីទៅឃ្វាល។
បើតាមមន្ត្រីមូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា មូលហេតុក្រុមហ៊ុនវៀតណាមជីកប្រឡាយនេះ គឺដើម្បីបង្ហូរទឹកចេញពីចម្ការអំពៅ និងចាក់ដីធ្វើថ្នល់ដឹកកសិផលអំពៅទៅប្រទេសវៀតណាម ។
ប្រភពដដែលបន្តទៀតថា ក្រុមហ៊ុនលោក កុយ សារ៉េន មុខងារជាស្មៀនឃុំពពែត បានដើរជួលដីពីប្រជាពលរដ្ឋក្នុងឃុំគគីរសោម ឃុំព្រៃតាអី និងឃុំមនោរម្យ ស្រុកស្វាយទាប បានរាប់ពាន់ហិកតា ដោយក្នុង១ហិកតាតម្លៃ២០០ដុល្លារ ហើយបានយកដីទាំងនោះទៅជួលបន្តឲ្យទៅក្រុមហ៊ុនវៀតណាមក្នុង១ហិតា ៥០០ដុល្លារក្នុងមួយឆ្នាំ ដោយកុងត្រារយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ។
ចំពោះការជីកប្រឡាយនេះ គឺជីកចាប់ពីភូមិព្រៃតាអី ឃុំព្រៃតាអី កាត់តាមភូមិត្បែង ភូមិសង្គម និងភូមិគម្ពោតទូក ប្រវែង៧គីឡូម៉ែត្រដល់ព្រំដែនកម្ពុជា- វៀតណាម ចំណុចបង្គោលសីមា ព្រំដែនលេខ១៥៤ ។
ពាក់ព័ន្ធករណីជីកប្រឡាយនេះ លោក កុង សារ៉េត ប្រធានក្រុមហ៊ុន បានអះអាងថា លោកបានសុំទៅអាជ្ញាធរឃុំ ស្រុក និងបានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែរ សុំស្តារប្រឡាយចាស់ ប្រជាពលរដ្ឋក៏បានយល់ព្រម ហើយ គោលបំណងជីកប្រឡាយ ៖
១-យកទឹកសម្រាប់ឲ្យប្រជាកសិករប្រើប្រាស់បូមទឹកដាក់ស្រូវពេលមានភាពរាំងស្ងួត និងបង្ហូរទឹកចេញពីចម្ការអំពៅ ពេលមានទឹកជំនន់ ។
២-ធ្វើផ្លូវថ្នល់ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ។
ចំពោះផលប៉ះពាល់ ហូរទឹកចេញពីស្រែចូលប្រឡាយ ក្រុមហ៊ុនបានឲ្យទប់ទឹកប្រឡាយនោះហើយ ។
ផលប៉ះពាល់ការចាក់ដីលើស្រូវពង្រោះរបស់ប្រជាពលរដ្ឋនោះ លោកបានចេញសំណងថ្លៃស្រូវពូជ តាមគ្រួសារប៉ះពាល់ ខ្លះ៥សែនរៀលខ្លះ៣សែនរៀល និងកំពុងពិនិត្យគ្រួសារដែលប៉ះពាល់បន្តទៀត ហើយចំពោះប្រជាពលរដ្ឋទាមទារថ្លៃដីក្រុមហ៊ុនមិនអាចមានលទ្ធភាពចេញសំណងបានឡើយ ។ លោក កុយ សារ៉េន បន្តទៀតថា ក្រុមហ៊ុន EASTERN RiCE FiELD DEVELOPMENT COL .TD បានវិនិយោគជួលដីប្រជាពលរដ្ឋដាំដំណាំអំពៅ ចំនួន២៣៨៣ហិកតា និងបានផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើការជាច្រើនដែរ ។
ទាក់ទិនការជីកប្រឡាយនេះដែរ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានចុះទៅពិនិត្យកាលពីថ្ងៃទី២៥ សីហា ២០១៦ បានមានប្រសាសន៍ថា ប្រឡាយនេះបើគ្មានទ្វារបិទបើកទេ គឺហូរទឹកចេញពីស្រែប្រជាពលរដ្ឋអស់អាចខូចស្រូវច្រើនហិកតាចំណែកអំពៅលិចទឹកមិនខូចទេ ៕
ចែករំលែកព័តមាននេះ