រាជធានីភ្នំពេញ ៖ មានប្រជាពលរដ្ឋប្រមាណ១០នាក់ នៅព្រឹកថ្ងៃទី១៤ សីហា ២០១៦ បាននាំគ្នាទៅហាមឃាត់សកម្មភាពអភិវឌ្ឍន៍ឈូសឆាយដីរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលមានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតហេតុឡើងទេ។
នៅក្នុងសកម្មភាពខាងលើនេះផងដែរ ប្រជាពលរដ្ឋបានលើកឡើងថា ពួកខ្លួនជាម្ចាស់ដីដែលមានក្បាលដីតូចៗជាច្រើនចម្រៀកបានទិញលក់តៗគ្នា ដោយគ្មានឯកសារបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីជំនាញសូរិយោដីឡើយ ។ ដោយឡែកលោក អ៊ូ វុធ មេធាវី តំណាងឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច បានអះអាងថា កូនក្តីរបស់លោកមានឯកសារប្លង់រឹងគ្របដណ្តប់លើទីតាំងដីដែលកំពុងអភិវឌ្ឍន៍ស្របច្បាប់ ដោយមិនមានការរំលោភបំពានលើដីប្រជាពលរដ្ឋឡើយ ។ ជាមួយគ្នានោះដែរ លោកមេធាវីដដែលបានពន្យល់បងប្អូនប្រជាពលរដ្ឋថាគ្មានសិទ្ធិក្នុងការហាមឃាត់ក្រុមហ៊ុនមិនឱ្យធ្វើការអភិវឌ្ឍន៍លើដីកម្មសិទ្ធិឯកជនឡើយ។ ដូច្នេះសូមបងប្អូនប្រមូលឯកសារភស្តុតាង ដើម្បប្តឹងប្តល់គ្នាទៅអាជ្ញាធរមូលដ្ឋានដោះស្រាយទៅតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋបានសម្តែងការអាក់អន់ចិត្តជាមួយមន្ត្រីមូលដ្ឋានថា ហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ ទើបពួកគាត់មកហាមឃាត់គ្រឿងចក្រមិនឱ្យធ្វើការឈូសឆាយលើដីដែលកំពុងមានទំនាស់ ។ ប៉ុន្តែបន្ទាប់ពីមានការសម្របសម្រួលពីលោកមេធាវី អ៊ូ វុធ បងប្អូនប្រជាពលរដ្ឋក៏យល់ព្រមនាំគ្នាដកថយ ហើយទុកឱកាសឱ្យក្រុមហ៊ុនធ្វើការឈូសឆាយអភិវឌ្ឍន៍ទៅតាមធម្មតា ហើយងាកទៅរកឯកសារប្តឹងប្តល់គ្នាតាមអាជ្ញាធរមូលដ្ឋានដោយផ្អែកលើភស្តុតាងផ្សេងៗដែលមានរៀងៗខ្លួន ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលចុះមកហាមឃាត់ក្រុមហ៊ុនផានអ៊ីម៉ិចខាងលើនេះ គឺមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ នេះបើតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ