ខេត្តព្រះសីហនុ ៖ ផ្ទះធ្នើរសង់ពីឈើប្រក់ស័ង្កសី មានដំបូល3ខ្នង ត្រូវព្រះអាគ្គីត្របាក់អស់ទាំងកណ្តាលរាត្រី ខណៈពេលដែលម្ចាស់ផ្ទះកំពុងលង់លក់ ។ ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ កក្កដា ២០១៦ នៅចំណុចក្រុមទី៥ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា លំនៅឋានដែលត្រូវព្រះអាគ្គីត្របាក់អស់នេះ គឺធ្វើពីឈើប្រក់សង្ក័សីទំហំ ៨x១២ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែ ប្រពន្ធឈ្មោះ សុខ ផាន អាយុ៥៣ឆ្នាំ ។ ក្រៅពីបំផ្លាញផ្ទះទាំងអគ្គិភ័យនោះបានបំផ្លាញទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់ផងដែរ ។ បើតាមម្ចាស់ថា ក្នុងនោះមានលុយ៦៥០.០០០រៀល, លុយដុល្លារ១០០ដុល្លារ, ស្រូវ៣៥បាវ, ខ្សែ.កប្លាទីន០២ជី, ទូកឈើ ០១,ម៉ាស៊ីនទូក (កម្លាំង៥សេះ) ០៣គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងអស់ មូលហេតុទុស្សេខ្សែភ្លើង ។ ករណីនេះ មិនបណ្តាលឲ្យស្លាប់ ឬរបួសមនុស្សឡើយ ។ ចំពោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទៅដល់ចំណុចខាងលើភ្លាមៗ តែផ្លូវតូចចង្អៀតមិនអាចចូលដល់កន្លែងកើតហេតុ ។
ចំពោះករណីខាងលើនោះ តាមលោកវ៉ាន់ ណូ មេឃុំអណ្តូងថ្មបានឱ្យដឹងថា ពេលចាប់ផ្តើមឆេះ គឺឆេះចេញពីដំបូលខាងលើ ហើយម្ចាស់ផ្ទះបានលង់លក់មិនដឹងខ្លួនឡើយ តែបានអ្នកជិតខាងឃើញស្រែកហៅម្ចាស់ផ្ចះ ទើបដឹងរត់ចុះពីលើផ្ទះមានតែខោអាវមួយចង្កេះម្នាក់ និងបណ្តើរម៉ូតូបានមួយតែប៉ុណ្ណោះ ក្រៅពីនឹងឆេះម៉ត់ ។ បើតាមការសន្ធិដ្ឋានអាចបណ្តាលមកទស្សេខ្សែភ្លើង។
ចែករំលែកព័តមាននេះ