បំបែកសំបុកឧក្រិដ្ឋជនឆ្លងដែនចិន ជាក្រុមជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍អន្តរជាតិ
រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ថ្ងៃទី៩ មិថុនា ២០១១ ប្រទេស៦ក្នុងតំបន់អាស៊ាន និងអាស៊ី បានបើកប្រតិបត្តិការខ្យល់ព្យុះរួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន គឺប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងចិន។ សម្រាប់ប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការ ប៉ូលិសសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ប៉េអឹម អាជ្ញាធរមូលដ្ឋាន និងប៉ូលិសអាំងទែរប៉ូល បានបើកប្រតិបត្តិការឆែកឆេរលំនៅឋានជនជាតិចិនដីគោក និងតៃវ៉ាន់ជាច្រើនកន្លែងដែលយ៉ាងហោចណាស់១៤កន្លែង និងឃាត់ខ្លួនមនុស្ស៥៩នាក់ ពាក់ព័ន្ធនឹងបទល្មើសចាប់ជំរិត ឆបោកអន្តរជាតិ និងបន្លំលួចប្រាក់ពីធនាគារដោយប្រើទំនាក់ទំនងតាមប្រព័ន្ធអុីនធើរណេត និងសារអេឡិចត្រូនិក ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៩ មិថុនា ២០១១ ដែលនៅក្នុងដីការបស់តុលាការបានបង្ហាញថា មានជនជាតិចិនស្នាក់នៅមិនប្រក្រតីជាប់សង្ស័យបទល្មើសចាប់ជំរិតចំនួន១៤កន្លែង ក្នុងរាជធានីភ្នំពេញ ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចូលរួមសហការឱ្យមានប្រសិទ្ធភាព ។ ជាក់ស្តែង សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរលំនៅឋាន២កន្លែង គឺផ្ទះលេខ២៥៦ និង១១៧ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្ស៣០នាក់ គឺជនជាតិចិន២៥នាក់ ក្នុងនោះប្រុស២១នាក់ ស្រី៤នាក់ និងជនជាតិខ្មែរ៥នាក់ ជាសន្តិសុខការពារផ្ទះ និងការពារពួកចិន ក្នុងនោះមានស្រីចុងភៅម្នាក់ ។ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីម៉ាកឡុក២ដើម និងសម្ភារផ្សេងៗមួយចំនួនទៀត ។ ខណ្ឌទួលគោកចំនួន៨កន្លែង គឺសង្កាត់បឹងកក់ទី១ ចំនួន៣កន្លែង ជាពិសេសផ្ទះលេខ៤៤ ផ្លូវលេខ៦០៨ ឃាត់ខ្លួនមនុស្ស២៣នាក់ ក្នុងនោះស្រី១០នាក់ ។ សង្កាត់បឹងកក់ទី២ ចំនួន៥កន្លែង ជាពិសេសក្នុងខុនដូឌីខេសល អគារលេខ២៣ បន្ទប់លេខ៧០៥ ជាន់ទី៧ តាមផ្លូវលេខ៣១៥ ឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានជនជាតិវៀតណាម១នាក់។
នៅខណ្ឌចំការមនឆែកឆេរ៤កន្លែង គឺក្នុងសង្កាត់ទួលស្វាយព្រៃទី១ ចំនួន២កន្លែង សង្កាត់ទន្លេបាសាក់១កន្លែង និងសង្កាត់អូឡាំពិក១កន្លែង ប៉ុន្តែមិនមានឃាត់ខ្លួនមនុស្សទេ ដោយសារផ្ទះទាំងនោះចាក់សោចោល រីឯមនុស្សដែលគេរំពឹងថា សុទ្ធតែជាជនជាតិចិននោះ បានគេចខ្លួនបាត់អស់ទៅហើយ។
ដោយឡែក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឯណោះវិញ សមត្ថកិច្ចប៉ូលិសដឹកនាំដោយលោកតាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ប៉ូលិសអាំងទែរប៉ូល និងប៉ូលិសសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានចុះឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនចំនួន៣៨នាក់ ក្នុងនោះស្រី៧នាក់ មានចិនដីគោក និងចិនតៃវ៉ាន់ នៅលើទីតាំង៣កន្លែងគឺក្នុងផ្ទះសំណាក់ងី ឆែ ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ១កន្លែង ហើយមួយកន្លែងទៀតនៅផ្ទះជួលក្បែរនោះ និងមួយកន្លែងទៀតនៅឆ្ងាយពីគ្នាបន្តិច។
ការចុះឆែកឆេរជាលក្ខណៈទ្រង់ទ្រាយធំនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៩ មិថុនា ២០១១ មាន៣ទីតាំងស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ គឺផ្ទះសំណាក់ងី ឆែ មួយកន្លែង ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់លេខ៤ ហើយនៅផ្ទះជួលក្បែរគ្នានោះ មួយកន្លែង និងក្នុងក្រុម២៤ ភូមិ៥ សង្កាត់លេខ៤ មួយកន្លែងទៀត ។ ជាលទ្ធផលជំហានដំបូងសមត្ថកិច្ចឆែកឆេរ២ទីតាំងនៅក្បែរគ្នា ឃាត់ខ្លួនបានជនជាតិចិន៣០នាក់ គឺក្នុងផ្ទះសំណាក់ងី ឆែ ចំនួន២៨នាក់ និងនៅផ្ទះជួលក្បែរនោះចំនួន២នាក់ ។
មកដល់វេលាម៉ោង១២និង១៥នាទីថ្ងៃដដែល សមត្ថកិច្ចបានបន្តឆែកឆេរមួយកន្លែងទៀតគឺជាកន្លែងទី៣ ស្ថិតក្នុងក្រុម២៤ ភូមិ៥ សង្កាត់លេខ៤ ឃាត់ខ្លួនជនជាតិចិនចំនួន៨
នាក់ ។ ជាបន្តមកទៀត សមត្ថកិច្ចចម្រុះដដែលបានចូលធ្វើការឆែកឆេរក្នុងសណ្ឋាគារគ្រីស្តាល់ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ កាលពីវេលាម៉ោង៣និង៥០នាទី ឃាត់ខ្លួនជនជាតិចិនដីគោក និងតៃវ៉ាន់២០នាក់ ក្នុងនោះមានស្រី៤នាក់ ។ តាមប្រភពព័ត៌មានថា មុនពេលសមត្ថកិច្ចមកដល់សណ្ឋាគារនេះគឺមានជនជាតិចិន២៥នាក់ បាននាំគ្នាជិះរថយន្តក្រុងចាកចេញផុតបាត់ទៅហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ជិតដល់កន្លែងជញ្ជីងថ្លឹងរថយន្តទី២ ស្ថិតក្នុងស្រុកកំពង់សិលា នាវាលាម៉ោង៤និង៣០នាទីថ្ងៃដដែល។
ចំណែកខេត្តស្វាយរៀងក៏មិនធម្មតាដែរ គឺ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ប្រាជ្ញ រឹម ស្នងការប៉ូលិសខេត្ត សហការជាមួយមន្ត្រីតុលាការ ប៉េអឹម ប៉ូលិសអាំងទែរប៉ូល និងប៉ូលិសសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានធ្វើការចូលឆែកឆេរកាស៊ីណូសាន់ស៊ីធី ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៩ មិថុនា ២០១១ ឃាត់ខ្លួនជនជាតិចិនដីគោក និងជនជាតិតៃវ៉ាន់ចំនួន៦៣នាក់ ក្នុងនោះស្រី១៦នាក់ ។
តាមព័ត៌មានដែលលេចឮដោយសម្ងាត់ថា ការឃាត់ខ្លួនជនជាតិចិនទ្រង់ទ្រាយធំនេះគឺធ្វើឡើងតាមបណ្តឹងរបស់ប្រទេសចិន ព្រោះក្រុមជនជាតិចិនទាំងនោះជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មឆ្លងដែន គឺជម្រិតទារប្រាក់ បន្លំលួចប្រាក់ពីធនាគារ និងប្រើកលល្បិចបោកប្រាស់ជាអន្តរជាតិតាមប្រព័ន្ធអុីនធើរណេត។ ប្រភពដដែលបានបន្តទៀតថា នៅក្នុងបន្ទប់នីមួយៗ របស់ជនជាតិចិនទាំងនោះ គឺបំពាក់ដោយប្រព័ន្ធព័ត៌មានវិទ្យា ដោយមានឡែបថបគ្រប់ៗគ្នា ដើម្បីទំនាក់ទំនងពីបន្ទប់មួយទៅបន្ទប់មួយ ឬភ្ជាប់ទៅកាន់តំបន់ផ្សេងៗ និងប្រើទូរស័ព្ទដាច់ដោយឡែក មិនប្រើទូរស័ព្ទរបស់ផ្ទះសំណាក់ទេ ។ សរុបការឃាត់ខ្លួនជនជាតិចិន និងតៃវ៉ាន់ទាំង៣ខេត្ត-រាជធានី នាពេលនេះមានចំនួន២០៥នាក់ ប៉ុន្តែគឺជាចំនួនបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះសមត្ថកិច្ចនៅធ្វើការឆែកឆេរបន្តទៀត។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃលោកគៀត ចន្ថារិទ្ធិ បានប្រាប់កោះសន្តិភាពថា ប្រតិបត្តិការនេះនឹងបន្តធ្វើជាបន្តទៀត ហើយថា ជនជាតិចិនទាំងនេះបានធ្វើសកម្មភាពចាប់ជម្រិត ឬឆបោកដោយប្រើប្រព័ន្ធអុីនធើរណេត និងសារអេឡិចត្រូនិក៕
ចែករំលែកព័តមាននេះ