ការប្រកួតជើងឯកអៀវប្រពន្ធពិភពលោកឆ្នាំ ២០១៦ ប្រារព្ធធ្វើឡើងនៅទីក្រុង Sonkajaervi ប្រទេសហ្វាំងឡង់កាលពីពេល ថ្មីៗ កន្លងមកបានទាក់ទាញមហាជនរាប់រយនាក់ចូលរួមទស្សនាខណៈឆ្នាំនេះមានគូស្វាមី ភរិយាចូលរួមប្រកួតច្រើនបង្កឱ្យបរិយាកាសកាន់តែសប្បាយខ្លាំងឡើង ។
លក្ខខណ្ឌក្នុងកម្មវិធីប្រកួតអៀវប្រពន្ធពិភពលោកឆ្នាំ២០១៦ គឺប្ដីអាចអៀវ ឬលីប្រពន្ធលើស្មាដោយដាក់ដាំក្បាលទៅក្រោយ ហើយតម្រូវឱ្យឆ្លងកាត់ផ្លូវចម្ងាយ២៥០ម៉ែត្រ ដោយមានផ្លូវស្ងួតឧបសគ្គពីរលើក និងផ្លូវទឹក១លើក ។ ចំណែកនារីត្រូវពាក់មួកសុវត្ថិភាពការពារក្បាលដើម្បីចៀសវាងការធ្លាក់រងរបួស។ នារីត្រូវមានទម្ងន់យ៉ាងតិច៤៩គីឡូក្រាម បើសិនជាងរកឃើញថាមានទម្ងន់ស្រាលជាងនេះ គឺត្រូវស្ពាយរបស់របរដើម្បីឱ្យគ្រប់ទម្ងន់ដែលកម្មវិធីចង់បាន ។
មានគូស្វាមីភរិយាពីរុស្ស៊ី សហរដ្ឋអាមេរិក និងជប៉ុនចូលរួមយ៉ាងច្រើនក្នុងការប្រកួតនេះ។ លើសពីនេះទៅទៀតនោះ គឺសម្រាប់អ្នកមិនទាន់រៀបការអាចរកដៃគូណាម្នាក់ដែលព្រមស្ម័គ្រចិត្តចូលរួមប្រកួតក្នុងកម្មវិធីបាន ។
ឆ្នាំ២០១៦ នេះម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងជើងឯកអៀវប្រពន្ធបានទៅ លោក Dimitriy Sagal និងនាង Anastasia Loginova ជាគូស្វាមី-ភរិយាពីប្រទេសរុស្ស៊ី ៕
ចែករំលែកព័តមាននេះ