ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ស្រវឹងជិះ​ម៉ូតូធ្លាក់​ប្រឡាយ​​លង់​​ទឹក​ស្លា.ប់​និង​ម្នាក់សន្លប់​ដោយ​រន្ទះបា.ញ់

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​កាល​ពី​ថ្ងៃទី១ មិថុនា ​នៅ​ឃុំ​​រកា​ពរ​ប្រាំ ​ស្រុក​​ត្បូង​ឃ្មុំ ​ខណៈ​មាន​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំងលាយ​ឡំដោយខ្យល់ព្យុះ​​ផង ក៏​មាន​រន្ទះបា.ញ់​ត្រូវ​បុរសម្នាក់​បណ្តាល​ឱ្យ​ឆេះ​​រោល​១ចំហៀងខ្លួនផ្នែកខាងឆ្វេង តែ​សំណាង​ល្អ​មិន​ស្លា.ប់​ដោយគ្រាន់តែសន្លប់ និងងាប់ក្របី​ចំនួន​២​​ក្បាល​ភ្លាមៗ។ ​ដោយ​ឡែក​​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​​ដែរ

ខេត្តកំពង់ចាម ៖ ​កាល​ពី​ថ្ងៃទី១ មិថុនា ​នៅ​ឃុំ​​រកា​ពរ​ប្រាំ ​ស្រុក​​ត្បូង​ឃ្មុំ ​ខណៈ​មាន​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំងលាយ​ឡំដោយខ្យល់ព្យុះ​​ផង ក៏​មាន​រន្ទះបាញ់​ត្រូវ​បុរសម្នាក់​បណ្តាល​ឱ្យ​ឆេះ​​រោល​១ចំហៀងខ្លួនផ្នែកខាងឆ្វេង តែ​សំណាង​ល្អ​មិន​ស្លាប់​ដោយគ្រាន់តែសន្លប់ និងងាប់ក្របី​ចំនួន​២​​ក្បាល​ភ្លាមៗ។ ​ដោយ​ឡែក​​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​​ដែរ ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ លោកគ្រូ​បង្រៀនម្នាក់​អាយុ៥៧ឆ្នាំ ដែល​​គេ​អះ​អាង​ថា ផឹកស្រាស្រវឹង​បាន​ជិះម៉ូតូ​ធ្លាក់​ប្រឡាយលង់​ទឹក​ស្លាប់នៅ​ឃុំជីគរ ស្រុក​ត្បូង​ឃ្មុំ​នេះដែរ ដោយ​ពុំមាន​នរណាម្នាក់ដឹងភ្លាមៗទេ ។

លោកអនុ​សេនីយ៍ឯក ឡុង សារិន អធិការ​រង​នគរ​បាល​ស្រុក​ត្បូងឃ្មុំ ទទួលផែនព្រហ្ម​ទណ្ឌ​បានឲ្យដឹងថា ​នៅវេលា​ម៉ោង​ប្រមាណ​​៨​ព្រឹក​ថ្ងៃ​ទី១ មិថុនា ​នោះ លោកគ្រូបង្រៀន​ម្នាក់​ឈ្មោះ​ជុន អ៊ាងសាន្ត រស់នៅភូមិជាងសារ ឃុំជីគរ បាន​ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា​ចេញពីផ្ទះ​ទៅ​ចូល​រួម​ក្នុងកម្មវិធីមិទ្ទិញ​នៅក្នុងបរិវេណ​វត្តរកាឃ្នួច ក្នុងទិវាបុណ្យ​កុមារអន្តរជាតិ ។ លុះនៅ​ម៉ោង​ប្រហែល​១១​ព្រឹក លោកគ្រូបង្រៀនរូបនេះបាន​ទៅផឹកស្រា​ជា​មួយមិត្តភក្តិឈ្មោះ​សួន សុង ភេទ​ប្រុស ​ដែលមានផ្ទះ​នៅ​ម្តុំខាងក្រោយវត្ត​អស់​ចំនួន​១​លីត្រ​កន្លះ រួចហើយក៏ជិះម៉ូតូចេញ​មក​វិញ។ រហូតមក​ដល់វេលាម៉ោង៤និង៣០នាទី​រសៀល​ថ្ងៃដដែល ខណៈក្មេងប្រុសម្នាក់​ដើរ​ដេញ​ហ្វូងទា​នៅតាម​វាល​ស្រែ ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ​ផ្នែក​ខាង​ក្រោយ​ផុសចេញពី​ក្នុងទឹកប្រឡាយ​មួយ​កន្លែង​ដែលមានចម្ងាយ​ប្រហែលជា៣គីឡូ​ម៉ែត្រ​ពីផ្ទះ​លោក​សួន សុង ក៏​​រត់មកហៅបុរស​ម្នាក់​​ឈ្មោះ​​សុក សុង ឲ្យមក​មើល​និងចុះរាវ ​និង​បាន​​ប្រទះ​ឃើញ​សពលោក​គ្រូ​បង្រៀនរូបនេះ​ទើប​​លើក​មកដាក់លើគោក ។

ដោយឡែក​នៅវេលាម៉ោង៦និង៣០​នាទី​ល្ងាច ​នៅ​ភូមិព្រះអង្គ ឃុំរកាពរប្រាំ ​មាន​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​ ព្រម​ទាំង​មានផ្លេក​បន្ទោរ​ខ្វាត់​ខ្វែង​នៅលើអាកាស​ផង ហើយ​ដោយសារ​តែ​ខ្លាច​​មានបាតុភាពរន្ទះបាញ់ បុរស​ឈ្មោះអ៊ិត ហ៊ាង អាយុ២២ឆ្នាំ បាន​ដក​ខ្សែអង់​តែន​ទូរទស្សន៍​​ចេញនិងបិទទូរស័ព្ទដៃទៀតផង រួច​ទើប​មក​ប្រះ​ខ្លួនដេកនៅក្បែរមាត់ច្រក​ទ្វារចូល ។ ខណៈ​​នោះ​ដែរ ស្រាប់តែរន្ទះបាន​បាញ់​លាន់ឮ​​យ៉ាង​ខ្លាំងស្ទើរបែក​ក្រដាស​ត្រចៀក បណ្តាល​ឲ្យ​បែកសសរ​កន្លោង​ផ្ទះ និងសសរខាងមុខ​ហើយ​ដោយ​សារ​​រន្ទះ​​នេះ​ដែរ ធ្វើឲ្យបុរស​​ឈ្មោះ​អ៊ិត ហ៊ាង សន្លប់និងរលាកមួយ​ចំហៀង​ខ្លួន​ផ្នែក​ខាង​ឆ្វេង ព្រម​ទាំង​មានឈាម​ហូរ​ចេញតាម​ច្រមុះ​ទៀតផង។

លោកអធិការរង​នគរ​បាលស្រុកត្បូងឃ្មុំ បាន​បញ្ជាក់ថា អ្នករងគ្រោះ​​ដោយ​សារ​រន្ទះ​បាញ់​នេះមិនត្រូវបានក្រុមគ្រួសារ​បញ្ជូនមក​កាន់​មន្ទីរ​ពេទ្យទេ ព្រោះតែមិន​មានសភាព​ធ្ងន់ធ្ងរ​ និង​បាន​ហៅគ្រូពេទ្យមកព្យា​បាលនៅផ្ទះរបស់ខ្លួន។ តាម​ការ​សង្កេត គ្រោះ​ធម្ម​ជាតិរន្ទះបាញ់​នៅ​ដើម​​រដូវ​វស្សា​ឆ្នាំ​២០១១ នេះ មានសភាព​សាហាវ​​ គួរ​ឱ្យ​កត់​​សម្គាល់​ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ជាបន្ត​បន្ទាប់ទាំងនៅតំបន់ត្រើយខាងកើត និង​ត្រើយ​ខាង​លិចទន្លេមេគង្គ ៕