ខេត្តកំពង់ធំ ៖ ស្ពានបេតុងប្រវែង១៦ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលតភ្ជាប់ពីភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ ទៅឃុំតាំងក្រសាំង ក្នុងស្រុកសន្ទុក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១ មិថុនា ២០១១ ក្រោមការចូលរួមពីសំណាក់លោកជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក និងលោកជំទាវ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
លោកពេជ្រ សុធា អភិបាលស្រុកបានឡើងអានរបាយការណ៍ស្ដីពីការសាងសង់ស្ពានប៉េតុងមួយនេះ ដោយក្រុមហ៊ុន BNA វិនិយោគដំណាំកៅស៊ូ ប្រចាំនៅឃុំទីពោធិ៍ ស្រុកសន្ទុក ដែលចំណាយទឹកប្រាក់អស់ចំនួន៦ម៉ឺនដុល្លារ។ លោកបានបញ្ជាក់ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្រុកសន្ទុក ព្រោះថា កន្លងមកស្ពាននៅទីនេះ គឺជាស្ពានឈើដែលចាស់ទ្រុឌទ្រោមស្ទើរតែពុំអាចធ្វើចរាចរណ៍បានឡើយ ហើយស្ពាននេះ គឺជាដង្ហើមដកយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋឃុំទីពោធិ៍ និងឃុំតាំងក្រសាំង។
ចូលរួមចំណែកក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា និងលោកនាយកក្រុមហ៊ុន BNA បានគូសបញ្ជាក់ថា ការផ្ដល់ជូននូវស្ពានមួយនេះជាការចូលរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រទេសកម្ពុជា និងកូរ៉េ ហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមេត្រីភាពយូរអង្វែងរវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ។ អ្វីដែលប្រជាជនកូរ៉េរីករាយបំផុតនោះ គឺការមើលឃើញពីតម្លៃនៃទំនាក់ទំនងនេះ ហើយក៏ជាមោទនភាពដែលកូរ៉េតែងតែផ្ដល់ជូនតាមតម្រូវការចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះលោកជា ចាន់តូ បានកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន BNA ពិសេសប្រជាជនកូរ៉េ ព្រោះថា ការផ្ដល់ស្ពានមួយគឺជាសរសៃឈាមរស់ដែលតភ្ជាប់ពីភូមិមួយទៅភូមិមួយទៀត ហើយបើក្រឡេកមើលស្ពាននេះកាលពីប៉ុន្មានឆ្នាំមុន គេពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះជាស្ពានឈើដែលចាស់ទ្រុឌទ្រោមស្ទើរតែមិនហ៊ានឆ្លង។ អ្វីដែលកើតមាននៅចំពោះមុខនេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់អ្នកឃុំទីពោធិ៍ ស្រុកសន្ទុក ហើយលោកមានជំនឿថា ក្រុមហ៊ុននឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់មួយចំនួនទៀតសម្រាប់ចូលរួមអភិវឌ្ឍន៍ក្នុងស្រុកនេះ ។
បន្ទាប់ពីកាត់ខ្សែបូសម្ពោធស្ពានថ្មីរួចមក លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េ ព្រមទាំងអ្នកអមដំណើរក៏បានចូលរួមដាំកូនឈើលើផ្ទៃដីចំនួន៦ហិកតាផងដែរ ។ មិនតែប៉ុណ្ណោះលោកក៏បានចែកអំណោយជូនដល់យាយជី តាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមនូវសារុង កំណាត់ស ប៊ិច សៀវភៅ និងថវិកាមួយចំនួន។ បន្ទាប់មកប្រតិភូក៏បានទស្សនាចម្ការកៅស៊ូរបស់ក្រុមហ៊ុន BNA ដែលវិនិយោគដំណាំកៅស៊ូលើដីសក្នុងស្រុកសន្ទុក៕
ចែករំលែកព័តមាននេះ