រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ មិថុនា ២០១១ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជាជួបសវនាការនៅវិមានរដ្ឋសភា ។ សម្តេចហេង សំរិន បានមានប្រសាសន៍ជម្រាបលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ថា សម្តេចសូមស្វាគមន៍ចំពោះលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ដែលបានឆ្លៀតឱកាសដ៏មមាញឹកដើម្បីចូលជួបសម្តែងការគួរសមជាមួយសម្តេច ខណៈដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី៤ មិថុនា ២០១១ ។
វត្តមានរបស់លោកនៅពេលនេះគឺនឹងស្វែងយល់ស៊ីជម្រៅអំពីដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។ សម្តេចមានប្រសាសន៍ទៀតថា សិទ្ធិមានច្រើនណាស់ ដោយរួមមានទាំងសិទ្ធិនយោបាយផងដែរ ផ្អែកតាមបរិបទរាជរដ្ឋាភិបាលបានរៀបចំឱ្យប្រទេសមានសន្តិភាព ស្ថិរភាព សម្បូរសប្បាយបើកឱកាសឱ្យប្រជាពលរដ្ឋទូទៅអាចអនុវត្តសិទ្ធិប្រជាធិបតេយ្យ ពង្រឹងការគោរពសិទ្ធិមនុស្សគោរពច្បាប់ ដើម្បីសម្រេចគោលដៅក្នុងការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ ។
ដោយឡែកកាលពីថ្ងៃទី១ មិថុនា ២០១១ លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី បានជួបសម្តែងការគួរសមជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងគណបក្សនយោបាយមួយចំនួន និងគ្រោងជួបជាមួយថ្នាក់ដឹកនាំដទៃទៀត ។ កាលពីថ្ងៃទី១ មិថុនា ២០១១ ផងដែរ សម្តេចក្រុមព្រះបានទទួលជួបជាមួយលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌីកាលពីវេលាម៉ោង៤និង៣០នាទីរសៀលនៅទីស្នាក់ការកណ្តាលរបស់គណបក្សនរោត្តម រណឫទ្ធិ ក្នុងរាជធានីភ្នំពេញ ។ សម្តេចក្រុមព្រះបានរំឭកពីប្រវត្តិនៃការបើកការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជាប្រព្រឹត្តទៅក្នុងអាណត្តិទី១ ដែលពេលនោះព្រះអង្គជានាយករដ្ឋមន្ត្រីទី១ ហើយនោះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះអង្គក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕
ចែករំលែកព័តមាននេះ