រាជធានីភ្នំពេញ ៖ ជាច្រើនឆ្នាំកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋជាង៥០០គ្រួសារនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរស់នៅទាំងចិត្តនិងអារម្មណ៍មិនស្ងប់និងបានផ្ទុះការតវ៉ាជាច្រើនលើកច្រើនសាប្រឆាំងនឹងអាជ្ញាធរសង្កាត់-ខណ្ឌ រហូតដល់សាលារាជធានី ភ្នំពេញ ដោយសារតម្រូវឱ្យពួកគាត់ចាកចេញរកទីតាំងថ្មី និងមិនចេញប័ណ្ណកម្មសិទ្ធិដីតំបន់នោះ ជូនដល់ពួកគាត់ឡើយ ប្រយោជន៍គឺដើម្បីការអភិវឌ្ឍអាកាសយានដ្ឋានឱ្យមានសោភ័ណភាព សុវត្ថិភាព និងសន្តិសុខល្អ ។
ប៉ុន្តែប្រជាពលរដ្ឋទាំងនោះមិនបានចាកចេញពីតំបន់ខាងលើទៅណាឡើយ ដោយពួកគាត់បានក្រាញននៀលបន្តការរស់នៅតទៅទៀត ។ លុះមកដល់ពេលនេះ ពួកគាត់បានទទួលការសន្តោសប្រណីពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានចេញ សជណ សម្រេចរក្សាទុកចុងផ្លូវរត់ទាំងសងខាង (ទិស០៥និងទិស២៣) និង តំបន់សន្តិសុខជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដោយពិនិត្យកែសម្រួលកម្ពស់សំណង់អគារ ឬផ្ទះសម្បែងដែលមានស្រាប់ ។ ជាមួយនេះ កំណត់កម្ពស់សំណង់អគារ ឬផ្ទះសម្បែងដែលសុំការអនុញ្ញាតសង់ថ្មី ដោយគោរពនិងអនុលោមតាមសេចក្ដីកំណត់ស្ដីពីការគ្រប់គ្រងកម្ពស់ឧបសគ្គនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងមិនអាចពង្រីកអ្វីចេញក្រៅបាន ត្រូវរក្សាស្ថានភាពដដែល ។
ដោយឡែក នៅព្រឹកថ្ងៃទី២១ ខែមិថុនា នៅសាលាខណ្ឌពោធិ៍សែនជ័យ មានបើកកិច្ចប្រជុំមួយផ្សព្វផ្សាយ សជណ របស់រាជរដ្ឋាភិបាលលេខ៦០២ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរក្សាទុកចុងផ្លូវរត់ទាំងសងខាង (ទិស០៥និងទិស២៣) និងតំបន់សន្តិសុខជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញបងប្អូនប្រជាពលរដ្ឋចំនួនជាង៥០០គ្រួសារដែលជាអ្នកមានទីលំនៅជុំវិញតំបន់សុវត្ថិភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចូលរួមផងដែរ ។
មន្ត្រីមួយរូបបានឱ្យដឹងថា នៅជុំវិញតំបន់សុវត្ថិភាពអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ មានភូមិចំនួន៥ដែលមានប្រជាពលរដ្ឋ រស់នៅជាង៥០០គ្រួសារ ក្នុងនោះមានភូមិថ្មគោល ភូមិគោកចំបក់ ភូមិព្រៃជីសាក់ ដែលភូមិទាំង៣នេះស្ថិតនៅក្នុងសង្កាត់ចោមចៅ ភូមិត្រពាំងល្វា និងភូមិភូមិតាងួន ដែលភូមិទាំង២នេះស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ការជ្រួលច្របល់និងការតវ៉ាបានចាប់ផ្ដើម កើតមាននៅក្នុងអំឡុងឆ្នាំ២០០៥ បន្ទាប់ពីមានលិខិតជូនដំណឹងមួយរបស់ក្រសួងមហាផ្ទៃ ឱ្យប្រជាពលរដ្ឋទាំងអស់រុះរើលំនៅឋានចេញពីតំបន់នោះ ហើយលិខិតមិនមែនចេញដោយក្រសួងមហាផ្ទៃតែមួយនោះទេ គឺសាលារាជធានីភ្នំពេញ និងសាលាខណ្ឌពោធិ៍សែនជ័យ ក៏បានចេញលិខិតឱ្យរុះរើដែរ ។ ប្រភពដដែលបន្តថា ការចេញលិខិតឲ្យរុះរើជាបន្តបន្ទាប់នោះ គឺដើម្បីពង្រីកអាកាសយានដ្ឋាន ជាពិសេសដើម្បីសន្តិសុខតែម្ដង ។ ខណៈនោះបងប្អូនប្រជាពលរដ្ឋ ាននាំគ្នាធ្វើការតវ៉ានៅសាលាសង្កាត់ចោមចៅ និងសាលាខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសាលារាជធានីភ្នំពេញ រហូតដល់ក្រសួងមហាផ្ទៃថែមទៀតផង ប៉ុន្តែមិនមានដំណោះស្រាយ ហើយពួកគាត់ដាច់ខាតមិនព្រមចេញទៅណាឡើយ ។
មិនតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធនានាមិនបានចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ទេ តែក៏មិនបានចុះអនុវត្តការរុះរើអ្វីដែរ និងបានបន្តរ៉ាំរ៉ៃរហូតមកដល់ពេលនេះ ទើបរាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់នោះឱ្យស្ថិតនៅដដែល ឯការចង់អភិវឌ្ឍន៍ឬបែបណានោះ គឺធ្វើតែនៅក្នុងបរិវេណព្រលាននោះបានហើយ ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលចង់សាងសង់កែលម្អលំនៅឋាន ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលជាមុនសិន ដើម្បីពិនិត្យពីបទដ្ឋានបច្ចេកទេស ជាពិសេសកម្ពស់ឧបសគ្គនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕
ចែករំលែកព័តមាននេះ