រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍បញ្ជាក់ ថា លោកបានសុំ៣ចំណុចទៅតុលាការយុត្តិធម៌ឡាអេ ទី១-សុំឱ្យថៃដកកងកម្លាំងរបស់ខ្លួននៅតំបន់ប្រាសាទព្រះវិហារដូចនៅក្នុងផែនទីឧបសម្ព័ន្ធ១ ។ យោងតាមផែនការឧបសម្ព័ន្ធ១ នេះគេកំណត់ថា ទឹកដីជុំវិញប្រាសាទជាទឹកដីរបស់កម្ពុជា អត់មាន៤,៦គីឡូម៉ែត្រការ៉េរបស់ថៃទេ អត់មានទេ ។ ទី២-សុំតុលាការហាមផ្តាច់កុំឱ្យមានសកម្មភាពយោធារបស់ថៃនៅតំបន់ប្រាសាទព្រះវិហារ ។ ទី៣-សូមឱ្យថៃបញ្ឈប់នូវរាល់អំពើ ឬសកម្មភាពណារបស់ថៃដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់កម្ពុជា ឬធ្វើឱ្យសភាពការណ៍តានតឹងថែមទៀត ។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បែបនេះនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១ នៅក្នុងបន្ទប់រង់ចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានមួយពេលលោកត្រឡប់មកពីតុលាការអន្តរជាតិឡាអេ ដើម្បីឱ្យតុលាការនេះជំនុំជម្រះស្តីពីការរំលោភរបស់ថៃមកលើសាលដីកាឆ្នាំ១៩៦២ និងការឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រីបានសុំឱ្យតុលាការសម្រេចលើ៣ចំណុចនេះ ។ ឯថៃនៅពេលគេលើកវិញ លើកតែមួយទេ សុំឱ្យតុលាការកុំទទួលយកសំណូមពររបស់កម្ពុជា ។ ការសម្រេចរបស់តុលាការនៅពេលអនាគត ជាធម្មតារយៈពេលពី៤០ទៅ៤៥ថ្ងៃ តុលាការឡាអេសម្រេចយកវិធានការបន្ទាន់គឺសម្រេចលើតុលាការ ។
ទាក់ទិនការសុំរបស់ថៃ កុំឱ្យតុលាការយកសំណូមពររបស់កម្ពុជានោះលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បញ្ជាក់ថា ទី១-ថៃខ្លាច ដោយសារថៃដឹងច្បាស់ថា សាលក្រម១៩៦២ នេះ ផ្អែកលើអង្គហេតុ ។ ក្នុងអង្គហេតុនោះ គេបាននិយាយច្បាស់ថា តុលាការមុនទទួលស្គាល់យកតាមការបែងចែកទឹកដី ដែលថៃបានទាមទារម្តងនៅឆ្នាំ១៩៦២ហើយតែតុលាការបានទាត់ចោល ។ ទី២-តុលាការគេបានសន្មតថា ភាគីទាំងពីរបានយល់ស្របយកផែនទីឧបសម្ព័ន្ធ១នេះធ្វើជាព្រំដែនរបស់ខ្លួន មានន័យថា ខ្សែបន្ទាត់ព្រំដែននៅតំបន់ប្រាសាទព្រះវិហារមានច្បាស់លាស់រួចហើយ ។ ដូច្នេះថៃមិនអាចចេញផែនទីខ្លួនឯងឆ្នាំ២០០៧ជាឯកតោភាគី ដើម្បីកំណត់យក៤,៦គីឡូម៉ែត្រកូរ៉េធ្វើទឹកដីរបស់ខ្លួនទេ គឺថៃខ្លាចអ៊ីចឹងហើយបានជាថៃសំណូមពរតុលាការកុំឱ្យបកស្រាយ ។
ដើម្បីជាសក្ខីភាពនូវការបញ្ជាក់ច្បាស់អំពីការរំលោភឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានគូសបញ្ជាក់ថា កម្ពុជាត្រៀមប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោង ពិសេសនៅពេលដែលរង់ចាំតុលាការឡាអេយកអង្កេតការណ៍បន្ទាន់នោះយើងចង់ឱ្យថៃឈ្លានពានដើម្បីឱ្យសាកលលោកទាំងមូល ឱ្យតុលាការឃើញនូវធាតុពិតល្មោភសង្គ្រាមរបស់ថៃ ។
ថៃដោយគ្មានទឡ្ហីករណ៍ អ្វីនឹងបកស្រាយនៅចំពោះមុខតុលាការ នោះគេហ៊ាននិយាយឱ្យតុលាការថា ក្នុងរឿងនេះតុលាការឡាអេគ្មានសមត្ថកិច្ចទេ រឿងបញ្ហាព្រំដែនកម្ពុជា-ថៃ គេហ៊ាននិយាយដូច្នេះទៀត ។
តាមព័ត៌មានដែលស្តាប់បានពីប្រទេសថៃ កាលពីថ្ងៃទី១ ខែមិថុនា ពួកអាវលឿងថៃ បានសង្កត់លើរដ្ឋាភិបាលថៃឱ្យទាត់ចោលរាល់ការសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ។ ពួកគេបានប្រើពាក្យថា ខ្មែរកំពុងតែធ្វើការសង្កត់លើតុលាការឡាអេដើម្បីកាត់ក្តីនេះ ។ នេះគេហ៊ានមើលងាយតុលាការទៀត ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «នេះជាជំហានទី១ ក្នុងពាក្យបណ្តឹងរបស់កម្ពុជាសុំឱ្យយកវិធានការបន្ទាន់ ។ ដូច្នេះតុលាការនឹងសម្រេចជំហានទី១នេះ មិនទាន់ចូលដល់ការបកស្រាយទេ ។ ជំហានដំបូងដែលខ្ញុំនិយាយ៣ចំណុចនោះតុលាការជួនកាលអាចយកតាម៣ចំណុចហ្នឹង អាចយកចំណុចណាមួយក្នុង៣ហ្នឹង តុលាការអាចចេញសេចក្តីសម្រេចណាមួយថ្មីទៀត ។ ប៉ុន្តែយ៉ាងណាក៏មិនអាចធ្វើឱ្យយើងប៉ះពាល់ធ្ងន់ធ្ងរទេ យើងជាអ្នកស្នើ »។
តាមប្រភពព័ត៌មានពីវិទ្យុបារាំងអន្តរជាតិបានរាយការណ៍បន្ថែមថា សវនាការលើសំណុំរឿងព្រះវិហាររយៈពេលពីរថ្ងៃកន្លងមកនេះ(៣០-៣១ឧសភា)បានបញ្ចប់ហើយ ក៏ប៉ុន្តែចៅក្រមនៅមិនទាន់ចេញសេចក្តីសម្រេចនៅឡើយទេ ដោយបានស្នើសុំឲ្យគូភាគីទាំងពីរ គឺកម្ពុជា និងថៃផ្តល់ព័ត៌មានបន្ថែមមួយចំនួនទៀត។
សវនាការបានបិទបញ្ចប់នៅម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃអង្គារ ទី៣១ ឧសភា ២០១១ (ត្រូវនឹងម៉ោង១១ និង១៥នាទីយប់ម៉ោងនៅកម្ពុជា)។ មុននឹងបិទបញ្ចប់សវនាការ ចៅក្រមមួយរូបជាជនជាតិប្រេស៊ីល បានស្នើឲ្យភាគីទាំងពីរ គឺកម្ពុជា និងថៃផ្តល់នូវព័ត៌មានលម្អិតទាក់ទងនឹងជនភៀសសឹក គេចពីការប៉ះទង្គិចដោយអាវុធតាមព្រំដែន ព្រោះនៅក្នុងបណ្តឹងសុំចាត់វិធានការបន្ទាន់គូភាគីបានលើកឡើងថា ការប៉ះទង្គិចដោយអាវុធចាប់តាំងពីថ្ងៃទី២២ មេសា ២០១១ នៅតំបន់ព្រះវិហារ និងនៅកន្លែងផ្សេងទៀត តាមបណ្តោយព្រំដែន បានបណ្តាលឲ្យមានអ្នកស្លាប់ របួស និងជនភៀសសឹក។ ចៅក្រមចង់ដឹងថា តើមានប្រជាជនប៉ុន្មាននាក់ដែលត្រូវ ជម្លៀសចេញពីតំបន់ព្រំដែន? តើពួកគេបានវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្តហើយឬនៅ? តើទីលំនៅរបស់ពួកគេស្ថិតនៅកន្លែងណាពិតប្រាកដ? តើពួកគេទៅតាំងទីលំនៅនៅទីនោះតាំងពីពេល ណាមក? តើពួកគេរស់នៅប្រកបរបរអ្វី? តើនៅក្នុងតំបន់នោះមានដង់ស៊ីតេប្រជាជនប៉ុន្មាន?
គូភាគីត្រូវឆ្លើយនឹងសំណួរទាំងនេះជាលាយលក្ខណ៍អក្សរ ហើយបញ្ជូនទៅតុលាការយ៉ាងយូរបំផុតត្រឹមថ្ងៃទី៦ មិថុនា ២០១១ វេលាម៉ោង៦ល្ងាច។ យោងតាមវិធានរបស់ តុលាការគឺតុលាការនឹងបញ្ជូនចម្លើយរបស់ភាគីម្ខាងទៅឲ្យភាគីម្ខាងទៀតបានដឹង ហើយអាចមានលទ្ធភាពធ្វើអត្ថាធិប្បាយតបនឹងចម្លើយទាំងនោះបាន។ អត្ថាធិប្បាយតបនេះ (បើសិនជាមាន) ត្រូវបញ្ជូនទៅឲ្យតុលាការវិញយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៤ មិថុនា ២០១១ វេលាម៉ោង៦ល្ងាច។
លោកចៅក្រមប្រធានអង្គជំនុំជម្រះបានប្រកាសថា សេចក្តីសម្រេចស្តីពីវិធានការបន្ទាន់នឹងត្រូវធ្វើឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខតាម ដែលអាចធ្វើទៅបាន។ ការប្រកាសសេចក្តីសម្រេចនេះ នឹងត្រូវធ្វើឡើងក្នុងអង្គសវនាការជាសាធារណៈទៅតាមកាលបរិច្ឆេទដែលតុលាការនឹងកំណត់នៅពេលក្រោយ។ បើមើលទៅលើកាលបរិច្ឆេទនៃការបញ្ជូនព័ត៌មានបន្ថែម គេអាចសន្និដ្ឋានបានថា សេចក្តីសម្រេចស្តីពីវិធានការបន្ទាន់នឹងមិនអាចធ្វើឡើងមុនថ្ងៃទី១៤ មិថុនា ២០១១បានទេ៕
ចែករំលែកព័តមាននេះ