ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រឿងចក្រ៣គ្រឿងកំពុងត្រូវជនទុច្ចរិត បញ្ជូនចូលទៅជីកកាយធ្វើស្រះចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យ ស្ថិតនៅអាងភាស ក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ដែលគេសង្ស័យថា មានការឃុំឃិតពីមន្ត្រីជលផល ដែលគ្រប់គ្រងនៅតំបន់នោះផង។
សកម្មភាពនេះ ត្រូវបានបែកធ្លាយកាលពីព្រឹកថ្ងៃទី១៩ មិថុនា ពេលដែលក្រុមអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅទីតាំងប្រព្រឹត្តបទល្មើសនោះ ទើបត្រូវកម្លាំងសមត្ថកិច្ចចុះទៅបញ្ឈប់ និងហៅម្ចាស់គ្រឿងចក្រនោះ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។ ម្ចាស់គ្រឿងចក្រម្នាក់និយាយថា ខ្លួនគ្រាន់តែស៊ីឈ្នូលកាយស្រះឱ្យគេ តែម្ចាស់ស្រះខ្លះនៅភ្នំពេញ និងខ្លះជាពលរដ្ឋនៅតំបន់តែម្ដង ។
បុរសនោះបន្តថា មុនពេលចុះជីកកាយស្រះនោះ គឺបានសួរនាំម្ចាស់ដីដែរ តែម្ចាស់ដីសុទ្ធតែអះអាងថា មន្ត្រីសង្កាត់ជលផលម្នាក់ឈ្មោះយួម បានអនុញ្ញាតឱ្យពួកគេជីកកកាយស្រះនេះ ។
បើតាមការពិនិត្យជាក់ស្ដែង ស្រះដែលគ្រឿងចក្រកំពុងជីកកកាយនោះ មានទំហំតូចធំជាច្រើនកន្លែង តែស្រះខ្លះ មានទំហំធំធេង ដែលធ្វើសម្រាប់ចិញ្ចឹមត្រីក្នុងទ្រង់ទ្រាយធំតែម្ដង ។ មន្ត្រីម្នាក់បានបញ្ជាក់ថា អាងភាស ជាតំបន់ហាមឃាត់មិនអនុញ្ញាតឱ្យមានការជីកស្ដារឡើយ លើកលេងតែមានការឯកភាពពីថ្នាក់លើ ក្នុងករណីចាំបាច់ណាមួយ ។ ប៉ុន្តែសកម្មភាពឈ្មួញទុច្ចរិតនាំគ្រឿងចក្រចំនួន៣គ្រឿង ចូលទៅជីកកកាយធ្វើស្រះចិញ្ចឹមត្រីខាងលើនេះ គឺជាការបំពានច្បាប់ទាំងស្រុង ។
បើតាមព័ត៌មានតៗគ្នាថា មន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន ជាអ្នកនៅពីក្រោយនៃបទល្មើសនេះ ប៉ុន្តែពេលនេះ ត្រូវបានផ្អាកដើម្បីសួរនាំហើយ ។
ចែករំលែកព័តមាននេះ