ខេត្តកែប ៖ កុមារាកុមារីពីរនាក់បាននាំគ្នាមកហែលទឹកលេងក្នុងស្រែ ដែលនៅកណ្តាលស្រែនោះគេជីកស្រះចិញ្ចឹមត្រីផងដែរ ហើយនៅពេលហែលលេងនោះ ដោយទឹកប៉ាចហាចច្រើនមិនដឹងថា នៅកណ្តាលមានរណ្តៅជ្រៅ ក៏រអិលចុះក្នុងទឹកជ្រៅទាំងពីរនាក់ បណ្តាលឲ្យលង់ស្លាប់ដោយគ្មានអ្នកណាដឹង ខណៈពេលឪពុកម្តាយកុមារទាំងពីរ មិនបាននៅផ្ទះ ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥ មិថុនា ក្នុងអំឡុងម៉ោងប្រហែល៣រសៀល ហើយរហូតដល់ម៉ោង៥ និង៣០នាទីល្ងាចទើបរកសពឃើញ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ។
មន្ត្រីសមត្ថកិច្ចដែលចុះទៅពិនិត្យសពបានឲ្យដឹងថា កុមារាឈ្មោះឌី ម៉ាត់ទ្រី អាយុ៩ឆ្នាំ ជាសិស្ស កុមារីឈ្មោះសុន សៀវលី អាយុ៨ឆ្នាំ ជាសិស្ស កុមារទាំងពីរមានទីលំនៅក្បែរគ្នា ។ សពកុមារទាំងពីរនាក់ ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ក្រុមការងាររបស់ខេត្តដឹកនាំដោយលោកកែន សត្ថា អភិបាលខេត្ត បានទៅសួរសុខទុក្ខគ្រួសារសពកុមារទាំងពីរ ដោយនាំយកសម្ភារជាគ្រឿងឧបភោគ បរិភោគ និងប្រាក់មួយចំនួន ជួយឧបត្ថម្ភដល់គ្រួសារសពទាំងពីរជាការចូលរួមរំលែកទុក្ខផងដែរ ៕
ចែករំលែកព័តមាននេះ