រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើងទៅ មានជិត៩សែននាក់ ប៉ុន្តែអ្នកមានប័ណ្ណបើកបររថយន្តប្រើប្រាស់មានតែជាង១សែននាក់ ក្នុងនោះផុតសុពលភាពជាង៣ម៉ឺននាក់ទៀត មន្ត្រីជំនាញអំពាវនាវឲ្យរួសរាន់ទៅពន្យារឲ្យបានគ្រប់គ្នា ។
លោក មាស ចន្ថា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃអាទិត្យ ទី០៥ មិថុនា ២០១៦ នេះថា គិតពីឆ្នាំ២០០៨ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៦ នេះ អង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តល់ប័ណ្ណបើកបររថយន្តជូនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានចំនួន១៤០.៤៤១ប័ណ្ណ ក្នុងនោះ ផុតសុពលភាពចំនួន៦០.១៦០ប័ណ្ណ បានប្តូររួចចំនួន២៧.១៣៩ប័ណ្ណ និងមិនទាន់បានពន្យារមានចំនួន៣៣.០២១ប័ណ្ណ ។
ទាក់ទិនទៅនឹងការទទួល ប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON MALLរាជធានីភ្នំពេញ ដែលបានដំណើរការសាកល្បង កាលពីថ្ងៃទី០២ មិថុនា កន្លងមកនេះ លោក មាស ចន្ថា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបររាជធានីភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ទី០៤ នេះ ក្រុមការងារទទួលធ្វើបានចំនួន៦១ប័ណ្ណ គឺក្នុងមួយថ្ងៃៗមានការកើនឡើងជាបន្តបន្ទាប់ ។ លោកបានបញ្ជាក់ថា បើតាមលទ្ធភាពក្រុមការងារធ្វើបានរាប់រយក្នុងមួយថ្ងៃ ដោយហេតុថា ការធ្វើប័ណ្ណបើកបរដែលរៀបចំឡើងដោយក្រសួងសាធារណការនេះ មានលក្ខណៈទំនើប គឺបម្រើសេវារហ័សទាន់ចិត្ត ប្រើរយៈពេលតែ២០នាទីប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ នេះប្រសិនបើមានឯកសារគ្រប់គ្រាន់ តែពេលនេះប្រជាពលរដ្ឋនៅមិនទាន់ទទួលបានព័ត៌មានដែលធ្វើនៅផ្សារទំនើប AEON MALLនេះឲ្យបានស៊ីជម្រៅនោះទេ ។ ចំពោះការផ្តល់សេវាធ្វើជារៀងរាល់ថ្ងៃចាប់ពីផ្សារបើក និងបិទទៅវិញ និងទទួលសម្រាប់២៥រាជធានី-ខេត្ត ឬទូទាំងប្រទេសតែម្តង ។
សូមបញ្ជាក់ថា យោងតាមសម្រង់ស្ថិតិរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះបញ្ជីរស់នៅក្នុងរាជធានីភ្នំពេញត្រឹមឆ្នាំ២០១៥ មានចំនួន២៨២.០២៤គ្រួសារ មនុស្ស១.៤៤៧.០៨៥នាក់ ស្រី៧៦០.៧៤៤នាក់ និងអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៨៨៥.៩៦៩នាក់ ៕
ចែករំលែកព័តមាននេះ