ខេត្តកំពង់ធំ ៖ ដីព្រៃជាង១០ហិចតាត្រូវបានអាជ្ញាធរ ស្រុកប្រាសាទសំបូរ អនុញ្ញាតឲ្យឈូសឆាយដោយសំអាងថា ជាដីកសិកម្ម និងមានប័ណ្ណកម្មសិទ្ធិ ចំណែកខាងជំនាញសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរថាមិនដឹង ។
ប្រភពព័ត៌មានពីមហាជនបានឲ្យដឹងថា បញ្ហាការឈ្មួញឃុបឃិតគ្នានាំគ្នាយកគ្រឿងចក្ររុករានដីព្រៃ ខាងលើនេះ គឺស្ថិតនៅក្នុងភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ពីដំបូងថា សុំច្បាប់ពីអាជ្ញាធរស្រុកឈូសឆាយដីកសិកម្មដែលមានដំណាំស្វាយចន្ទី ហើយដីមានដុះល្បះតូចៗ និងមានដីដំបុក តែប៉ុណ្ណោះ ប្រហែលជាមានការឃុបឃិតគ្នាហើយ បានជាឈូសឆាយទាំងដីព្រៃដែលមានដើមឈើធំៗទៀតយ៉ាងដូច្នេះ ពីព្រោះតែម្ចាស់គ្រឿងចក្រ គឺជាមន្ត្រីរបស់សាលាស្រុកប្រសាទសំបូរស្រាប់ ជុំវិញបញ្ហានេះ ។
លោក តាំង អ៊ី ជាម្ចាស់គ្រឿងចក្រ និងជាមន្ត្រីរបស់សាលាស្រុកប្រាសាទសំបូរ នៅព្រឹកថ្ងៃទី០១ មិថុនា ២០១៦ ប្រាប់ថា គ្រឿងចក្ររបស់លោក១គ្រឿងត្រូវបានលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ដឹកនាំកម្លាំងចំរុះចុះទៅឃាត់ទុកកាលពីល្ងាចថ្ងៃទី៣១ ឧសភា ២០១៦ រង់ចាំត្រួតពិនិត្យមើលិខិតសិន ។
លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានប្រាប់ថា ខាងម្ចាស់គ្រឿងចក្របានសុំច្បាប់ឈូសឆាយដីនៅចំណុចភូមិ-ឃុំខាងលើពិតមែន ដោយសំអាងថា ជាដីកសិកម្មដែលក្រុមនិស្សិតវាស់វែងឲ្យ និងមានប័ណ្ណកម្មសិទ្ធិផងនោះ ទើបសាលាស្រុកអនុញ្ញាតិឲ្យឈូសឆាយទៅ ហើយក្នុងដីទំហំ១១ហិតា៦០អា នេះប្រហែលជាមានរបាំងព្រៃខ្លះៗ ហើយមើលទៅនោះ ទើបបណ្តាលឲ្យមានការភ័ណ្ឌច្រឡំដូច្នេះ ។
លោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូ ប្រាប់ថា បើតាមការពិនិត្យទៅលើប័ណ្ណកម្មសិទ្ធិនៃការឈូសឆាយខាងលើ មានប័ណ្ណពិតប្រាកដមែន ដែលចេញដោយក្រុមនិសិត្យវាស់វែងឲ្យ ហើយដីឈូសឆាយនេះ មានក្បាលប័ណ្ណពីរ ក្បាលប័ណ្ណទី១ ទំហំ៩ហិតា និងក្បាលប័ណ្ណទី២ ទំហំជា២ហិតា សរុប១១ហិតាកន្លះ ដែលកំពុងឈូសឆាយបាន ៥០% ហើយការអនុញ្ញាតិឲ្យឈូសឆាយនេះផងដែរ គឺខាងស្រុកលោកមិនបានជំរាមមកខាងជំនាញឲ្យចុះទៅពិនិត្យមើលនោះទេ ពេលនេះកំពុងតែរង់ចាំការសម្រេចពីលោកនាយផ្នែកថា ការឈូសឆាយនេះ មានលក្ខណៈប៉ះពាល់ព្រៃកម្រិតណា ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដែលបានដឹកនាំកម្លាំងចម្រុះមាន អាជ្ញាធរ ប៉ូលិស សឹករងកំពង់ធំ និងជំនាញរដ្ឋបាលព្រៃឈើផងនោះ ចុះទៅដល់កន្លែងឈូសឆាយដីនៅរសៀលថ្ងៃទី០១ មិថុនា ២០១៦ បានប្រាប់កោះសន្តិភាពថា បន្ទាប់ពីលោកបានឃើញនូវទិដ្ឋភាពជាក់ស្តែងលោកមានចម្ងល់យ៉ាងខ្លាំងថា សុទ្ធតែដីព្រៃ ហេតុអ្វីក៏គេនាំគ្នាចេញប័ណ្ណកម្មសិទ្ធិឲ្យ ហើយអាជ្ញាធរមុននឹងអនុញ្ញាតិឲ្យដាក់គ្រឿងចក្រឈូសឆាយនេះ តើលោកបានចុះទៅពិនិត្យជាក់ស្តែងទេ ក៏បានសួរខាងជំនាញថា បើដីព្រៃ គឺជាដីរបស់រដ្ឋ ហើយត្រូវបានគេចេញប័ណ្ណកម្មសិទ្ធិឲ្យជំនាន់លោក ឌិត ធន នោះ ខាងជំនាញព្រៃឈើត្រូវតែដាក់ពាក្យបណ្តឹងមកតុលាការ ដើម្បីសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិនោះចោល ដកហូតយកដីទុកនេះមកទុកជាសម្បត្តិរបស់រដ្ឋវិញ។
ចែករំលែកព័តមាននេះ