ក្រុមអ្នកតវ៉ាទាមទារឱ្យឈប់បូបខ្សាច់លុបបឹងក្នុងទីក្រុង
រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាជម្លោះដីធ្លី ព្រមទាំងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងលំនៅឋាន បណ្តាញយុវជន និងបណ្តាញព្រះសង្ឃ ប្រមាណជាង១០០នាក់ …
រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាជម្លោះដីធ្លី ព្រមទាំងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងលំនៅឋាន បណ្តាញយុវជន និងបណ្តាញព្រះសង្ឃ ប្រមាណជាង១០០នាក់ …
រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាជម្លោះដីធ្លី ព្រមទាំងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងលំនៅឋាន បណ្តាញយុវជន និងបណ្តាញព្រះសង្ឃ ប្រមាណជាង១០០នាក់ ប្រដាប់ដោយផ្ទាំងបដាតូចធំឈរត្រៀបត្រានៅមុខវិមានរដ្ឋសភា នាំគ្នាទាមទារឱ្យរាជរដា្ឋភិបាលបញ្ឈប់ការបូមខ្សាច់ចាក់លុបបឹង ដែលបឹងតូចធំទាំងឡាយកំពុងលុបនៅរាជធានីភ្នំពេញ ។
យោងតាមខ្លឹមសារញត្តិបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា ជាប្រជាសហគមន៍ដែលរងគ្រោះ ដោយបញ្ហាដីធ្លី លំនៅឋាននិងការបណ្តេញចេញដោយបង្ខំ ព្រមទាំងសកម្មជនសិទ្ធមនុស្ស សកម្មជនដីធ្លី និងលំនៅឋាន បណ្តាញយុវជន និងបណ្តាញព្រះសង្ឈក្នុងព្រះរាជាណាចក្រកម្ពុជា សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ សុំកិច្ចអន្តរាគមន៍បញ្ឈប់ជាបន្ទាន់នូវសកម្មភាពលុបបឹងធម្មជាតិនានា ។
ក្នុងញត្តិដាក់ជូនសម្តេចពញាចក្រី បានសរសេរថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងគ្រោះពីការបាត់បង់លំនៅឋាន និងការបណ្តេញចេញទាំងបង្ខំពីលំនៅឋាន ដោយសារការលុបបឹងក្រោមហេតុផលអភិវឌ្ឍន៍ ។ មានការសិក្សាមួយបានបញ្ជាក់អំពីការរួមតូចនៃផ្ទៃបឹង ដែលកើតឡើងដោយសារការកាន់កាប់ជាយបឹង និងចាក់ដីលុបបឹងពីសំណាក់ក្រុមហ៊ុន និងឯកជន ។របាយការណ៍នោះ ក៏បានបង្ហាញផងដែរអំពីការបំពុលបរិស្ថានដែលជាកង្វល់ដ៏ធំមួយ ព្រមទាំងការរីងស្ងួតបឹង ដែលបណ្តាលមកពីការពង្រីកទីក្រុងដែលធ្វើឱ្យខូចប្រព័ន្ធរំដោះទឹកនៅតំបន់ទាំងនោះ ។
ខ្លឹមសារញត្តិដដែលដាក់ថា អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺការមិនមានឆន្ទៈក្នុងការទប់ស្កាត់ការលុបបឹង ហើយមិនតែប៉ុណ្ណោះថែមទាំងបានបិទបាំង និងឃុបឃិតគ្នា ដោយផ្តល់ឱកាសឱ្យក្រុមហ៊ុនយកដីធ្វើអាជីវកម្មផ្សេងៗ នាពេលកន្លងមក ។ ក្នុងញត្តិអ្នកតវ៉ានេះបានយោងទៅលើរបាយការណ៍ អង្គការ សមាគមធាងត្នោតស្តីពីបឹងនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានលុប និងកំពុងបន្តលុប បើតាមរបាយការណ៍នេះ បានឱ្យឃើញថា មានការរំលោភយកដីបឹងជាមួយនឹងការបណ្តេញប្រជាពលរដ្ឋ និងការគំរាមកំហែងពីអាជ្ញាធរ ក្រោមហេតុផលការអភិវឌ្ឍ សម្រាប់ប្រយោជន៍សារធារណៈ កែលម្អសោភ័ណ្ឌភាពទីក្រុង និងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសង្គម។
តំណាងប្រជាសហគមន៍ចំនួន ៥នាក់ត្រូវបានរដ្ឋសភាអនុញាតិអោយយកញត្តិចូលទៅដាក់ក្នុងរដ្ឋសភាជាតិ ។ ការទាមទារនេះដែរ បានបង្ហាញថា មានបឹងសរុប២៥ត្រូវបានលុប ។
ក្រុមអ្នកតវ៉ានេះបានហែក្បួន ចេញពីតំបន់បឹងកក់ និងត្រូវបានកម្លាំងសមត្ថកិច្ចចំរុះបានរារាំងនៅចំណុចតំបន់បឹងកក់ ព្រោះពួកគេមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ទោះជាយ៉ាងណា ក្រុមអ្នកតវ៉ាទាំងនោះ បាននាំគ្នាជិះម៉ូតូ និងរ៉ឹម៉កទៅកាន់រដ្ឋសភា ដោយមិនមានការរារាំងបានឡើយ ។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ការលុបបឹងនៅរាជធានីភ្នំពេញនេះ ប្រហែលមិនមែនទើបតែត្រូវបានលុបនាពេលបច្ចុប្បន្ននេះទេ ។ មន្ត្រីរូបនេះបានបញ្ជាក់ថា បើតាមប្រវត្តិរាជធានីភ្នំពេញ ទីក្រុងរបស់យើងនេះ មានតែចំណុចភ្នំដូនពេញមួយប៉ុណ្ណោះ ។ ក៏មានបឹងជាបន្តបន្ទាប់ត្រូវបានលុបដែរ ដើម្បីឆ្លើយតបនឹងការរីកចម្រើនកាន់តែធំឡើងរបស់ទីក្រុង ដូចជាបឹងកក់ បឹងព្រលឹត បឹងត្របែក បឹងរាំង បឹងតេជោ បឹងកេងកង បឹងសាឡាង និងបឹងជាច្រើនទៀត ដែលនៅកណ្តាលរាជធានី ។ សូម្បីតែស្រះ និងអូរក៏លុបដែរដោយបន្សល់តែឈ្មោះរហូតដល់បច្ចុប្បន្ននេះ ដូចជាស្រះចក អរូឫស្សីជាដើម ។ មន្ត្រីដដែលបានទទួលស្គាល់ថា រាជធានីភ្នំពេញ ប្រសិនមិនលុបអូរ ព្រែកទេ គ្មានកន្លែងរស់នៅទេ ។ ហើយក៏ទទួលស្គាល់ដែរថា បានប្រឈមការជន់លិចតាមតំបន់មួយចំនួួន ដែលអាជ្ញាធរតែងរងការចោទថា ដោយសារតែមានការលុបបឹង ប៉ុន្តែបើគិតឲ្យបានដិតដល់ទៅ បើយើងដាក់លូឲ្យធំ និងការស្តារប្រឡាយ ដែលមានមិនឲ្យស្ទះ ហើយស្ថានីយ៍បូមទឹក ក៏មានសកម្មភាព ស្របទៅតាមបច្ចេកទេសនោះ ប្រហែលបន្តិចម្តងៗ ការជន់លិចក្នុងទីក្រុងមិនយូរទេ នឹងហូរអស់ ដែលបញ្ហានេះ យើងបានមើលឃើញថា អាជ្ញាធរកំពុងយកចិត្តទុកដាក់ពីបញ្ហានេះ ។
មែនទែនទៅគួរទទួលស្គាល់ថា រាជធានីភ្នំពេញ ទីណាក៏បឹងដែរ មានតែទួលតិចតួចប៉ុណ្ណោះ ពីសម័យមុន ដូចនៅទួលទំពូង ទួលស្វាយព្រៃ ទួលស្លែង ជាដើម ៕
ចែករំលែកព័តមាននេះ