ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​រដ្ឋ​​មន្ត្រី​ការ​បរទេស​រុស្ស៊ីចាប់​អារម្មណ៍​ពី​ការ​ផ្ទុះ​អាវុធ​​នៅ​ព្រំ​ដែន​​កម្ពុជា-ថៃ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​កុយ គួង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹងថា ​ក្នុង​ជំនួប​សម្តែង​​ការ​គួរ​សម និង​ពិភាក្សា​​ការ​​ងារ​ លោក Allexey N.Borodaukin អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​បញ្ជាក់ថា ​ដំណើ​រ​ទស្សន​​​កិច្ច​​របស់​លោក​មក​កាន់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​​ផ្លាស់​ប្តូរ​​មតិ​យោ​​បល់​​ក្នុង​ការ​ ពង្រឹង​​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​​ពីរ​កម្ពុជា-រុស្ស៊ី

រាជធានីភ្នំពេញ ៖ លោក​កុយ គួង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹងថា ​ក្នុង​ជំនួប​សម្តែង​​ការ​គួរ​សម និង​ពិភាក្សា​​ការ​​ងារ​ លោក Allexey N.Borodaukin អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​បញ្ជាក់ថា ​ដំណើ​រ​ទស្សន​​​កិច្ច​​របស់​លោក​មក​កាន់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​​ផ្លាស់​ប្តូរ​​មតិ​យោ​​បល់​​ក្នុង​ការ​ ពង្រឹង​​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​​ពីរ​កម្ពុជា-រុស្ស៊ី ។

​លោក​អគ្គ​លេខា​ធិកា​រ​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​​ប្រាប់​ឱ្យ​ដឹង​​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​២៨ មេសា ក្នុង​ឱកាស​ដែល​លោក​ អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​រុស្ស៊ី ​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​អ៊ុង ​ស៊ាន ​រដ្ឋ​មន្ត្រី​ស្តី​​ទី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៅ​ទី​ស្តីការ​ក្រសួង​ ខណៈ​ពេល​ដែល​លោក​មក​បំពេញ​ទស្សន​​កិច្ច​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី បាន​ពាំ​នាំ​នូវ​សេច​ក្តី​ជូន​ពរ និង​​ការ​ផ្តាំ​ផ្ញើ​​សួរ​សុខ​ទុក្ខ​ពី​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​​រុស្ស៊ី​ជូន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង ផង​ដែរ។

​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​​រុស្ស៊ី បាន​ជំរាប​​អំពី​​លទ្ធ​ផល​​ដែល​លោក​បាន​​ជួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​ជំទាវ ស៊ុន សាភឿន រដ្ឋ​​លេខា​ធិការ​ក្រសួង​ការ​បរទេស ក្នុង​នោះ​លោក​អនុ​រដ្ឋ​មន្ត្រី​បាន​សម្តែង​​ការ​ពេញ​ចិត្ត​ចំពោះ​​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ការ​ងារ​កាល​ពី​​​ព្រឹក​​ថ្ងៃ​ទី​២៨ មេសា ។ ប្រទេស​ទាំង​ពីរ​កម្ពុជា-រុស្ស៊ី គឺ​មាន​បំណង​ពង្រឹង​ចំណង​ទាក់​ទង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​បាន​​រឹង​មាំ​ទាំង​ផ្នែក​​នយោ​បាយ សេដ្ឋ​កិច្ច និង​មនុស្ស​ធ​ម៌ មិន​ចំពោះ​​ទ្វេ​ភាគី​​​ទេ គឺ​ក្នុង​លក្ខណៈ​តំ​បន់​ និង​អន្តរ​ជាតិ​​ផង​ដែរ ។

​លោក​​អនុ​រដ្ឋ​​​មន្ត្រី​​ការ​បរទេស​​បាន​ស​ម្តែង​​នូវ​ការ​រីក​រាយ​​ ដោយ​នៅ​ឆ្នាំ​២០១២ ​ខាង​មុខ​ កម្ពុជា​នឹង​ក្លាយ​​ទៅ​ជា​ប្រធាន​​អាស៊ាន​ ដូច្នេះ​លោកយល់​ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា-រុស្សុី ច្បាស់​ជា​មាន​កិច្ច​ការ​មមា​ញឹក​បន្ថែម​ទៀត​ដែល​នៅ​ឆ្នាំ​២០១២ នោះ កម្ពុជា នឹង​មាន​​កិច្ច​​ប្រជុំ​សំខាន់ៗ ។ លោក​​បាន​បញ្ជាក់​ថា ​នៅ​​ពេល​​ដែល​លោក​ត្រឡប់​ទៅ​ប្រទេស​​លោក​វិញ ​លោក​នឹង​បន្ថែម​នូវ​ការ​យក​​ចិត្ត​ទុក​ដាក់​​កាន់​តែ​ខ្លាំង​ទៀត​ អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​​ទាំង​ពីរ​នេះ ។

​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​​រុស្ស៊ី បាន​​ជំរាបថា នៅ​ក្នុង​កិច្ច​ពិភាក្សា​​ជា​មួយ​លោក​​ជំទាវ​​រដ្ឋ​លេខា​​ធិការ​​លោក​បាន​ស្តាប់​អំពី​​​ព្រឹត្តិ​​ការណ៍​​ដែល​​កើត​មាន​ឡើង​នៅ​តាម​ព្រំដែន​​កម្ពុជា-ថៃ ​ដែល​បណ្តាល​ឱ្យ​​មាន​ការ​ផ្ទុះ​អាវុធ​​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​របស់​​ថៃ​មក​លើ​បូរណ​​ភាព​ទឹក​ដី​កម្ពុជា ។ ​ក្នុង​នោះ​លោក​ក៏​បាន​​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា ហើយ​គោរព​ការ​​ឈប់​បាញ់​ជា​​អចិ​ន្ត្រៃយ៍​ ។ រុស្ស៊ី​បាន​គាំទ្រ​​អំពី​ដំណើរ​ការ​ចរចា​ដោយ​សន្តិ​វិធី ជា​ពិសេស​​គាំទ្រ​តួនាទី​អាស៊ាន​ ដែល​មាន​ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រធាន​​អាស៊ាន​​ជា​អ្នក​សម្រប​សម្រួល​បញ្ហា​នេះ ។

បន្ទាប់​ពី​លោក​បំពេញ​ទស្សន​​កិច្ច​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​​នឹង​ធ្វើ​ដំណើរ​​ទៅ​ទី​​ក្រុង​​បាង​កក ដើម្បី​ទៅ​ជួប​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​​ថៃ ហើយ​ប្រាប់​​អំពី​បំណង​របស់​កម្ពុជា ចង់​​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​​ជា​អចិន្ត្រៃយ៍​​ ចង់​ឱ្យ​មាន​អ្នក​សង្កេត​​ការណ៍​ឱ្យ​បាន​ឆាប់​បំផុត​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ។ ​លោក Alexey ក៏​បាន​បញ្ជាក់​ផង​ដែរថា ​លោក​មក​កម្ពុជា និង​​ទៅ​ប្រទេស​​ថៃ​ គឺ​គ្រាន់​តែ​​ជួយ​សម្រួល​បរិ​យា​កាស​ឱ្យ​មាន​សន្តិ​ភាព​ពិត គឺ​មិន​មែន​ដើរ​តួ​នាទី​ជា​អ្នក​​សម្រប​សម្រួល​ទេ ។

​ជា​ការ​ឆ្លើយ​តប​​លោក​អ៊ុង ស៊ាន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ការ​ងារ​នា​​​​ព្រឹក​​ថ្ងៃទី​២៨ មេសា រវាង​អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​រុស្ស៊ី​ និង​លោក​ជំទាវ​​រដ្ឋ​​លេខាធិការ ។
​លោក​រដ្ឋ​មន្ត្រី​​ស្តី​ទី​បាន​មាន​ប្រសាសន៍​បន្ត​ថា ​កិច្ច​ប្រជុំ​​ការ​ងារ​នា​ពេល​ព្រឹក​ថ្ងៃ​ទី​២៨ មេសា គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត ដើម្បី​ឱ្យ​ប្រទេស​​ទាំងពីរ​មាន​ទំនាក់​ទំនង​​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​កាន់​តែ​មាន​ភាព​រឹង​មាំ​បន្ថែម​ទៀត​ទាំង​​កម្រិត​​ទ្វេ​ភាគី​​ កម្រិត​​តំបន់​​ និង​កម្រិត​អន្តរជាតិ ​ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ភាគី​​ទាំង​ពីរ​អនុ​វត្ត​លទ្ធ​ផល​នៃ​កិច្ច​​ប្រជុំ​ការ​ងារ​​នេះ​ឱ្យ​ប្រកប​បាន​​ផ្លែ​ផ្កា ។

លោក​រដ្ឋ​មន្ត្រី​ស្តី​ទី​​​បាន​ថ្លែង​អំណរគុណ​ក្នុង​នាម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កន្លង​មក។ លោក​បាន​ថ្លែង​អំណរគុណ​​ចំពោះ​ប្រទេស​រុស្ស៊ី ក្នុង​ការ​ផ្តល់​​ជំនួយ​មក​កម្ពុជា គឺ​មិន​ត្រឹម​តែ​នៅ​ពេល​នេះ​ទេ រុស្ស៊ីបាន​ជួយ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៧៩ ​មក​ម៉្លេះ ដែល​ក្នុង​នោះ​តាំងពី​វិស័យ​​សង្គម​កិច្ច​ សេដ្ឋ​កិច្ច ជា​ពិសេស​​វិស័យ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស កន្លង​​មក​មន្ត្រី​កម្ពុជា​​បាន​ទៅ​សិក្សា​នៅ​អតីត​សហ​ភាព​សូវៀត​ ដល់​ពេល​ត្រឡប់​​មក​វិញ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​ជាតិ អ្នក​ខ្លះ​​មាន​តួនាទី​​​ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខា​ធិការ​ និង​រដ្ឋ​មន្ត្រី​ថែម​ទៀត​ផង ។

​ក្នុង​កិច្ច​ពិភាក្សា​នេះ​លោក​អ៊ុង ស៊ាន បាន​សំណូម​ពរ​ឱ្យ​លោក​អនុ​រដ្ឋ​មន្ត្រី​បរទេស​រុស្ស៊ី ធ្វើ​យ៉ាង​ណា​ជំរុញ​វិស័យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​​​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​…​ពីព្រោះ​​រុស្ស៊ី ​និង​កម្ពុជា​មាន​ទំនាក់​ទំនង ​នឹង​គ្នា​តាំងពី​ឆ្នាំ​១៩៥៦ ប៉ុន្តែ​ផ្អាក​នៅ​ឆ្នាំ​១៩៧៥ ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧៩ ​ហើយ​មក​ដល់​ពេល​នេះ​​វិស័យ​ការ​ទូត និង​វិស័យ​ផ្សេងៗ​​ខ្លាំង​​ក្លា ប៉ុន្តែ​អ្វី​ដែល​​អន់​ខ្សោយ​នោះ គឺវិស័យ​​ពាណិជ្ជ​កម្ម​​ វិនិ​យោគ រុស្ស៊ី​នៅ​មាន​កម្រិត​នៅ​ឡើយ ។

លោក​រដ្ឋ​មន្ត្រី​ស្តី​ទី​អំពាវនាវ​​ឱ្យ​លោក​​អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​រុស្ស៊ី​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​​អ្នក​វិនិ​យោគ​ទុន​រុស្ស៊ី​មក​វិ​និ​យោគ​បណ្តាក់​ទុន​នៅ កម្ពុជា ដែល​សព្វ​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​របស់​រុស្ស៊ី តិច​តួច​ណាស់​នៅ​កម្ពុជា ។ ​ដូច​ជា​វិស័យ​​ទេស​ចរណ៍​ លោក​បាន​រំលឹក​​ផង​ដែរ​ថា នៅ​ដើម​ឆ្នាំ​២០១១ នេះ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​​ទេស​ចរណ៍​កម្ពុជា​បាន​អញ្ជើញ​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ទេស​ចរណ៍​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​អញ្ជើញ​មក​កម្ពុជា​​​កាន់​តែ​ច្រើន ជា​ពិសេស​​ជំរុញ​ឱ្យ​មាន​ការ​​ហោះ​ហើរ​ផ្ទាល់​ពី​ទី​ក្រុង​មូស្គូ ​មក​ទីក្រុងភ្នំពេញ ឬ​ទី​ក្រុង​សៀម​រាប ។

​នៅ​ក្នុង​​កិច្ច​ពិភាក្សា​​ក្នុង​ឱកាស​នោះ​ក៏ មាន​ការ​ពិភាក្សា​​ផង​ដែរ ​អំពី​ការ​បំពេញ​ទស្សន​​​កិច្ច​របស់​​លោក​រដ្ឋ​មន្ត្រី ការ​បរទេស​​រុស្ស៊ី នៅ​​ពេល​ខាង​មុខ​ដោយ​ធ្វើ​យ៉ាង​​ណា​ឱ្យ​មាន​​ការ​រៀប​ចំ​ធ្វើ​ឯក​សារ​នៃ​ការ​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​អំឡុង​ទស្សន​​កិច្ច​នេះ ។ ​កន្លង​មក​ឯក​សារ​ចំនួន​៥ មាន​ឯក​សារ​​ពីរ​បាន​សម្រេច​​ឯក​ភាព​ ហើយ​៣​ទៀត​កំពុង​ធ្វើ​ការ​ចរចា ។
​ទាក់​ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​​លោក​​អ៊ាង ស៊ាន ​បាន​បញ្ជាក់ថា ​ថៃ​បាន​ប្រើ​ផែន​ទី​ឯក​តោ​ភាគី​ឈ្លាន​ពាន​កម្ពុជាតាំងពី​ឆ្នាំ ២០០៨ មក​ម៉្លេះ។ ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ កម្ពុជាមាន​ភាព​អត់​ធ្មត់​ជា​អតិ​បរ​មា ។ ការ​តប​ត​​រ​បស់​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​ស្វ័យ​ការ​ពារ​​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។ កិច្ច​ការ​នេះ​បាន​ឈាន​ទៅ​ដល់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ អ.ស.ប ​ឈាន​ទៅ ដល់​​កិច្ច​ប្រជុំ​​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាស៊ាន។ កន្លង​មក កម្ពុជា​បាន​សម្រេច​ឱ្យ​លក្ខ​ខណ្ឌ​​ប្រតិ​បត្តិ​​អ្នក​សង្កេត​ការណ៍​ចំនួន​៤​ដង រួច​មក​ហើយៗថៃ​នៅតែ​មិន​ទាន់​មា​នដដែល ។​ ថៃ​បាន​រំលោភ​នូវ​សេចក្តី ​ថ្លែង​ការណ៍​ប្រធាន​អាស៊ាន ​បាន​​ធ្វើ​ឱ្យ​មាន​ជម្លោះ​​នៅ​តាម​ព្រំដែន​នៅ​ពេល​ថ្មីៗ​​រហូត​ដល់​ប្រើ​អាវុធុន​​ធ្ងន់ ។ កម្ពុជា​បាន​អត់​ធ្មត់ ប៉ុន្តែ​ក្រោយ​​មក​កម្ពុជា​ក៏​សម្រេច​​ប្រើ​អាវុធ​ធុន​ធ្ងន់​តប​វិញ។ ក្រោយ​មក​ភាគី​ទាំងពីរ​​បាន​ឯក​ភាព​ធ្វើ​ការ​ចរចា​​មេ​យោធ​ភូមិ​ភាគ​​២​រប​ស់​ថៃ និង​មេ​យោធ​ភូមិ​ភាគ៤ រប​ស់​កម្ពុជា ដោយ​បាន​ឯក​ភាព​​គ្នា​សម្រេច​៦​ចំណុច ។​ ការ​ឈ្លាន​ពាន​​របស់​ថៃ​មក​​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា នេះ​បាន​ធ្វើ​ឱ្យ​ជន​ភៀស​​ខ្លួន​កម្ពុជា​មាន​​រហូត​៣​ម៉ឺន​នាក់​ មាន​គ្រោះ​ថ្នាក់​​ កង​ទ័ព ជន​​ស៊ីវិល ​ខូច​ខាត​ផ្ទះ​សម្បែង និង​សាលា​រៀន ។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋ​មន្ត្រី​​ស្តី​ទី​បាន​ផ្តាំ​ផ្ញើ​បន្ថែម​​ដល់​លោក​អនុ​រដ្ឋ​មន្ត្រី​រុស្ស៊ី ដែល​ទៅ​ជួប​ភាគី​ថៃ សូម​ឱ្យ​ជំរាប​ភាគី​ថៃ​​ឱ្យ​គោរព​ និង​អនុ​វត្ត​​នូវ​អ្វីដែល​​ភាគីថៃ​​បាន​យល់​ព្រម​​នា​​ព្រឹក​​ថ្ងៃ​ទី​២៨ មេសា ព្រោះ​​កាល​ពី​ពេល​​កន្លង​ទៅ​កិច្ច​ព្រម​ព្រៀង​​ធ្វើ​រួច​ហើយ​​ ភាគី​ថៃ​តែង​តែ​មិន​គោរព​ទេ ថៃ​តែង​តែ​យក​ដៃ​ចុះហត្ថ​លេខា​រួច​យក​ជើង​ទៅ​លុប​វិញ ដូច្នេះ​សូម​អនុ​រដ្ឋ​មន្ត្រី​រុស្ស៊ី ប្រាប់​ថៃ​ឱ្យ​បាន​ច្បាស់​អ្វីដែល​ខ្លួន​បាន​ឯក​ភាព​ គឺត្រូវ​គោរព​ឱ្យ​បាន​​ និង​ជួយ​ជំរុញ​ឱ្យ​ថៃ​ទទួល​យក​នូវ​បែប​បទ​អ្នក​សង្កេត​ការណ៍ ។

លោក Alexey បាន​ឆ្លើយ​តប​​​ថា លោក​នៅពេល​ទៅ​ដល់​ជួប​សម​ភាគី​ថៃ លោក​នឹង​ជំរុញ​​ឱ្យ​ភាគ​ថៃ​គោរពតាម​ជំហរ​ដែល​មាន​មន​សិការ​នេះ ឱ្យ​បាន​ខ្ជាប់​ខ្ជួន ។ ​បញ្ហា​​​ឱ្យ​មាន​​អ្នក​វិនិ​យោគ​​ទុន​រុស្ស៊ី​មក​កម្ពុជា លោក​បាន​ប្រាប់​លោក​រដ្ឋ​មន្ត្រី​ស្តីទី​ឱ្យ​កម្ពុជា​ធ្វើ​តារាង​បញ្ជី​គំរោង​​វិនិ​យោគ​​ទុន​មួយ​ចំនួន ជា​ពិសេស​វិស័យ​​ប្រេង​ឥន្ធនៈ និង​ហ្គាស​សម្រាប់​ជន​ជាតិ​រុស្សី​ដែល​នឹង​មក​​វិ​និ​យោគ​នៅ​កម្ពុជា​ឱ្យ​​បាន​ច្បាស់​ ដើម្បី​លោក​​​ផ្សព្វ​ផ្សាយ​​ដល់​អ្ន​កវិនិ​យោគ​​ទុន​រុស្ស៊ី ៕​