រាជធានីភ្នំពេញ ៖ អាជីវករផ្សារដើមគប្រមាណជា៣០០នាក់ដែលអះអាងថាតំណាងឲ្យឱ្យអាជីវករឯទៀត បាននាំគ្នាមកមុខភូមិគ្រឹះសម្តេចតេជោហ៊ុន សែន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ មេសា ប្រយោជន៍ដើម្បីសុំកិច្ចអន្តរាគមន៍ជួយផ្តល់ទីតាំងលក់ដូរនៅកន្លែងចាស់បន្ទាប់ពីសាលាខណ្ឌទួលគោក បានចេញសេក្តីជូនដំណឹងដល់អាជីវករដែលលក់នៅលើចិញ្ចើមផ្លូវលេខ២៣៥ និងតាមវិថីព្រះមុនីរ៉េត ឱ្យបញ្ឈប់ការលក់ដូរ។
អាជីករលក់បន្លែមួយរូបសុំមិនចេញឈ្មោះ បាននិយាយថា បន្ទាប់ពីសាលាខណ្ឌទួលគោកបានចេញសេចក្តីជូនដំណឹងឲ្យអាជីវករលើចិញ្ចើមផ្លូវលេខ២៣៥ និងវិថីព្រះមុនីរ៉េតបញ្ឈប់ការលក់ដូរនៅលើទីតាំងនោះ ទើបអាជីវករនាំគ្នាទៅសាលាខណ្ឌ ដើម្បីសុំឲ្យសាលាខណ្ឌអនុញ្ញាតឱ្យពួកគាត់បានលក់បន្តលើទីតាំងចាស់ ព្រោះវាមិនបានប៉ះពាល់ចរាចរណ៍ និងសណ្តាប់ធ្នាប់ធ្ងន់ធ្ងរទេ ។ ប៉ុន្តែការសំណូមពរនេះមិនត្រូវបានសាលាខណ្ឌទួលគោកឆ្លើយតបនោះទេ ។
សាលាខណ្ឌទួលគោកបានចេញសេចក្តីជូនដំណឹងលេខ ០៥២/១១សជណ ចុះថ្ងៃទី២៥ មេសា ឆ្នាំ២០១១ បានឲ្យអាជីវករដែលកំពុងតែលក់ដូរលើទីតាំងចំណតដីក្រហមផ្សារដើមគ លើចិញ្ចើមផ្លូវលេខ២៣៥ និងវិថីព្រះមុនីរ៉េតបញ្ឈប់ ការលក់ដូរ ដើម្បីធានាបានសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបរិស្ថានល្អ កាត់បន្ថយការកកស្ទះចរាចរណ៍ ហើយសាលាខណ្ឌទុករយៈពេល១៥ថ្ងៃដល់អាជីវករ គិតចាប់ពីថ្ងៃដែលទទួលបានសេចក្តីជូនដំណឹងនេះតទៅ។
អាជីវករទាំងនេះបាននិយាយថា អាជីវករទាំងអស់ដែលទទួលផលប៉ះពាល់បាននាំគ្នាមកកាន់ភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ប្រយោជន៍ដើម្បីសុំឲ្យសម្តចតេជោមេត្តាជួយអន្តរាគមន៍ដល់សាលាខណ្ឌទួលគោក និងសាលារាជធានីភ្នំពេញ ឱ្យពួកគេបានលក់ដូរនៅលើទីតាំងចាស់វិញ ។ នៅព្រឹកថ្ងៃដដែល អាជីវករបានដាក់ញតិ្តជូនក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ប៉ុន្តែពុំទាន់មានការឆ្លើយតបណាមួយពីលទ្ធផលដោះស្រាយដល់អាជីវករនោះទេ។ លោកធឹម សំអាន អភិបាលរងខណ្ឌទួលគោក បានមានប្រសាសន៍ថា លោកសុំឲ្យបងប្អូនអាជីវករទាំងអស់រក្សាភាពស្ងៀមស្ងាត់នៅលើទីតាំងចាស់ និងរង់ចាំថ្នាក់លើសម្រេចសិន។ ក្រោយពីដាក់ញត្តិរួចអាជីវករបាននាំគ្នាវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ពុំមានបាតុភាពណាមួយកើតឡើងឡើយ ៕
ចែករំលែកព័តមាននេះ