រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ៤ពាន់នាក់នៅព្រឹកថ្ងៃសុក្រទី២៩ មេសា ២០១១ នេះ បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារឱ្យថៅកែរោងចក្របើកប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ដល់ពួកគេ ដែលការជួបជុំតវ៉ានេះបានចាប់ផ្តើមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ មេសា ហើយក្រុមកម្មករបានអះអាងថា ពួកគេនឹងដង្ហែក្បួនទៅកាន់រោងចក្រវ៉ាយរ៉ូឡែតដែលជាសាខារបស់រោងចក្រមិថុនា មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ប្រយោជន៍ដើម្បីឱ្យរោងចក្រនេះផ្អាកសកម្មភាពការងារដូចរោងចក្រមិថុនាផងដែរ។ កម្មករអះអាងថា ការតវ៉ាដ៏កញ្ជ្រោលនេះបើទោះបីជាមានកម្លាំងសមត្ថកិច្ចរារាំងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមានះដែរ។
គួរបញ្ជាក់ថា ការធ្វើបាតកម្មតវ៉ារបស់កម្មកររោងចក្រមិថុនានេះបានឈានចូលដល់ថ្ងៃទី២ហើយ បន្ទាប់ពីផ្អាកមួយរយៈកាលពីអំឡុងពេលចូលឆ្នាំខ្មែរកន្លងមក។ ការតវ៉ាម្តងហើយម្តងទៀតនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមកម្មករមិនទទួលយកការដោះស្រាយរបស់តំណាងរោងចក្រនូវទឹកប្រាក់៣០ដុល្លារក្នុងម្នាក់ៗជាថ្នូរទៅនឹងការបញ្ចប់ការងារទាំងស្រុង និងបញ្ចប់ការទាមទារនោះ ៕
ចែករំលែកព័តមាននេះ