ខេត្តរតនគិរី ៖ រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿងបានបើកបរឆ្លងកាត់ស្ពានឈើទ្រុឌទ្រោមមួយនៅក្នុងទីរួមស្រុកអូរជុំ បណ្តាលឱ្យបាក់ស្ពានធ្លាក់រថយន្តចូលទៅដេកត្រាំក្នុងទឹកក្រោមស្ពាននៅវេលាម៉ោង១០យប់ថ្ងៃទី១៧ មេសា ស្ថិតក្នុងទីប្រជុំជនស្រុកអូរជុំ ហើយលោកប្រធានមន្ទីរសាធារណការតម្រូវឱ្យម្ចាស់រថយន្តធ្វើការជួសជុលឡើងវិញ ដើម្បីប្រើប្រាស់បណ្តោះអាសន្ន ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តនេះធ្វើអាជីវកម្មដឹកខ្សាច់ឆ្លងកាត់ផ្លូវអភិវឌ្ឍន៍របស់ខេត្ត និងស្ពានជាច្រើនទៀត និងបានបើកបរដឹកខ្សាច់ចេញពីទីរួមស្រុកវើនសៃ ហើយអាជីវកម្មខ្សាច់នៅក្នុងស្រុកវើនសៃនោះ ក៏ពុំមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មដែរ គឺរកស៊ីអត់ច្បាប់ ។ ក្រៅពីរថយន្តដឹកខ្សាច់នេះក៏មានរថយន្តជាច្រើនផ្សេងទៀតដែរ ដែលធ្វើការដឹកជញ្ជូនតាមផ្លូវនេះ ថែមទាំងបើកបរដោយល្បឿនលឿនៗ ពុំបានគិតដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះទេ ។ បើគិតពីស្ថានភាពផ្លូវវិញ ក្នុងតំបន់នេះ បើខែប្រាំងដីហុយខ្លាំងណាស់ មើលអ្នកដំណើរពីខាងមុខ និងពីក្រោយពុំឃើញទេ ហើយបើខែវស្សាវិញគឺរអិល និងមានចំណោតឡើងចុះច្រើនកន្លែង ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវភាគច្រើនជាជនជាតិដើមភាគតិចមិនហ៊ានធ្វើការតវ៉ាអ្វីទេ គឺស៊ូទ្រាំរស់នៅរងការហុយដី ដែលប៉ះពាល់ដល់ផ្លូវដង្ហើម និងការខូចខាតផ្លូវនាំឱ្យលំបាកដល់ការធ្វើដំណើររបស់ពួកគាត់ ។ រាល់ការធ្វើចរាចរណ៍រថយន្តធុនធំ ភាគច្រើនគឺជារថយន្តបែនដឹកខ្សាច់ ព្រោះផ្លូវចេញពីក្រុងបានលុងទៅស្រុកវើនសៃ គឺជាផ្លូវចាស់ ពុំមានរថយន្តធុនធំផ្សេងទៀតឆ្លងកាត់នោះទេ ។ ចំណែករថយន្តដឹកខ្សាច់មួយគ្រឿងដែលធ្វើឱ្យបាក់ស្ពាននោះត្រូវបានគេស្គាល់ថា ជារថយន្តរបស់តាជា ដែលធ្វើអាជីវកម្មដឹកខ្សាច់លក់ ជារថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-7062 ពណ៌ស ក្បាលលឿង ត្រូវធ្លាក់ចូលក្រោមស្ពានជម្រៅប្រហែល៥ម៉ែត្រ ក្រឡាប់ដេកស្តូកស្តឹងខូចខាតកាប៊ីនមុខទាំងស្រុង ។
អ្នកបើកបរពុំដឹងថា រងរបួស ឬក៏អត់នោះទេ ព្រោះបានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ ពុំមានប្រភពណាបានស្គាល់អ្នកបើកបរនោះទេ គ្រាន់តែដឹងថា ម្ចាស់រថយន្តឈ្មោះតាជា រស់នៅក្នុងក្រុងបានលុង។ លោក សរ សំណាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា ការខូចខាតស្ពាននោះគឺលោកតម្រូវឱ្យម្ចាស់រថយន្តធ្វើការជួសជុលឡើងវិញសម្រាប់ប្រើប្រាស់បន្តបណ្តោះអាសន្ន រង់ចាំដល់ឆ្នាំ២០១២ ទើបធ្វើការស្ថាបនាឡើងអំពីបេតុងឱ្យរឹងមាំ។
ស្ពាននៅក្នុងទីរួមស្រុកអូរជុំមានចំនួន២កន្លែងនាពេលបច្ចុប្បន្ន សុទ្ធសឹងតែជាស្ពានមានសភាពចាស់ទ្រុឌទ្រោមទៀតផង អត់មានការជួសជុលទេ គឺទាល់តែបាក់ស្រុតបែបនេះទើបធ្វើថ្មី ។ ពិតមែនតែតំបន់នោះជាតំបន់សំបូរព្រៃឈើក្តី ប៉ុន្តែបើមើលទៅស្ពាននីមួយៗដូចជាស្រុតអត់មានឈើសោះ ។ ស្ពានអូរជុំនេះមានប្រវែង១០ម៉ែត្រ ពុកធ្នឹមអស់មួយចំហៀង ទោះបីរថយន្តមិនដឹកធ្ងន់ ក៏ទ្រាំទម្ងន់មិនបានដែរ ។ ចំណែករថយន្តត្រូវបានម្ចាស់ស្ទូចយកទៅរក្សាទុកដើម្បីជួសជុលហើយដែរ ៕
ចែករំលែកព័តមាននេះ