រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានចេញបាត់ពីផ្ទះមិនឃើញត្រឡប់មកវិញហើយត្រូវក្រុមគ្រួសារដើររកប្រទះឃើញតែមួក ស្បែកជើង និងកង់នៅនឹងមាត់រណ្តៅដែលមានទឹកពេញជម្រៅជិត២០ម៉ែត្រឯណោះ ធ្វើឱ្យក្រុមគ្រួសារសង្ស័យថា បុរសរូបនេះលង់ទឹកស្លាប់ក៏បានសុំឱ្យអ្នកភូមិជួយចុះរាវរកនិងអូសអួនរកសាកសព ប៉ុន្តែរណ្តៅនោះមានជម្រៅជ្រៅទើបប្រើពេលយូរទម្រាំរកឃើញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ នៅក្នុងរណ្តៅដីដ៏ជ្រៅមួយកន្លែងស្ថិតនៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌដង្កោ ។
បុរសចំណាស់រងគ្រោះឈ្មោះសុន ផ្លង អាយុប្រហែល៤០ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ពេលនេះត្រូវបានគេរាវរកឃើញសពដែលលង់ក្នុងទឹករណ្តៅដីនោះហើយ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសនោះបានចេញពីផ្ទះដោយជិះកង់១គ្រឿង ទៅច្រូតស្មៅនៅម្តុំកន្លែងកើតហេតុនោះ ហើយក៏បានបាត់ខ្លួន រហូតមិនឃើញត្រឡប់ទៅហូបបាយថ្ងៃត្រង់ វិញ ។ ខណៈនោះក្រុមគ្រួសារមានការសង្ស័យក៏បានដើររកគ្រប់ទីកន្លែង ប៉ុន្តែពុំបានប្រទះឃើញនោះឡើយ លុះពេលទៅដល់ត្រង់ចំណុចខាងលើបានប្រទះឃើញកង់ មួក និងស្បែកជើង នៅមាត់រណ្តៅដីទើបមានអារម្មណ៍ថា បុរសនោះទំនងជាលង់ទឹកស្លាប់ ។
ប្រភពដដែលបានបន្តថា បន្ទាប់មក ក្រុមគ្រួសារនិងអ្នកភូមិបាននាំគ្នាចុះរាវរកខ្លះអូសអួន ខ្លះទៀតបង់សំណាញ់អស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង២រសៀលថ្ងៃដដែលទើបរកឃើញ និងស្រង់ឡើងគោកនាំយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ។ ប្រភពបានសន្និដ្ឋានថា បុរសនោះទៅច្រូតស្មៅហើយដោយសារក្តៅពេកគាត់បានចុះទៅងូតទឹកបន្ទាប់មកទំនងខ្យល់គរក៏បានលង់ទឹកស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ