ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​រដ្ឋា​ភិ​បាល​នៅ​តែ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​លក្ខខណ្ឌ​ការ​ងារ​របស់​និយោ​ជិត​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​អំពី​ការ​​លើក​កម្ពស់​លក្ខខណ្ឌ​ការ​ងារ​ និង​លក្ខខណ្ឌ​សុវត្ថិ​ភាព​ការ​ងារ​របស់​កម្មករ​ និយោ​ជិត​ អំពីការ​អនុ​វត្ត​សេរី​ភាព​អង្គការ​វិជ្ជា​ជីវៈ​របស់​កម្មករ​ និយោ​ជិត​ និង​របស់​និយោ​ជក​ និង​អពី​ការ​ពង្រឹង​ប្រព័ន្ធ​យន្ត​ការ​រក្សា​សុខ​ដុម​នីយ​កម្ម​ក្នុង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ

រាជ​ធានី​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​អំពី​ការ​​លើក​កម្ពស់​លក្ខខណ្ឌ​ការ​ងារ​ និង​លក្ខខណ្ឌ​សុវត្ថិ​ភាព​ការ​ងារ​របស់​កម្មករ​ និយោ​ជិត​ អំពីការ​អនុ​វត្ត​សេរី​ភាព​អង្គការ​វិជ្ជា​ជីវៈ​របស់​កម្មករ​ និយោ​ជិត​ និង​របស់​និយោ​ជក​ និង​អពី​ការ​ពង្រឹង​ប្រព័ន្ធ​យន្ត​ការ​រក្សា​សុខ​ដុម​នីយ​កម្ម​ក្នុង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​គូស​បញ្ជាក់​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​មីទ្ទិញ​អប​អរ​សាទរ​ខួប​លើក​ទី​១២៥​នៃ​ទិវា​ពល​កម្ម​អន្តរជាតិ​ ១​ ឧសភា ឆ្នាំ​២០១១ និង​សំណេះ​សំណាល​ជាមួយ​តំណាង​សហ​ជីព​គ្រប់​ថ្នាក់​ តំណាង​សាខា​បក្ស​រ​បស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ តាម​រោង​ចក្រ​ សហ​គ្រាស​នានា​ និង​ថ្នាក់​ដឹក​នាំ​សមា​គម ​បុគ្គ​លិក​សិក្សា​ និង​ភ្ញៀវ​កិត្ត​ិ​យស​ សរុប​ប្រមាណ​២.៨៩៨​នាក់នៅ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​នេះ​រាជ​រដ្ឋា​ភិបាល​បាន​ផ្តល់​មូល​និធិ​ពិសេស​សម្រាប់​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​ជូន​ក​ម្មករ​ និយោ​ជិត​ដែល​បាត់​បង់​​ការ​ងារ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ប្រភេទ​ជា​ពិសេស​យុវ​ជន​ដែល​មិន​ទាន់​មាន​មុខ​ជំនាញ​សម្រាប់​ប្រកប​មុខ​របរ​ដោះ​ស្រាយ​ជីវ​ភាព​។ ជា​លទ្ធ​ផល​បាន​បណ្តុះ​បណ្តាល​សិក្ខា​កាម​បាន​ចំនួន​ជាង​៤​មឺុន​នាក់​លើ​មុខ​ជំនាញ​ចាំ​បាច់​មួយ​ចំនួន​ដែល​បង្ក​លក្ខណៈ​​ឱ្យ​បង​ប្អូន​មួយ​ចំនួន​អាច​រក​ការ​ងារ​ធ្វើ​នៅ​សហ​គ្រាស​ គ្រឹះ​ស្ថាន​នានា និង​ខ្លះ​ទៀត​អាច​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​នៅ​តាម​សហ​គមន៍​របស់ខ្លួន ដែល​ក្នុង​នោះ​បង​ប្អូន​ខ្លះ​ខ្ចី​ឥណ​ទាន​ខ្នាត​តូច​ដែល​ផ្តល់​ដោយ​មូល​និធិ​ពិសេស​។

ទោះ​បី​ជា​យើង​កំពុង​ស្ថិត​នៅ​ក្នុង​បរិយា​កាស​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ពិភព​លោក​ក៏​ដោយ​ ប៉ុន្តែ​យើង​នៅ​មាន​សុទិ​ដ្ឋិ​និយម​ និង​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ចំពោះ​អនា​គត​ដ៏​រុង​រឿង​របស់​យើង​ទាំង​អស់​គ្នា​។ ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​យុទ្ធ​សាស្ត្រ​នេះ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​អនុ​សាសន៍​ចំពោះ​សុវត្ថិ​ភាព​ និង​សុខុមាល​ភាព​របស់​កម្ម​ករ​និយោ​ជិត​ រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការ​ងារ​តាម​រយៈ​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​ដែល​បាន​ដាក់​ឱ្យ​​អនុ​វត្ត​ជំហាន​ដំបូង​នូវ​របប​គ្រោះ​​ថ្នាក់​ការ​ងារ​ ហើយ​ទៅ​អនា​គត​​នឹង​បន្ត​អនុវត្ត​របប​ចូល​និវត្តន៍​របប​បាត់​បង់​សមត្ថ​ភាព​ការ​ងារ​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​សេដ្ឋ​កិច្ច​ជាតិ​។ ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ​ ប្រព័ន្ធ​របប​សន្តិ​សុខ​សង្គម​បាន​ផ្តល់​នូវ​ការ​ធានា​រ៉ាប់​រង​ជូន​កម្មករ​ និយោ​ជិត​ជាង​មួយ​ម៉ឺន​​នាក់​។

សម្តេច​ថ្លែង​ថា រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ និង​វិធាន​ការ​ដើម្បី​បញ្ចៀស​ផល​វិបាក​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ហិរញ្ញ​វត្ថុ​ពិភព​លោក​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​មាន​លំនឹង​ ជីវ​ភាព​ប្រជា​ជន​មាន​ស្ថិរ​ភាព​ គឺ​ដោយ​វិធាន​ការ​ធានា​ ក្នុង​នោះ​ការ​ចាត់​វិធាន​ការ​បន្ទាន់​​ដើម្បី​គាំ​ទ្រ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែក​ជើង​​។ ចំពោះ​កម្មករ​ និយោ​ជិត​ដែល​បាត់​បង់​ការ​ងារ​ដើម្បី​ត្រៀម​ផ្ទេរ​ការ​ងារ​ទៅ​វិស័យ​កសិ​កម្ម​ និង​វិស័យ​ផ្សេងៗ​ទៀត​។ ជាក់​ស្តែង​កម្មករ​ និយោ​ជិត​ យុវ​ជន​ យុវ​នារី​ដែល​បាត់​បង់​ការ​ងារ​​ជាង​៤​ម៉ឺន​នាក់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ក្រោម​មូល​និធិ​ពិសេស​​សម្តេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ហើយ​កំពុង​បន្ត​។ រាជ​រដ្ឋា​ភិ​បាល​បាន​ជួយ​គាំ​ទ្រ​វិស័យ​ឯក​ជន​តាម​រយៈ​គោល​នយោ​បាយ​ពន្ធ​ដារ​ និង​ការ​ជួយ​បង់​វិភាគ​ទាន​សំរាប់​បេឡា​ជាតិ​ សន្តិ​សុខ​សង្គម​ និង​ការ​លើក​ស្ទួយ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ ការ​ទាក់​ទាញ​វិនិយោគ​ថ្មីៗ​ថែម​ទៀត​ដើម្បី​បង្កើត​ការ​ងារ​ជូន​កម្មករ​និយោ​ជិត​។

សម្តេច​តេជោ​ថ្លែង​ថា ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​នយោ​បាយ​ការ​ពារ​សិទ្ធិ​កម្មករ​ និយោ​ជិត​ និង​សេរី​ភាព​សហ​ជីព ហើយលក្ខ​ខណ្ឌ​ការ​ងារ​របស់​កម្មករ​ និយោ​ជិត​ត្រូវ​បាន​​កែ​លំអ​ជា​បន្ត​បន្ទាប់​ស្រប​តាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​​។ ជាក់​ស្តែង​បាន​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​៤​ដង​ លើក​ទី​១ ឆ្នាំ​២០០០​បាន​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​ពី​៤០​ទៅ​៤៥​ដុល្លារ​អាមេរិក​។ លើក​ទី​២ ឆ្នាំ​២០០៦ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​៤៥​ទៅ​៥០​ដុល្លារ លើក​ទី​៣ ឆ្នាំ​​២០០៨ បាន​ដំឡើង​ប្រាក់​ឧបត្ថម្ភ​​ជីវ​ភាព​បន្ថែម​ចំនួន​៦​ដុល្លារ​ត្រូវ​ជា​៥៦​ដុល្លារ​ និង​លើក​ទី​៤​ ឆ្នាំ​២០១០​ ដំឡើង​ប្រាក់​ឈ្នួល​រហូត​៦១​ដុល្លារ​អាមេរិក​ និង​ចុង​ក្រោយ​នេះ​បាន​បន្ថែម​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​រួម​មាន​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀង​ទាត់​ ប្រាក់​ថ្លៃ​បាយ​ ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ និង​រង្វាន់​អតីត​ភាព​ការ​ងារ​។

សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍ថា ថៅ​កែរោង​ចក្រ​ ក្រុម​ហ៊ុន និង​កម្មករ​មាន​ទំនាក់​ទំនង​​វិចារ​វិទ្យា​មិន​អាច​ផ្តាច់​គ្នា​បាន​ឡើយ​។ បើ​មាន​ការ​វិនិ​យោគ ​មាន​ក្រុម​ហ៊ុន​មាន​រោង​ចក្រ​ទើប​មាន​កម្មករ​និយោ​ជិត​។ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​កម្មករ​ និយោ​ជិត​នោះ​ក៏​គ្មាន​រោង​ចក្រ​ដែរ​។ ផ្តើម​ពី​ទស្សនៈ​នេះ​ត្រូវ​​ទប់​ស្កាត់​នូវ​ទស្សនៈ​ជ្រុល​និយម​ដែល​​​រត់​តាម​ផល​ប្រយោជន៍​ភាគី​ណាមួយ​ដោយ​មិន​គិត​ដល់​ភាគី​ផ្សេង​ទៀត​ដែល​អាច​នាំ​​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សង្គម​ និង​សេដ្ឋ​កិច្ច​។ ហេតុ​នេះ​ទាំង​ផ្នែក​រដ្ឋ​ ទាំង​ផ្នែក​ឯក​ជន​ សហ​ជីព កម្មករ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ចំពោះ​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ដែល​ផ្តល់​ឱកាស​ការ​ងារ​​​ មុខ​របរ​ ការ​រក​ប្រាក់​ចំណូល​ឱ្យ​ប្រជា​ជន​ និង​កម្មករ​យើង​។ បន្ត​គាំ​ទ្រ​គម្រោង​ស្តី​ពី​រោង​ចក្រ​កាត់​ដេរ​ល្អ​ប្រសើរ​របស់​អង្គ​ការ​​ពល​កម្ម​អន្តរ​ជាតិ​ ILO ដើម្បី​ជា​យន្ត​ការ​ឯក​រាជ្យ​ឃ្លាំ​មើល​លក្ខណៈ​ការ​ងារ​តាម​រោង​ចក្រ​កាត់​ដេរ​ដោយ​តម្លា​ភាព​។ គោល​ដៅ​សំខាន់​ គឺ​ការ​ពារ​សិទ្ធិ​ប្រយោជន៍​របស់​កម្មករ​ពិត​ប្រាកដ​ និង​ជា​ការ​ធានា​នូវ​ភាព​ត្រឹម​ត្រូវ​សុច​រិត​នៃ​វិស័យ​ឧស្សាហ​កម្ម​នាំ​ចេញ​របស់​កម្ពុជា​ទប់​ស្កាត់​ការ​ឃោសនា​ពី​ពួក​អគតិ​។ ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្ប​ទា​ និង​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ រួម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត​ត្រូវ​ប្រឹង​ប្រែង​រក្សា​ភាព​សុខ​ដុម​ក្នុង​ទំនាក់​ទំនង​​វិជ្ជា​ជីវៈ​ ខិ​តខំ​បង្រួម​ឱ្យ​បាន​ជា​អតិ​បរមា​នូវ​វិវាទ​ការ​ងារ​។ ត្រូវ​បន្ត​ពង្រឹង​​សមត្ថ​ភាព​ជំរុញ​ការ​កសាង​លិខិត​បទ​ដ្ឋាន​អនុវត្ត​ច្បាប់​ឱ្យ​បាន​គ្រប់​គ្រាន់​ ពង្រឹង​អធិការ​កិច្ច​ការ​ងារ​ ​ដោះ​ស្រាយ​វិធាន​ការ​ងារ​ រួម​ចំណែក​ទប់​ស្កាត់​បាតុ​កម្ម​ កូដ​កម្មឱ្យ​មាន​ប្រសិទ្ធ​ភាព​។

លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ អតីត​យុទ្ធ​ជន​​ និង​យុវនីតិ​សម្ប​ទា​បាន​ថ្លែង​ថា ទិវា​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា​ ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ថ្ងៃ​ក្រោយ​៧​មករា ឆ្នាំ​១៩៧៩​មក​ដើម្បី​រំលឹក​ដល់​សមិទ្ធ​ផល​នៃ​ការ​តស៊ូ​​របស់​បុព្វ​បុរស​ដែលបង្កើត​បាន​នូវ​លក្ខ​ខណ្ឌ​ការ​ងារ​សម​ស្រប​សម្រាប់​សង្គម​ជាតិ​​ដូច​សព្វ​ថ្ងៃ​។  ឆ្នាំ​នេះ​យើង​ប្រារព្ធ​ខួប​លើក​ទី​១២៥​នៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា​​ស្រប​ពេល​ដែល​សភាព​ការណ៍​ប្រទេស​ជាតិ​កំពុង​បន្ត​វិវឌ្ឍ​ល្អ​ប្រសើរ​។ ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​ជំហាន​ទី​២​កំពុង​នាំ​មក​នូវ​លទ្ធ​ផល​ជា​វិជ្ជ​មាន​ សន្តិ​ភាព ស្ថិរ​ភាព​ជា​តិ​ដែល​ជា​សមិទ្ធ​ផល​ជោគ​ជ័យ​នៃ​នយោ​បាយ​ឈ្នះ-ឈ្នះ​​ដែល​បង្ក​លក្ខណ​សម្បត្តិ​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។ ​

លោក​បន្ត​ថា កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ប្រឆាំង​នឹង​ពួក​សៀម​ឈ្លាន​ពាន​បាន​ទទួល​ជោគ​ជ័យ​ទាំង​លើ​សមរ​ភូមិ​ ការ​ទូត​ នយោ​បាយ​ គិត​យុត្ត និង​យោធា​ ការ​ពារ​បាន​នូវ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មិន​ឱ្យ​បាត់​បង់​មួយ​មិល្លី​ម៉ែត្រ​ណា​ឡើយ​។ ជោគ​ជ័យ​នេះ​បង្ហាញ​ច្បាស់​ពី​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ និង​ប៉ិន​ប្រសប់​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ដែល​ធ្វើ​ឱ្យ​មតិ​ជាតិ​ មតិ​អន្តរ​ជាតិ​មាន​ការ​កោតស្ញប់​ស្ញែង​យ៉ាង​ក្រៃ​លែង។ សមិទ្ធ​ផល​នៃ​ការ​អភិវ​ឌ្ឍ​ប្រទេស​ជាតិ​ វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ផលិត​​ស្បែក​ជើង​បាន​បន្ត​ពង្រឹង​ ពង្រីក​ឡើង​វិញ​។ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១០​ វិស័យ​កាត់​ដេរ​បាន​កើន​ឡើង​២០%​ចំនួន​រោង​ចក្រ​បាន​កើន​ឡើង​ពី​៤៦៩​រងោ​ចក្រ​ដល់​៥១៨​រោង​ចក្រ​ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជាង​២១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ៕