សង្គ្រាមឈ្លានពានទាំងងងើលបង្កឡើងដោយទាហានថៃមកលើអធិបតេយ្យកម្ពុជាក្រោមការទទួលបទបញ្ជាដាច់ខាតពីលោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា បានបណ្តាលឱ្យឧត្តមសេនីយ៍យោធាថៃម្នាក់ស្លាប់ក្នុងចំណោមទាហានថៃដែលបានស្លាប់ជាច្រើននាក់ទៀត ដោយសារការផ្ទុះអាវុធតបតដើម្បីការពារខ្លួនរបស់កងទ័ពកម្ពុជាប្រឆាំងនឹងខ្មាំងសត្រូវ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ៈទីឆុន អនឡាញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ លោកឧត្តមសេនីយ៍ត្រីវិថៈយ៉ាក់ សួនឈូផុន អគ្គមេបញ្ជាការរងកងកាំភ្លើងធំលេខ៦របស់យោធាថៃមកគាំទ្រដល់ទាហានថ្មើរជើងលេខ២៦របស់ខេត្តសុរិន្ទបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធជាមួយកងទ័ពកម្ពុជាដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រកន្លងមក។ សពឧត្តមសេនីយ៍យោធារូបនេះត្រូវបានខាងមន្ត្រីរាជវាំងថៃប្រទានភ្លើង និងយកកម្រងផ្កាទៅបំពាក់ធ្វើបុណ្យតាមប្រពៃណីក៏ពិតមែន ប៉ុន្តែការឈឺចាប់របស់ក្រុមគ្រួសារសព និងនាយទាហានថៃជាច្រើនក្នុងចំណោមនោះមិនប្រាកដថា ពួកគេគាំទ្រផែនការរបស់ថ្នាក់ដឹកនាំប្រទេសខ្លួនឡើយ រួមជាមួយនឹងគ្រួសារទាហានជាច្រើននាក់ទៀតដែលរងរបួស ពីព្រោះភាពតានតឹងរវាងកងទ័ព និងរដ្ឋាភិបាលស៊ីវិលមួយនេះបានកើតឡើងចាប់តាំងពីលោកអាប់ភីស៊ីត ប្រកាសថា នឹងរំលាយសភាធ្វើការបោះឆ្នោតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនបានលេចឮក្នុងទីក្រុងបាងកកអំពីការកើតមានរដ្ឋប្រហារដ៏ធំ។
សកម្មភាពបង្ខំឱ្យប្រយុទ្ធដើម្បីបំពេញមហិច្ឆតាវាតទីនិយម និងការទាក់ទាញរកសម្លេតឆ្នោតគឺបានក្លាយទៅជាផលកម្មមិនអាចប្រកែកបានដែលយោធាជាន់ខ្ពស់ថៃម្នាក់នោះបានស្លាប់ដោយគ្មានន័យ ជាមួយនិងកូនទាហានថៃដទៃផ្សេងទៀត ព្រោះតែការអនុវត្តបទបញ្ជានៃមេចលនាឈ្លានពានក្នុងឋានៈដែលពួកគេគ្រាន់តែជាអ្នកការពារជំហររបស់រដ្ឋាភិបាល និងស្មោះត្រង់ចំពោះរបបរាជានិយមមួយនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការប្តេជ្ញាចិត្តខុស តែគ្មានជម្រើសគឺបានបណ្តាលឱ្យពួកគេយកជីវិតមកបោះចោលក្នុងព្រៃនៃទឹកដីប្រទេសជិតខាងល្អដ៏តូចមួយគឺកម្ពុជា ដែលមានមេដឹកនាំដ៏វៃឆ្លាត មោះមុត អង់អាចក្លាហាន សំបូរទៅដោយបទពិសោធន៍ក្នុងការដឹកនាំបញ្ជាកងទ័ពដ៏ពូកែ និងស្ទាត់ជំនាញ ហើយដែលប្រទេសមួយនេះបាននិងកំពុងរស់នៅជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ ឬចាត់ចូលជាគំរូនៃសន្តិភាពក្នុងតំបន់ទៀតផង។
អំពើល្មោភសង្គ្រាមដោយសំអាងថា ជាប្រទេសធំ តែភ្លេចបានគិតពីវិបត្តិ និងសោកនាដកម្មនៅពីខាងក្រោយការឈឺចាប់ និងទុក្ខសោករបស់ជាតិសាសន៍ខ្លួន និងប្រទេសដទៃគឺជាឫសគល់នៃបញ្ហាដែលមានតម្លៃស្មើនឹងការប្រមាថអាយុជីវិតមនុស្ស ឬចាត់ចូលជាមេឃាតកដ៏ព្រៃផ្សៃ និងថោកទាបជាទីបំផុត ដោយការយកជីវិតអ្នកដទៃធ្វើជាដើមទុនដើម្បីតែការពារអំណាចរបស់ខ្លួនដែលស្ថិតក្នុងសភាពគ្រាន់តែជាអំណាចលើកបន្តុបមួយ។
លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីតបានជ្រើសរើសយករបៀបមួយដ៏ខុសឆ្គងបំផុតក្នុងសតវត្សទី២១នេះដែលគេពិពណ៌នាថា ជាមេដឹកនាំក្បាលរឹងមួយរូបដែលបានកសាងនូវកំហុសដ៏ធ្ងន់ធ្ងរខុសពីមេដឹកនាំនៃបណ្តាប្រទេសដទៃផ្សេងទៀតដោយការយកផែនទីចោរសម្ងាត់លួចគូសជាឯកតោភាគី គ្មានទម្ងន់ខាងផ្លូវច្បាប់ និងពុំមានអន្តរជាតិទទួលស្គាល់ ហើយបានអនុវត្តនូវផែនទីចោរនោះ ដោយប្រើកម្លាំងយោធាវាយប្រហារដើម្បីឈ្លានពានទន្ទ្រានចង់កាន់កាប់ជាក់ស្តែងមកលើទឹកដីរបស់ប្រទេសកម្ពុជាសមដូចប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ នៅឯវិមានសន្តិភាពក្នុងមហាសន្និបាតសមាគមនារីថា ការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះពុំមានរដ្ឋាភិបាលថៃណាមួយអាក្រក់ជួជាតិបំផុត ហើយដែលពុំមានរដ្ឋាភិបាលថៃណាមួយបានធ្វើក្នុងរយៈពេលកន្លងទៅទេ លើកលែងតែរដ្ឋាភិបាលអាប់ភីស៊ីតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ខ្ញុំធ្លាប់ធ្វើការជាមួយរដ្ឋាភិបាលថៃច្រើនជំនាន់មកហើយមិនទាន់មាននាយករដ្ឋមន្ត្រីណាមួយ និងរដ្ឋាភិបាលណាមួយប្រើកម្លាំងដោះស្រាយបញ្ហាដូចរដ្ឋាភិបាលអាប់ភីស៊ីតនោះទេ។ ត្រង់ចំណុចនេះក៏សូមរំលឹកផងដែរថា ក្នុងក្របខណ្ឌណាក៏ដោយជំហររបស់កម្ពុជា បន្ទាប់ពីបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោយពីកងទ័ពថៃបានឈ្លានពានមកលើកម្ពុជាកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ មកនេះ ការចរចាណាមួយរវាងបញ្ហាកម្ពុជា-ថៃនៅតំបន់ប្រាសាទព្រះវិហារត្រូវតែមានការសម្របសម្រួលពីប្រធានអាស៊ាន ដោយកម្ពុជាមិនអាចរួមគ្នាជាមួយថៃទះកំផ្លៀងអាស៊ាន ដោយការលួចចរចាគ្នាស្ងាត់ៗបានឡើយ។ ជាមួយនេះសម្តេចតេជោហ៊ុន សែន ក៏បានអំពាវនាវចំពោះឥណ្ឌូណេស៊ីក្នុងឋានៈជាប្រធានអាស៊ានថា បើថៃនៅតែមានការលំបាកទាក់ទងនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន សូមបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាមុនជាមួយនឹងការស្នើដល់ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំកំពូលនៅពេលខាងមុខសូមជម្រុញការសម្រេចចិត្តឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីការបញ្ជូនអ្នកសង្កេតការណ៍មកកាន់កម្ពុជា-ថៃ។
គួររំលឹកផងដែរថា ពិតមែនតែមិនមានប្រភពបញ្ជាក់ឱ្យបានដឹងពិតប្រាកដពីចំនួនតួលេខនៃទាហានថៃដែលបានស្លាប់នៅសមរភូមិ ប៉ុន្តែមានការសន្និដ្ឋានថា រយៈពេល៥ថ្ងៃនៃការប៉ះទង្គិចគ្នានោះទាហានថៃយ៉ាងហោចណាស់ប្រមាណ៣០នាក់បានស្លាប់ដោយគ្រាប់កាំភ្លើង បន្ទាប់ពីកងទ័ពកម្ពុជាអស់ការអត់ធ្មត់ និងធ្វើការបាញ់តបត។
ពិតមែនហើយថា ការប្រយុទ្ធគ្នាតែងតែមានស្លាប់ និងរបួសទាំងសងខាង ប៉ុន្តែកងទ័ពកម្ពុជាបានពលីជីវិតប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមជាទីបំផុត ព្រោះការបំពេញកាតព្វកិច្ចការពារទឹកដីស្របច្បាប់របស់ខ្លួន មិនដូចការស្លាប់ដោយបំរើនយោបាយឈ្លានពាននោះទេ។ ការលើកឡើងបែបនេះក៏ដើម្បីច្រានចោលនូវការចេញមកបដិសេធរបស់ថ្នាក់ដឹកនាំថៃដែលបាននិយាយបំផ្លើសថា កម្ពុជាជាអ្នកបាញ់មុន ពីព្រោះបើគិតពីឥទ្ធិពលអំណាចនៃប្រទេស និងសម្ភារសំបូរបែបរបស់ថៃប្រៀបជាមួយកម្ពុជា គឺបញ្ជាក់ថា ថៃជាដើមចមនៃការបង្កបញ្ហា។
ក្នុងព្រឹត្តិការណ៍នៃសង្គ្រាមទ្រង់ទ្រាយធំរវាងកម្ពុជា-ថៃ គឺផ្តើមចេញពីទាហានថៃបានឆ្លងដែនលបលួចចូលទៅតំបន់ប្រាសាទតាក្របី និងធ្វើការឆ្មក់វាយពីក្រោយមកលើទីតាំងកងទ័ពកម្ពុជាយ៉ាងសន្ធាប់ និងបានបាញ់ផ្លោងបន្តបន្ទាប់លើទីតាំងផ្សេងទៀតជាច្រើនកន្លែងតាមបណ្តោយព្រំដែនដោយកាំភ្លើងធំគាំទ្រប្រភេទដេកា៧៥មិល្លីម៉ែត្រ, ៨២,១០៥ និង១៥៥មិល្លីម៉ែត្ររាប់ពាន់គ្រាប់បាញ់ស្រោចជញ្ជ្រំមកលើតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ជប់គគីរ ថ្មដូន ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងចូលជ្រៅចម្ងាយប្រមាណ២០គីឡូម៉ែត្រមកលើតំបន់ដែលប្រជាពលរដ្ឋស៊ីវិលរស់នៅហើយការប៉ះទង្គិចគ្នាថ្ងៃទី៤ គឺនៅចំណុចតំបន់ភ្នំទ្រព្យក្បែរប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា។
ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់អំពីព្រឹត្តិការណ៍វាយប្រហារនោះជាមួយនឹងការបញ្ជាក់ថា ខាងទាហានថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមជាមួយផ្សែងពុល និងយន្តហោះយោធាស៊ើបការណ៍យន្តហោះបាញ់ភ្លើងបំភ្លឺ ដើម្បីអនុវត្តការវាយលុកដណ្តើមកាន់កាប់ទឹកដី និងប្រាសាទកម្ពុជា។ សម្តេចតេជោហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ជាច្រើនដងមកហើយថា មានតែអាអ្នកឈ្លានពានទេ ដែលជាអ្នកបាញ់គេមុន ដូច្នេះផែនការទុច្ចរិតរបស់ភាគីថៃ គឺបានបង្ហាញថា មានភាពខុសគ្នាដាច់ស្រឡះពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសម្តេចតេជោហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពកម្ពុជាមិនចេញជាដាច់ខាតពីទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យរំលោភឈ្លានពានទឹកដីរបស់ប្រទេសដទៃនោះដែរ(នេះគឺជាបទបញ្ជា)។
ដូច្នេះគ្មានហេតុផលណាដែលថៃមកសំអាងថា ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ជុំវិញប្រាសាទព្រះវិហារជារបស់ខ្លួនបានឡើយទឹកដីទាំងនោះគឺជាកម្មសិទ្ធិរបស់កម្ពុជាដោយការកាន់កាប់ជាក់ស្តែង និងគ្រប់គ្រងស្របច្បាប់ដោយកម្ពុជា ហើយការបញ្ជាក់ទាំងនេះ គឺគ្រប់គ្រាន់បំផុតសម្រាប់ជាសារផ្ញើជូនត្រឡប់ទៅមេបញ្ជាការកងទ័ពជើងគោកថៃប្រយុទ្ធ ចាន់អ៊ូចាដែលប៉ុនប៉ងបណ្តេញខ្មែរចេញពីតំបន់៤,៦គីឡូម៉ែត្រក្រឡា និងបានព្រមានថា មិនអនុញ្ញាតឱ្យប្រទេសទី៣ចូលមកសង្កេតការណ៍បានឡើយប្រសិនបើដរាបណានៅមានទាហានកម្ពុជានៅក្នុងតំបន់នោះ។ បន្ថែមពីលើភាពខុសឆ្គងនៃការបកស្រាយខុសដោយភាគីថៃ សូម្បីតែក្នុងសេចក្តីសម្រេច៣ចំណុចរបស់គណៈរដ្ឋមន្ត្រីថៃក៏ក្នុងនោះមានការប្រកាសប្រើកម្លាំងយោធាបណ្តេញខ្មែរចេញពីតំបន់៤,៦គីឡូម៉ែត្រក្រឡាផងដែរ ដែលនេះគឺជាការប្រកាសសង្គ្រាមប្រឆាំងនឹងកម្ពុជា ដោយមិនអាចប្រកែកបានឡើយ។
ការវាយប្រហារជាថ្មីដោយយោធាថៃ បន្ទាប់ពីមានការឈ្លានពានជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ គឺជាអំពើចេតនាឈ្លានពានដោយគិតទុកជាមុន បន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចចិត្តដោយគឃ្លើនប្រកាន់និន្នាការប្រឆាំងនឹងវត្តមានក្រុមអ្នកសង្កេតការណ៍អព្យាក្រឹតរបស់ឥណ្ឌូណេស៊ីដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នាជាថ្មី និងឈានទៅដល់ការឯកភាពឈប់បាញ់គ្នាជាចិន្ត្រៃយ៍។
ក្នុងបរិបទនេះការប្រើកលល្បិចដ៏ថោកទាបរបស់រដ្ឋាភិបាលអាប់ភីស៊ីត ដែលខិតខំបង្វែរស្ថានការណ៍អាក្រក់នៃវិបត្តិផ្ទៃក្នុងប្រទេសរបស់ខ្លួនដែលដោះស្រាយពុំរួចមកបង្កើតឱ្យមានឡើងជាការប្រយុទ្ធបង្ហូរឈាមជាមួយកម្ពុជា ដោយអាប់ភីស៊ីតរំពឹងថា ជាយុទ្ធវិធីមួយក្នុងការបំបែកភាពជាប់គាំងដែលនឹងអាចប្រឈមនាពេលខាងមុខ ប៉ុន្តែកម្ពុជាមិនបានត្រៀមខ្លួនធ្វើជាចំណាប់ខ្មាំងសម្រាប់នយោបាយក្នុងប្រទេសថៃឡើយ៕
ដោយទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ចែករំលែកព័តមាននេះ