រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារផ្តល់ព័ត៌មានយោធា លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយនៅមុននេះបន្តិចថា ថៃមិនត្រឹមតែឈ្លានពានកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះក៏បានឈ្លានពានលើគោលការណ៍អន្តរជាតិស្តីពីការឈប់បាញ់ផងដែរ ។ លោកបានបដិសេធការផ្សាយរបស់កាសែត The Nation របស់ថៃដែលផ្សាយថា កងទ័ពកម្ពុជាបានបាញ់កាំភ្លើងធំនៅលើទឹកដីរបស់គេ ។ លោកផៃ ស៊ីផាន អះអាងថា ការឈ្លានពានរបស់ថៃជារឿងដែលមិនអាចទទួលយកបាន។
សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ស្នូរកាំភ្លើងនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងសៀមនៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំបានស្ងប់ស្ងាត់វិញហើយ នៅវេលាម៉ោង១០ព្រឹក បន្ទាប់ពីបានប្រយុទ្ធគ្នារយៈពេល៤ម៉ោងដែលផ្តើមឡើងតាំងពីវេលាម៉ោង៦ព្រឹកថ្ងៃសុក្រនេះរួចមក ។ តាមសេចក្តីរាយការណ៍ពីមន្ត្រីយោធាកម្ពុជាប្រចាំខ្សែត្រៀមជួរមុខបានបញ្ជាក់ឱ្យដឹងដែរថា ការប្រយុទ្ធគ្នានេះបានធ្វើឱ្យកំពូលប្រាសាទតាក្របីត្រូវបាក់រលំហើយលើសពីនេះទៀត យន្តហោះសៀមបានហោះក្រឡឹងតាមខ្សែបន្ទាត់ព្រំដែនជាទីដែលកំពុងប្រយុទ្ធគ្នា ប៉ុន្តែនៅលើអាកាសខ្ពស់…។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរជាគ្រួសារទ័ព និងអ្នកភូមិនៅភូមិថ្មដូន ភូមិបុសធំ ស្រុកបន្ទាយអំពិលរាប់ពាន់នាក់ បាននាំគ្នាភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាព ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងរង្វង់ប្រមាណជាង១០គីឡូម៉ែត្រ ពីតំបន់ផ្ទុះអាវុធក៏បានភៀសខ្លួនផងដែរ។ ចំណែកឯអាជ្ញាធរ និងសមត្ថកិច្ចជំនាញដូចជាខាងសុខាភិបាល ឬសន្តិសុខ ជាដើម បានត្រៀមលក្ខណៈរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋស៊ីវិល ជាពិសេសក្នុងករណីដែលមានអ្នករបួសគេនឹងបញ្ជូនទៅកាន់មណ្ឌលសុខភាពជាបន្ទាន់ ។ នៅតាមព្រំដែនក្នុងទឹកដីថៃឈមជាមួយភូមិព្រៃគុប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ អ្នកភូមិបានឃើញក្បួនរថយន្តកងទ័ពថៃដែលបិទឃ្លុបជិតបានបើកចល័តជាបន្តបន្ទាប់ពីស្រុកអារញ្ញទៅកាន់ភាគខាងត្បូងមិនដឹងជាដឹកជញ្ជូនអ្វីទេ ។ ទាហានថៃបានបាញ់គ្រាប់កាំភ្លើងផ្លោងប្រភេទ១០៥មីល្លីម៉ែត្រ, ១៥៥មីល្លីម៉ែត្រ ដេកា៧៥ និង៨២ ចូលក្នុងដីកម្ពុជាជាបន្តបន្ទាប់ ហើយគេសង្ស័យថា អាចនឹងមានគ្រាប់បែកចង្កោមទៀតផង ។
ពីប្រទេសថៃឯណោះវិញ យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ថៃបានឱ្យដឹងថា ពលរដ្ឋនៅភូមិមួយក្នុងខេត្តសុរិន កាលពីព្រឹកថ្ងៃទី២២ មេសា ត្រូវបានជម្លៀសចេញក្រោយពីឮស្នូរការវាយប្រយុទ្ធគ្នាដោយគ្រាប់កាំភ្លើងធំរវាងទាហានកម្ពុជា និងសៀម ។ ការបាញ់គ្រាប់កាំភ្លើងធំនេះគឺកើតឡើងដោយសារការប៉ះទង្គិចគ្នាជាថ្មីទៀតរវាងកងទ័ពកម្ពុជា និងកងទ័ពសៀមនៅក្បែរប្រាសាទតាក្របី និងរាលដាលមកដល់ប្រាសាទតាមាន់ធំ…ប្រជាជនសៀមដែលជម្លៀសចេញនោះគឺស្ថិតក្នុងភូមិសន្តិសុខ។ ប៉ុន្តែទោះបីជាបែបណា ពុំទាន់មានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយអះអាងពីការខូចខាតទ្រព្យសម្បត្តិ និងការរងរបួសរបស់អ្នកភូមិថៃនោះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ