ខេត្តកំពត ៖ ក្រុមអ្នកលក់បន្លែ និងអ្នកលក់សាច់ជ្រូកនៅផ្សារកំពង់ត្រាច កាលពីរសៀលថ្ងៃទី២ តុលា ២០១៥ បាននាំគ្នាធ្វើការតវ៉ានៅសាលាស្រុកកំពង់ត្រាច ខណៈពេលក្រុមសន្តិសុខ និងអ្នកម៉ៅភាស៊ីផ្សារគ្រោងនឹងបណ្តេញពួកគាត់ឱ្យចូលលក់ក្នុងផ្សារវិញ ស្របពេលផ្លូវចាក់បេតុងជុំវិញផ្សារកំពង់ត្រាចមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ដើរចេញចូលស្ទើរមិនរួច ដោយសារតែយកផ្លូវសាធារណៈដាក់កន្លែងផ្ញើកង់-ម៉ូតូ ។
ស្ត្រីម្នាក់ជាអ្នកលក់សាច់ជ្រូកបាននិយាយថា អាជ្ញាធរស្រុក រួមទាំងស្រុកសន្តិសុខ គ្រោងនឹងបណ្តេញពួកគាត់ឱ្យទៅលក់ក្នុងផ្សារវិញ តើមានកន្លែងឯណាលក់ ហើយពួកក្រុមភាស៊ីស្រែកថា ចង្អៀតៗ ចុះហេតុដូចម្តេចក៏ខ្លួនឯងជាភាស៊ីផ្សារម៉ៅឱ្យគេដាក់កន្លែងផ្ញើកង់-ម៉ូតូចំកណ្តាលផ្លូវទៅវិញ ។ ស្ត្រីរូបនោះបញ្ជាក់ថា ការចង្អៀតស្ទះស្ទើរតែរាល់ថ្ងៃ ចង្អៀតដោយសារតែអ្នកលក់បន្លែ ផ្លែឈើ អ្នកលក់នំនែកឬ? ចុះត្រង់កង់-ម៉ូតូដាក់ចំកណ្តាលផ្លូវ ហេតុអ្វីគេមិនថាចង្អៀត ប៉ុន្តែអ្វីដែលគេទទួលស្គាល់នោះ គឺអ្នកលក់សាច់ជ្រូកប្រហែល៦គ្រែនោះហើយពិតជាបានដាក់លក់លើផ្លូវធ្វើឱ្យចង្អៀត និងមួយទៀតក្រុមភាស៊ីដែលបានម៉ៅការទៅឱ្យអ្នកផ្សេងដាក់កន្លែងផ្ញើកង់-ម៉ូតូចំកណ្តាលផ្លូវ ហើយក្នុងតារាងបានសរសេរជាសាធារណៈថា ម៉ូតូ១គ្រឿងផ្ញើតម្លៃតែ៣០០រៀលតែប៉ុណ្ណោះ ប៉ុន្តែនៅផ្សារកំពង់ត្រាច ផ្ញើម៉ូតូ១គ្រឿងយក១.០០០រៀល ហើយរដូវបុណ្យភ្ជុំបិណ្ឌនេះម៉ូតូ១គ្រឿងតម្លៃ២.០០០រៀល យកថ្លៃលើសបន្ទុកសៀវភៅភាស៊ីផ្សារដែលមន្ទីរហិរញ្ញវត្ថុខេត្តកំណត់ ។
លោក ហាម បាវ អ្នកដាក់ភាគហ៊ុនភាស៊ីផ្សារកំពង់ត្រាចធ្លាប់ទទួលរងការរិះគន់ពីក្រុមអាជីវករផ្សារយ៉ាងចាស់ដៃ ប្រាប់ឱ្យ«កោះសន្តិភាព»ដឹងថា ដោយសារផ្លូវចេញ-ចូលជុំវិញផ្សារចង្អៀតពេក អាជ្ញាធរស្រុកបានកំណត់រួចហើយ ឱ្យអ្នកលក់សាច់ជ្រូករើចេញពីផ្លូវទៅលក់ក្នុងផ្សារវិញ ហើយម៉ូតូដែលអ្នកម៉ៅការបានពីភាស៊ីផ្សារដាក់ផ្ញើចំកណ្តាលផ្លូវនោះ ក៏ត្រូវរៀបចំជាថ្មីដែរ កុំឱ្យចង្អៀត ។
លោក ជួន ភា អភិបាលរងស្រុកធ្លាប់បាននិយាយដែរថា រឿងដាក់ម៉ូតូនៅលើផ្លូវបេតុងនោះ គឺត្រូវតែរៀបចំឱ្យបានស្អាត មុនរដូវបុណ្យភ្ជុំបិណ្ឌ ៕
ចែករំលែកព័តមាននេះ