សារព័ត៌មានបរទេសកាលពីថ្ងៃទី០២ កញ្ញា ២០១៥ ផ្សាយថា បុរសជនជាតិចិនម្នាក់កំពុងលេចធ្លោនៅក្នុងសង្គម ដោយសារមានមុខមាត់ស្រដៀងមេដឹកនាំសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ។
បច្ចុប្បន្នបុរសនោះក្លាយជាមនុស្សល្បី ដោយតែងតែបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍ និងបានធ្វើជាតារាសម្ដែង ។ បុរសនោះឈ្មោះចាវ ជីកាវ អតីតជាកម្មករ ។ ស្ថានភាពរស់នៅរបស់ចាវ ជីកាវ បានប្រែប្រួលក្រោយពីគេស្ម័គ្រចិត្តចូលប្រឡូកក្នុងបណ្ដាញផ្សព្វផ្សាយ និងមានមិត្តភកិ្តបង្ហាញរូបភាពដែលគេច្រៀងតាមប្រព័ន្ធអីុនធើរណេត ហើយមនុស្សជាច្រើនបាននិយាយថា មុកមាត់របស់គេដូចប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។
ក្រោយមកសាមីខ្លួនបានសម្រេចចិត្តច្បិចយកចំណុចដ៏លេចធ្លោនេះ ប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតក្លាយជាមនុស្សល្បីបានចូលរួមក្នុងកម្មវិធីលេងកម្សាន្ដនានារបស់ទូរទស្សន៍ និងបច្ចុប្បន្នបានកែផ្ទៃមុខបន្ថែម ធ្វើឱ្យមុខមាត់កាន់តែដូចមេដឹកនាំអាមេរិកខ្លាំងឡើង ។
បុរសនោះរៀបរាប់ថា «ដើម្បីធ្វើឱ្យមើលទៅដូចមេដឹកនាំអាមេរិក ក្រៅពីកោរចិញ្ចើម ខ្ញុំគ្រាន់តែតុបតែងកាយ ដោយពាក់អាវចងក្រវាត់កគឺមានលក្ខណៈដូចបេះបិទតែម្ដង ។ បច្ចុប្បន្នខ្ញុំកំពុងឃ្លាំមើល និងសិក្សាពីបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់លោកអូបាម៉ា» ។
លោកចាវ ជីកាវ ជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលដែលមានមុខដូចមេដឹកនាំ កំពូលៗលើពិភពលោក គឺកន្លងមកមានបុរសម្នាក់មានមុខមាត់ស្រដៀងលោកគីម ជុងអ៊ុន អតីតមេដឹកនាំកូរ៉េខាងជើង និងបុរសម្នាក់ទៀតស្រដៀងលោកម៉ៅ សេងទុង អតីតមេដឹកនាំចិន ៕
ចែករំលែកព័តមាននេះ