រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុននេះបន្តិច មានហេតុការណ៍វាយតប់គ្នាផ្អើលក្នុងផ្សារឈូកមាស រវាងអាជីវករលក់គ្រឿងសមុទ្រនិងប្រហិត ជាមួយនិងអ្នកទិញ ដោយចោទគ្នាទៅវិញទៅមកថា ឱ្យលុយរួចហើយ តែអ្នកទិញថា មិនបានទទួលលុយនោះទេ ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលា០១ និង៥០នាទីរសៀលថ្ងៃទី២២ សីហា ២០១៥ នេះ ស្ថិតនៅចំណុចក្នុងផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ប្រភពបន្តថា មុនដំបូង គេឃើញភាគីអ្នកទិញមានគ្នាប្រុស-ស្រីចំនួន៣នាក់ជិះម៉ូតូឌ្រីមចុះមកទិញនៅកន្លែងទីតាំងខាងលើ ដោយទិញប្រហិតក្តាមតែទូទាត់លុយរួចហើយ ក្នុងនោះក៏បានទិញក្តាមបន្ថែមទៀតហើយក៏អះអាងថា ឱ្យលុយរួចហើយដែរ តែត្រូវបានអ្នកលក់និយាយថា មិនបានទទួលលុយទេ ក៏ប្រកែកគ្នារហូតដល់ផ្ទុះហិង្សាតែម្តង ។
ប្រភពបន្តទៀតថា បន្ទាប់ឈ្លោះវាយគ្នាហើយនោះ ភាគីខាងអ្នកទិញមិនបានយកក្តាមទេ នាំគ្នាជិះម៉ូតូទៅបាត់ទៅ ។
ចែករំលែកព័តមាននេះ