ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កូនប្រុស​ថៅកែ​ក្រពើ​វាយ​ប៉ូលិស​ចរាចរ​ស្រី​នៅ​ខេត្តសៀមរាប​ឈួ​ល​ដល់​សម្តេច​ក្រឡាហោម

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក ភឹង ចិន្តា​រ៉េ​ត នៅ​រសៀល​ថ្ងៃ​ម្សិលមិញ (៧ សីហា​) អះអាង​ថា កម្លាំង​របស់​លោក​កំពុង​តាម​ចាប់ខ្លួន​ជន​ឈ្មោះ លឹ​ម ស្នេហ៍​គំនិត ហៅ​ធូ

ខេត្តសៀមរាប ៖ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក ភឹង ចិន្តា​រ៉េ​ត នៅ​រសៀល​ថ្ងៃ​ម្សិលមិញ (៧ សីហា​) អះអាង​ថា កម្លាំង​របស់​លោក​កំពុង​តាម​ចាប់ខ្លួន​ជន​ឈ្មោះ លឹ​ម ស្នេហ៍​គំនិត ហៅ​ធូ ដែល​បាន​បង្ក​ហិង្សា​ ទៅ​លើ​នារីនគរបាល​ចរាចរណ៍​ម្នាក់​កាលពី​ថ្ងៃ​ទី​៤ សីហា កន្លង​ទៅ ខណៈ​ជន​រូប​នេះ​កំពុង​គេចខ្លួន ។

ការ​ថ្លែង​អំពី​ការ​តាម​ចាប់ខ្លួន​ជន​ខាងលើ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បទបញ្ជា​យ៉ាង​ក្តៅ​គគុក​មួយ​ទៅ​កាន់​សមត្ថកិច្ច​ខេត្ត ឱ្យ​តាម​ចាប់ខ្លួន​ជន​បង្ក​ហេតុនេះ​ឱ្យ​ខាង​តែ​បាន​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​ច្បាប់​ជា​អ្នក​ចាត់ចែង ។

លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត បញ្ជាក់​ថា ករណី​វ៉ៃ​ប៉ូលិស​ស្រី​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​៤ សីហា មក​ម្ល៉េះ ហើយ​ជន​ដៃដល់​បានដឹង​ខ្លួន ក៏​ព្យាយាម​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​ត្រឹម​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ ក៏​ប៉ុ​ន្តែ​មិន​ត្រូវ​គ្នា ទើប​សម្រេច​បញ្ជូន​រឿង​មក​ខាង​លោក​នៅ​ថ្ងៃ​ទី​៦ សីហា ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ជន​នោះ​មានឱកាស​រត់គេច​ខ្លួន​យ៉ាង​ដូច្នេះ ។

យោង​តាម​ប្រភព​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ស្រង់​សម្តី​ជន​រង​គ្រោះជា​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ភេទ​ស្រី ប៉ុ​ន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៤ សីហា នោះ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ឌុ​ប​ស្ត្រី​ម្នាក់ ដោយ​ពុំ​មាន​ពាក់មួក​ការពារ​សុវត្ថិភាព និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​។ ខណៈ​ឃើញ​ដូចនេះ នគរបាល​ចរាចរណ៍​ជានា​រី ក៏​បាន​កាន់ដំបង​បញ្ជា​ចរាចរណ៍​ចេញ​ទៅ​ឃាត់​ឱ្យ​ឈប់​ម៉ូតូ ប៉ុ​ន្តែ​បុរស​ម្នាក់​នោះ​អត់​ឈប់ ហើយ​ជិះ​ម៉ូតូ​តម្រង់​មក​រក​បុក​ថែម​ទៀត ព្រមទាំង​យកដៃ​គ្រវាស​ដំបង​ចរាចរណ៍​ចេញ ។

ទោះជា​បែប​ណា ប៉ូលិស​ចរាចរណ៍​ស្រី​រូប​នោះ​ក៏​បាន​តាម​កាក់​ម៉ូតូ​រហូត​ដល់​ឈប់ ។ បុរស​នោះ​ក៏​ចុះ​ពីលើ​ម៉ូតូ​ហើយ​វាយ​ប៉ូលិស​ស្រី​រូប​នោះ​មួយ​ដៃ​ត្រូវ​ដើមដៃ​ខាងស្តាំ ហើយ​រត់ឡើង​ម៉ូតូ​ប្រុង​បើក​រត់គេច ប់ុ​ន្តែ​ប៉ូលិស​ស្រី​បានរ​ត់ទៅ​ចាប់​ម៉ូតូ​មិន​ឲ្យ​បើក​រត់ ក៏​ត្រូវ​បុរស​នោះ​វាយ​នាង​មួយ​ដៃ​ទៀត​ត្រង់​ចំណុច​ដដែល បណ្តាល​ឲ្យ​ដៃ​របស់​នាង​ឡើង​ជាំ​ហើយ​ស្លុត​ដៃ​ខាងស្តាំ ។

តាម​មន្ត្រី​នគរបាល​ដដែល​ថា បន្ទាប់​មក​លោក​អនុសេនីយ៍ឯក សាយ ឌី​ណា បាន​រត់​មក​ជួយ ហើយ​លោក​ពលបាលឯក សាត ពឿ​ន ក៏​រត់​មក​ជួយ​ទៀត ទើប​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ​ជាប់ និង​រាយការណ៍​ទៅ​ថ្នាក់លើ ។ ដោយ​គោរព​បញ្ជា​ថ្នាក់លើ ក៏​ឲ្យ​ដក​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង ហើយ​បុរស​នោះ​ក៏​គេចខ្លួន​បាត់ ។

លុះ​កន្លះ​ម៉ោង​ក្រោយមក បុរស​នោះ​ក៏​ត្រឡប់​មក​វិញ​ម្តងទៀត ដោយ​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស មក​ដល់​កន្លែង​នគរបាល​ស្រី​ឈរជើង ហើយ​ចុច​កញ្ចក់​រថយន្ត​ចុះ និង​ស្រែក​ជេរ​យ៉ាង​កំរោល​ថា ៖ «​បើ​ង៉ែ​ង​មិន​សុំ​ទោស​អញ​ទេ ថ្ងៃ​ណាមួយ​នឹង​ងាប់​នឹង​រថយន្ត​អញ​ជា​មិន​ខាន!» ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​បង្ក​ហេតុនេះ​មានឈ្មោះ លឹ​ម ស្នេហ៍​គំនិត ហៅ​ធូ រស់នៅ​ម្តុំ​អាង​ក្រពើ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ករណី​នេះ​ទៅ​តាម​បទបញ្ជា​សម្តេច​ក្រឡាហោម ។

ទោះជា​យ៉ាងណា ពេញ​មួយ​រសៀល​ថ្ងៃ​ទី​៧ សីហា គេ​មិន​អាច​ស្វែងរក​ជួប​ជន​ដៃដល់​ក្នុង​បទល្មើស​បង្ក​ហិង្សា​ទៅ​លើ​ប៉ូលិស​ស្រី​ដែល​កំពុង​រត់គេច​ខ្លួន​បាន​ទេ ដោយ​គ្មាន​អ្នក​ស្គាល់​លេខ​ទូរស័ព្ទ ។ ក៏​ប៉ុន្តែ​ប្រភព​ខ្លះ​អះអាង​ថា ជន​នោះ​ជា​កូនប្រសា​អ្នកធំ​ម្នាក់ និង​ជា​កូនប្រុស​អ្នកគ្រប់គ្រង​អាង​ក្រពើ​ផ្លូវ​ទៅ​វត្ត​ស្វាយ​ក្រោម ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ករណី​ប្រើ​ហិង្សា​នេះ លោក​សូម​ទទូច​ទៅ​ដល់​ស្ថាប័ន​តុលាការ​សូម​ឱ្យ​មានការ​ដាក់ទោស ។ លោក​មាន​ប្រសាសន៍​ថា នេះ​ជា​ទ​ង្វើ​ដ៏​ព្រហើន និង​ឃោរឃៅ ដែល​សូ​ម្បី​តែ​ស្ត្រី​ស្ថិត​ក្នុង​ឯកសណ្ឋាន​ជា​សមត្ថកិច្ច ក៏​គាត់​មិន​លើកលែង​ដែរ ។ នៅ​ស្រុក​គេ ពេល​ប្រជាពលរដ្ឋ​គេ​ឃើញ​ប៉ូលិស​ឬ​សមត្ថកិច្ច គេ​មានការ​សប្បាយចិត្ត​ណាស់ ព្រោះ​មាន​អ្នក​ការពារ​សនិ្ត​សុខ​ឱ្យ ចំណែក​ជន​នេះ​បែរជា​ប្រើ​ហិង្សា​លើ​ប៉ូលិស​ទៅ​វិញ​» ។

ជុំវិញ​ករណី​នេះ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​ប្រឹងប្រែង​តាម​ប្រមាញ់​ជន​ឈ្មោះ លឹ​ម សេ្ន​ហ៍​គំនិត ហៅ​ធូ លោក​វរសេនីយ៍ទោ ភឹង ចិន្ដា​រ៉េ​ត ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត បញ្ជាក់​ថា ៖ ករណី​នេះ​ខាង​លោក​កំពុង​តែ​រៀបចំ​ឯកសារ​ចងក្រង​សំណុំរឿង​ពី​បទ «​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​» បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។

គួរ​រំលឹក​ផង​ដែរ​ថា ៖ កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ ក៏​មាន​សំណុំរឿង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ដ្រី​ដ៏​កក្រើក​ទូ​ទាំង​ប្រទេស​ស្រ​ដៀង​នឹង​ករណី​នេះ​ដែរ​គឺ លោក​ឧកញ៉ា សុខ ប៊ុ​ន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​អង្គរក្ស បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​វ៉ៃ​ទាត់​ធាក់​ទៅ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ី​ធី​អ៊ីន យ៉ាង​ចាស់ដៃ ។ បន្ទាប់​មក ជន​បង្ក​បាន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស ។ ភ្លាម​ៗ​នោះ សំណុំរឿង​ដ៏​ឃោរឃៅ ដែល​មាន​អម​ដោយ​វី​ដេ​អូ​ឃ្លី​ប​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​និង​ថ្នាក់ដឹកនាំ​ប្រទេស រហូត​ដល់​មានការ​អំពាវនាវ​ឱ្យ​ត្រឡប់​មក​ប្រទេស​វិញ ។ នៅ​ថ្ងៃ​ទី​១៨ កក្កដា ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុ​ន ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត ។

ករណី​ថ្មី​នេះ គេ​នៅ​ចាំ​មើល​សំណុំរឿង​ខាងលើ​ដែល​មាន​សណ្ឋាន​ទម្ងន់ទោស​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ តើ​សមត្ថកិច្ច​និង​តុលាការ​មាន​ចំណាត់ការ​យ៉ាងណា ៕