សារព័ត៌មាន «ញូវឆាយណា» របស់ចិនកាលពីពេល ថ្មីៗកន្លងមកផ្សាយថា បុរសឈ្មោះឈើន ស៊ើងគួន ជាជនពិការរស់នៅខណ្ឌស៊ុយស៊ី ក្រុងក្វាងចូវ ព្យាយាមតាមរកកូនប្រុសឈ្មោះឈើន ចាវយួន អាយុ២ឆ្នាំកន្លះ ដែលបាត់ពីផ្ទះតាំងពីថ្ងៃទី២ មករា ២០១៥មក ។ ទោះបីខ្លួនពិការ ប៉ុន្តែឈើន ស៊ើងគួន តស៊ូស្វែងរកកូនដោយវារជើង៤ ពាសពេញទីក្រុង ។
ឈើន ស៊ើងគួន សង្ស័យក្រុមជួញដូរកុមារជាអ្នកលួចកូនរបស់ខ្លួន ។ បុរសនេះធ្វើការក្នុងរោងចក្រផលិតទុយោសុងនោម ស្ថិតក្នុងខណ្ឌម៉ាចាង ក្រុងចានជាង ខេត្តក្វាងទុង ដោយធ្វើការក្នុងមួយសប្តាហ៍៦ថ្ងៃ ទទួលប្រាក់ខែប្រហែល១០០០ទៅ២០០០យាន់ ឬប្រហែលពី១៦២ ទៅ៣២២ដុល្លារ ។ ប្រាក់ទាំងនោះបុរសពិការទុកចាយវាយខ្លួនឯងតែ៥០ដុល្លារប៉ុណ្ណោះ ក្រៅពីនេះផ្តល់ជូនក្រុមគ្រួសារ ។
លោកឈើន ស៊ើងគួន ធ្វើការនៅទីក្រុងផ្សេងដោយទុកកូនប្រុសចាវយួន រស់នៅជាមួយជីដូនជីតាក្នុងខណ្ឌស៊ុយស៊ី ។ កាលពីថ្ងៃទី២ មករា តានិងយាយមានធុរៈចេញទៅក្រៅផ្ទះ ក៏ផ្ញើចាងយួនជាមួយអ្នកជិតខាង ហើយបាត់ខ្លួនគេតាំងពីពេលនោះមក ។
លោកឈើន ស៊ើងគួន តែងតែសុំច្បាប់ពីកន្លែងធ្វើការជាញឹកញាប់ចេញទៅស្វែងរកកូនប្រុសរបស់ខ្លួន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ តែពុំបានជួបទេ ។ ទោះបីនៅមិនទាន់មានតម្រុយពីកូនប្រុសរូបនោះក្តី បុរសពិការជាឪពុកមិនរាថយនឹងតាមរកទេ ។
ឈើន ស៊ើងគួន ចង់ឱ្យសារព័ត៌មានជួយប្រកាសរកកូនប្រុសរបស់ខ្លួន ក្រែងមានសង្ឃឹម ដ្បិតកន្លងមកប៉ូលិសជួយរកដែរ តែមិនមានតម្រុយទេ ៕
ចែករំលែកព័តមាននេះ