រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី១៨ កក្កដា បានចេញដីកាសម្រេចឃុំខ្លួនអតីតឧកញ៉ា សុខ ប៊ុន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងក្លិបកម្សាន្តយីហោ ឡាហ្គេបា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ កក្កដា ដែលបទល្មើសនេះចោទទៅតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ កក្កដា លោក សុខ ប៊ុន បានធ្វើដំណើរចេញពីប្រទេសសិង្ហបុរីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយខ្លួនឯង ។ នៅពេលចុះពីលើយន្តហោះត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានត្រៀមទុកជាស្រេចនោះ បាននាំឡើងរថយន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលបានចេញដោយលោក លាង សំណាត់ ចៅក្រមស៊ើបសួរ ។
លោក សុខ ប៊ុន មិនត្រូវបានសមត្ថកិច្ចដាក់ខ្នោះទេ មកដល់សាលាដំបូងពេលចុះពីរថយន្ត ពាក់មួកកាតឹប ដើរចូលតាមទ្វារក្រោយ ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់សមត្ថកិច្ចផងដែរ ហើយបានឡើងតាមជណ្តើរយន្តទៅជាន់ទី៤ នៃអគារសាលាដំបូង ដែលជាបន្ទប់របស់លោកចៅក្រម លាង សំណាត់ ។
គួរបញ្ជាក់ថា ខណៈពេលសមត្ថកិច្ចនាំខ្លួនលោក សុខ ប៊ុន ជូនដល់បន្ទប់លោកចៅក្រមភ្លាម គេបានឃើញមេធាវីប្រមាណពី៦ទៅ៧នាក់ដែលអះអាងថា មកការពារក្តីឲ្យឧកញ៉ា សុខ ប៊ុន ហើយក៏បានឃើញសាច់ញាតិ និងក្រុមគ្រួសារ ព្រមទាំងមានគ្រូពេទ្យម្នាក់ផងតាមពិនិត្យសុខភាព ។
ការសាកសួរលោក សុខ ប៊ុន ជាជនត្រូវចោទនៅក្នុងបន្ទប់លោកចៅក្រម មិនមានអ្នកផ្សេងក្រៅពីមេធាវីការពារក្តីនោះទេ ហើយការសាកសួរនោះបានធ្វើឡើងអស់រយៈពេលជាង៥ម៉ោង ដោយមិនបានឈប់សម្រាក ។ រហូតដល់ម៉ោងប្រមាណ១និង៣០នាទី ការសាកសួរត្រូវបានបញ្ចប់ ។ ក្រោយពីបញ្ចប់ការសាកសួរហើយ ទើបលោកចៅក្រមសម្រេចចេញដីកាឃុំខ្លួនលោក សុខ ប៊ុន ដាក់ពន្ធនាគារព្រៃ.សជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកការស៊ើបអង្កេត និងឈានទៅបើកសវនាការជំនុំជម្រះទោស រឿងប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលជនរងគ្រោះគឺកញ្ញាឯក សុជាតា ហៅសាសា ។
ក្រោយពេលលោកចៅក្រមសម្រេចឃុំខ្លួនលោក សុខ ប៊ុន ត្រូវសមត្ថកិច្ចបាននាំខ្លួនទៅកាន់ពន្ធនាគារព្រៃ.សភ្លាម ដោយមានការរៀបចំជម្លៀសជនត្រូវចោទ សុខ ប៊ុន ក្នុងចេតនាគេចពីកាមេរ៉ារបស់អ្នកកាសែតដូចលេងបិទពួន ។
គួរបញ្ជាក់ថា នៅថ្ងៃដែលឧកញ៉ា សុខ ប៊ុន ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ និងនៅពេលលោកចៅក្រមកំពុងធ្វើការសាកសួរ អ្នកសារព័ត៌មានក្នុងស្រុកមានទូរទស្សន៍ និងអ្នកកាសែតជាច្រើនស្ថាប័នបានទៅរង់ចាំស្វាគមន៍យកព័ត៌មាន និងថតរូបភាព ។
ប៉ុន្តែអ្វីដែលខកចិត្តពីសំណាក់ក្រុមអ្នកតាមប្រមាញ់ព័ត៌មាននោះ គឺក្រុមគ្រួសារបូកទាំងមេធាវីការពារក្តី ដោយមានការជ្រោមជ្រែងពីនគរបាលការពារផងដែរនោះ ហាក់ដូចជួយបិទបាំង មិនឲ្យអ្នកសារព័ត៌មានបានសាកសួរ និងថតយករូបភាពនោះទេ ពោលគឺនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានយករថយន្តដែលមានសារ៉ែនសម្រាប់ដឹកជនសង្ស័យទៅបញ្ឈរ និងបញ្ឆេះចាំនៅមុខជណ្តើរសាលាដំបូង ដែលជាទីកន្លែងនាំជនសង្ស័យចុះ ប៉ុន្តែដូចពួកគេបញ្ឆោត ។ ពេលនោះបានធ្វើឲ្យក្រុមអ្នកសារព័ត៌មានស្មានមិនដល់ថា គេបញ្ឆោតទេ គឺភ្ជង់កាណុងកាមេរ៉ារង់ចាំត្រៀបត្រា ។ ផ្ទុយទៅវិញ ត្រូវបានគេនាំចេញតាមទ្វារមុខ និងនាំលោក សុខ ប៊ុន ឡើងជិះរថយន្តម៉ាកឡង់គ្រីស្ស័រស៊េរីទំនើប១គ្រឿង ពណ៌ស ដែលមានពាក់ស្លាកលេខ ន.ប បញ្ឆេះចាំរួចជាស្រេច ចេញទៅបាត់ក្រោមតំណក់ភ្លៀងរលឹម ធ្វើឲ្យអ្នកកាសែត និងទូរទស្សន៍ខកចិត្តស្តូកគ្រប់គ្នា ។
អ្នកខ្លះនិយាយថា នេះបើកុំតែរឿងក្តីញ័រកក្រើកធរណីទេ កុំអីប្រហែលជាកញ្ញា សាសា ទទួលបានតែការឈឺចាប់ប៉ុណ្ណោះ ។ ជាក់ស្តែងដូចករណីនេះជាដើម សូម្បីតែនគរបាលក៏លេង១ក្បាច់ជួយលាក់បាំង ធ្វើឱ្យអ្នកឆ្លុះកង្កែបហួសចិត្តគ្រប់គ្នា ។
នៅថ្ងៃទី១៩ កក្កដា លោក ពុធ ធាវី មេធាវីការពារក្តីឲ្យជនរងគ្រោះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ភាគីដើមបណ្តឹងនឹងចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួបតំណាងអយ្យការ ។ ចំពោះបណ្តឹងទារសំណងកម្រិតណានោះ លោក ពុធ ធាវី អះអាងថា រង់ចាំមើលស្ថានភាពសុខភាព និងជំងឺកញ្ញា សាសា ជាជនរងគ្រោះសិន រួមទាំងថ្លៃព្យាបាលផង ។ ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលនៃប្រាក់សំណងរដ្ឋប្បវេណី នឹងអាចដឹងក្នុងសប្តាហ៍នេះដែរ ។
តាមគេហទំព័រថ្មីៗបានវាយតម្លៃថា រឿងរ៉ាវ សុខ ប៊ុន-សាសា បាននាំមុខរឿងរ៉ាវព្រំដែន និងរឿងសេចក្តីព្រាងច្បាប់ NGOs ទៅទៀត ៕
ចែករំលែកព័តមាននេះ