ខេត្តបន្ទាយមានជ័យ ៖ ពលករខុសច្បាប់ដែលភាគីថៃបញ្ជូនតាមរថយន្តទ្រុង មកឱ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្តកើតមានជារៀងរាល់ថ្ងៃ ប៉ុន្តែទិន្ន័យ២ខែចុងក្រោយនេះ ត្រូវបានគេលាក់បាំងព័ត៌មានដោយមិនដឹងពីមូលហេតុទេ ។
ប្រភពបានឱ្យដឹងថា ពលករបញ្ជូនពីថៃមានថ្ងៃខ្លះតិច ថ្ងៃខ្លះច្រើន រហូតដល់៥រថយន្ត បើទោះជាមួយរយៈកន្លងមកនេះ ខាងភាគីថៃបានបើកចំហទទួលពលករធ្វើប័ណ្ណស៊ីជម្ពូរក៏ដោយ ។ ទោះបីជាចំនួនពលករបញ្ជូនពីថៃ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះជាលំដាប់ពីមួយខែទៅមួយខែ ខុសពីបណ្ដាឆ្នាំមុនៗ ប៉ុន្តែការដឹកជញ្ជូនពលករត្រឡប់ពីថៃនេះ ពលករខ្មែរក្នុងរថយន្តទ្រុង ដែលថៃដឹកបញ្ជូននោះ នៅតែមានសភាពញាត់ណែនដូចដឹកសត្វធាតុដដែល ។
ទិន្ន័យពលករបញ្ជូនពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងរយៈពេល២ខែចុងក្រោយនេះ មិនត្រូវបានមន្ត្រីប្រចាំនៅទីតាំងទទួលពលករប្រាប់ឱ្យដឹងនោះទេ ដោយប្រាប់ថា ជាបញ្ជារបស់លោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត ។
លោកស្រីស៊ិន ណាំយ៉ុង ក៏ដូចជាមន្ត្រីសាលាក្រុងប៉ោយប៉ែតម្នាក់ទៀត ដែលប្រចាំនៅទីតាំងទទួលពលករបញ្ជូនពីថៃក្នុងភូមិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា លោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត មិនអនុញ្ញាតឱ្យពួកគាត់ផ្ដល់ព័ត៌មានពាក់ព័ន្ធនិងទិន្ន័យពលករបញ្ជូនពីប្រទេសថៃ ទៅក្រុមអ្នកយកព័ត៌មាននោះទេ ហើយថាបើអ្នកយកព័ត៏មានចង់បានត្រូវទាក់ទងផ្ទាល់ទៅលោកអភិបាលរងក្រុងលោកទូច មុន្នី ទើបបាន ។
ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់មន្ត្រី២រូបខាងលើ លោកទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែត ដែលគេដឹងថា ជាប្រធានអនុគណៈកម្មការទទួលពលករនៅទីតាំងទទួលពលករបញ្ជូនពីថៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកដែលមន្ត្រីទាំង២ខាងលើ ប្រាប់ថាលេខ០១២ ៩៩៨ ៩៩៨ នោះ កោះសន្តិភាពចុចចូលជាច្រើនដងតាំងពីខែមុន មិនដែលទទួលហើយ កាលពីម្សិលមិញ (០១ កក្កដា ២០១៥) ពេលមានអ្នកទទួល បែរជាឆ្លើយថា ខ្លួនមិនមែនជាលោកទូច មុន្នី ទេ និងប្រាប់ថា ច្រឡំលេខហើយ ។
ចែករំលែកព័តមាននេះ