ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវជ្រូកព្រៃខ្វេះ ខណៈបណ្តើរសត្វឆ្កែចំនួន៤ក្បាល ដើម្បីទៅមើលចម្ការដំឡូងមីរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល៣គីឡូម៉ែត្រ លុះពេលទៅជិតដល់ ស្រាប់តែប្រទះឃើញជ្រូកព្រៃ១ក្បាលទម្ងន់ប្រហែលជាង១០០គីឡូក្រាមបាក់ជើងមុខម្ខាង កំពុងចុះផឹកទឹកអូរ ក៏ស្រែកហៅមិត្តភក្តិ៤នាក់នៅក្បែរនោះ នាំគ្នាដេញវាយប្រហារជ្រូក១ក្បាលនោះ ក៏ត្រូវជ្រូកបែរមកដេញខ្វេះវិញ បណ្តាលឱ្យរងរបួសធ្ងន់តែ
ម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា ២០១៥ ស្ថិតនៅចំណុចចម្ការ ក្នុងភូមិកោះកុង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ រូបគេបានបណ្តើរសត្វសុនខ (ឆ្កែ) ចំនួន៤ក្បាល ក្នុងគោលបំណងទៅមើលចម្ការដំឡូងមី ដែលបានដាំកាលពីខែមុន ហើយក៏ត្រូវភ្លៀងជាច្រើនមេកន្លងទៅ លុះដើរទៅដល់ក្បែរអូរ ស្រាប់តែសត្វឆ្កែរបស់ខ្លួនទាំង៤ក្បាលបាននាំគ្នាព្រូស និងដេញខាំជ្រូកព្រៃដ៏ធំ១ក្បាល មានសម្បុរពណ៌ខ្មៅ និងមានចែនៅសងខាងមាត់យ៉ាងវែង ។
ប្រភពបន្តទៀតថា ពេលនោះរូបគេក៏ស្រែកហៅមិត្តភក្តិចំនួន៤នាក់ទៀតនៅក្បែរចម្ការរបស់ខ្លួនឱ្យមកជួយដេញវាយសត្វជ្រូក១ក្បាលនេះ តែត្រូវជ្រូកដែលពិការជើងម្ខាងនេះបានបែរមកខ្វេះសត្វឆ្កែ១ក្បាលក្នុងចំណោម៤ក្បាល បណ្តាលឱ្យរបួសធ្លាយពោះ ហើយក៏បន្តដេញខ្វេះមនុស្សអ្នកដេញធ្វើឱ្យភ័យរត់គេចខ្លួនព្រោងព្រាតផងដែរ ។
ចំណែករូបគាត់ ដោយសារឃើញជ្រូករបួស ព្រោះឆ្កែខាំ និងរត់ទៅមុខលែងរួច ហើយក៏ស្ទុះទៅវាយ តែត្រូវជ្រូកបែរមកបុកផ្តួល រួចខ្វេះជាច្រើនដង បណ្តាលឱ្យមុតកំភួនជើងខាងស្តាំ និងមុតគូទដេកដួលនៅក្នុងថ្លុកឈាម ។ ពេលនោះដោយមានឆ្កែមកជួយខាំ ទើបជ្រូក១ក្បាលនេះបន្តរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ