ខេត្តស្វាយរៀង ៖ បុរសចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់នៅនឹងកន្លែង បន្ទាប់ពីត្រូវប្អូនថ្លៃប្រុសវាយចំនួន៥ព្រនង់ បណ្តាលឱ្យហើមជាំខ្មៅពេញខ្លួន បង្កឱ្យភ្ញាក់ផ្អើលកាលពីរវេលាម៉ោង០៨ព្រឹកថ្ងៃទី៦ ឧសភា ២០១៥ ស្ថិតនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអុក ឈិន អាយុ៧៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជីកដីធ្វើរបងផ្ទះដែលរបងចាស់បាក់រលំដួល ក៏ជួសជុលរបងឡើងវិញ ស្រាប់តែឈ្មោះខន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ដែលមានផ្ទះជាប់របងនឹងគ្នាមកឈ្លោះរករឿងមិនឱ្យធ្វើរបងដោយនិយាយថា ឯងធ្វើរបងចូលដីយើងហើយ ។
ជនរងគ្រោះបានតបថា អញធ្វើតែតាមរបងចាស់ទេ ក្រោយមកជនបង្កនិយាយរអ៊ូរតិចៗដោយជនរងគ្រោះថ្លង់ស្តាប់មិនឮ ហើយកូនចៅក៏មិននៅ ខណៈជនរងគ្រោះកំពុងអង្គុយជីកបង្គោលរបង ក៏ត្រូវជនបង្កជាប្អូនថ្លៃទាញព្រនង់ប៉ុនកំភួនដៃវាយសំពងទៅលើជនរងគ្រោះយ៉ាងរន្ថើន១ព្រនង់ចំក្បាលដួលផ្កាប់មុខទៅលើដី និងវាយ២ព្រនង់ចំឆ្អឹងខ្នង ២ប្រនង់ចំចង្កេះ សន្លប់នៅនិងកន្លែងពេលនោះ អ្នកជិតខាងបានឃើញ ក៏ស្រែកឆោឡោ ទើបជនបង្កឈប់វាយ និងដើរចូលក្នុងផ្ទះអ្នកជិតខាង ក៏ហៅរថយន្តដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។ រីឯជនបង្កបានចូលអង្គុយក្នុងផ្ទះធ្វើព្រងើយ ដោយជនរងគ្រោះពោះម៉ាយនៅផ្ទះម្នាក់ឯង កូនៗនៅឆ្ងាយ ហើយចៅស្រីបានដឹង ក៏ប្រញាប់មកមើលតាដេកពេទ្យ ពុំមានអ្នកណាប្តឹងសមត្ថកិច្ចទេ ទើបគ្មានសមត្ថកិច្ចណាចុះទៅចាប់ជនបង្កឡើយ ។
អ្នកស្រុកនិយាយថា ជនបង្កនេះមានចរិតអាក្រក់ណាស់ ឱ្យតែស្រវឹងស្រារករឿងឈ្លោះជាមួយបងថ្លៃ មិនដឹងជាប៉ុន្មានដងមកហើយរាប់មិនអស់ ក៏ប៉ុន្តែជនរងគ្រោះមិនដែលតបតទេ ដោយគាត់ចាស់ជរាថ្លង់ស្តាប់មិនឮ មិនគួរវាយគាត់ដូច្នេះសោះ ហើយអ្នកជិតខាង រង់ចាំមើលថា តើនគរបាលចាប់ខ្លួនជនបង្កដែរឬទេ? រីឯនគបាលវិញប្រាប់ថា ចាប់ខ្លួនលុះត្រាតែមានអ្នកប្តឹងទើបចាប់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ