រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៥ ឧសភា ២០១៥ ពាក់ព័ន្ធករណីដាក់ថ្នាំសណ្តំបុរសម្នាក់យកម៉ូតូ ដែលបានស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះកែវ លីដា ហៅកែវ កក្កដា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ជាវ វិបុល អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដែលចុះអនុវត្តកិច្ចការងារនេះផ្ទាល់ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៥ ឧសភា ២០១៥ នោះ ការិយាល័យរបស់លោកទទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលត្រូវជនសង្ស័យដាក់ថ្នាំសណ្តំយកម៉ូតូ១គ្រឿង ។
លោកបន្តថា តាមពាក្យបណ្តឹងជនរងគ្រោះអាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ8E1 មហាវិថីសុធារស សង្កាត់ចតុមុខ ខណ្ឌចំការមន ជាបុគ្គលិកក្រុមហ៊ុន បានប្តឹងចោទប្រកាន់ឈ្មោះកែវ លីដា ហៅកក្កដា បានប្រើល្បិចដាក់ថ្នាំសណ្តំលើរូបគេយកម៉ូតូ១គ្រឿង ទើបនៅល្ងាចថ្ងៃទី៥ ឧសភា នោះ កម្លាំងជំនាញរបស់លោកឃាត់ខ្លួនយុវជនឈ្មោះកែវ លីដា ហៅ កក្កដា ដោយបានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ច្បាស់ថា កាលពីចុងឆ្នាំ២០១៤ ខ្លួនលេងហ្វេសប៊ុក និងបានស៊ែចុះឡើងជាមួយឈ្មោះកែវ លីដា ហើយបានរាប់អានគ្នាជាធម្មតា តែមិនដែលបានជួប និងឃើញមុខគ្នាផ្ទាល់ទេ ។ លុះនៅថ្ងៃទី២៩ មេលា ២០១៥ ហើយនៅវេលាម៉ោង៤រសៀល ឈ្មោះកែវ លីដា បានបង្ហោះតាមហ្វេសប៊ុកមករូបគេថា ល្ងាចនេះយើងណាត់ជួបគ្នាញ៉ាំស៊ុបនៅម្តុំអតីតរោងភាពយន្តគិរីរម្យ ។
បណ្តឹងជនរងគ្រោះបន្តទៀតថា ក្រោយពីណាត់គ្នាហើយល្ងាចនោះ ពួកគេក៏បានទៅជួបតាមការកំណត់ និងបានចូលញ៉ាំស៊ុបហាងមួយនោះរហូតដល់ម៉ោង៩យប់ថ្ងៃដដែល ។ ពេលញ៉ាំស៊ុបហើយ ពួកគេបាននាំគ្នាឡើងជិះម៉ូតូម៉ាក FTR ម៉ូតូធំ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ ពាក់ស្លកាកលេខ ភ្នំពេញ១AS-២៨២៦ ដែលជាម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះម៉ូតូសំដៅទៅកន្លែងដេក ពេលទៅដល់សាលាសាកលវិទ្យាល័យបៀលប្រាយជនរងគ្រោះបានយកម៉ូតូទៅផ្ញើនៅទីនោះ និងបានយកសំបុត្រផ្ញើជាមួយកូនសោដាក់ចូលក្នុងកាបូបលុយ រួចក៏នាំគ្នាដើរចូលផ្ទះជួល លេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ រហូតដល់ថ្ងៃទី៣០ មេសា វេលាម៉ោង៣រសៀល ពេលដឹងខ្លួន ស្រាប់តែនៅមន្ទីពហុព្យាបាលសុខា ពេលនោះទើបដឹងថា ខ្លួនត្រូវថ្នាំសណ្តំ និងអស់ម៉ូតូ១គ្រឿង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ