ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ក្រមុំ​​បាយ​បាយ​រោង​ការ​​ស្រវា​យក​សង្សារ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​នៅ​តំបន់​ដាច់​ស្រយាល​មួយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​សំឡូត​កាលពី​ចុង​ខែមេសា​កន្លង​ទៅ​នេះ គឺ​ដោយសារ​កូនក្រមុំ​បាន​រត់​ចោល​កូនកំលោះ​ទាំង​កណ្ដាល​យប់​នៅ​ថ្ងៃ​ចូល​រោងការ ទៅ​តាម​សង្សារ​

ខេត្តបាត់ដំបង ៖ អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​នៅ​តំបន់​ដាច់​ស្រយាល​មួយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​សំឡូត​កាលពី​ចុង​ខែមេសា​កន្លង​ទៅ​នេះ គឺ​ដោយសារ​កូនក្រមុំ​បាន​រត់​ចោល​កូនកំលោះ​ទាំង​កណ្ដាល​យប់​នៅ​ថ្ងៃ​ចូល​រោងការ ទៅ​តាម​សង្សារ​បណ្តូលចិត្ត​របស់​នាង ។ បច្ចុប្បន្ន រឿង​ដែល​ធ្វើ​ឱ្យ​កូនកំលោះ​ក្អួត​ឈាម​នេះ បាន​ឈាន​ដល់​សាលាដំបូង​ហើយ បន្ទាប់​ពី​ភាគី​ខាង​ស្រី​មិន​ព្រម​បង់​សំណង​ខ្លះ​នៃ​ប្រាក់​បណ្ណាការ​ទៅ​តាម​ការ​ទាមទា​របស់​ភាគី​កូនកំលោះ ។

បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ចឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​ដ៏​ជូរ​ចត់​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៦-២៧ ខែមេសា​កន្លង​ទៅ នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត  ដែលកូនកំលោះ​ឈ្មោះ កុក ប្រុស ហៅ​ចាន់​ណា អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ហើយ​មក​ស្នាក់​នៅ​ជាមួយ​ឪពុកធំ​នៅ​ស្រុក​សំឡូត ដើម្បី​ធ្វើ​ចម្ការ ។ រីឯ​កូនក្រមុំ​ឈ្មោះ ផុ​ន ស្រី​ម៉ាច អាយុ​១៨​ឆ្នាំ ត្រូវជា​កូនលោក ប៊ួ ផុ​ន មេ​ភូមិ​តា​តោក​នេះ​តែ​ម្ដង ។

មន្ត្រី​សមត្ថកិច្ច​ប្រាប់​ថា នាង ផុ​ន ស្រី​ម៉ាច ត្រូវ​យុវជន​ក្លាហាន​វ័យ​១៦​ឆ្នាំ​ម្នាក់​ឈ្មោះ ផល ឈុ​ន​លី រស់នៅ​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ឆ្មក់​ចូល​ទៅ​ពង្រត់​ចេញពី​ក្នុង​រោងការ នាវេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ មេ​សា ហើយ​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ខណៈ​ភ្ញៀវ​និង​សាច់ញាតិ​មួយ​ចំនួន​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក និង​ខ្លះ​ទៀត​កំពុង​ផឹកស៊ី​ក្នុង​រោងការ​នៅឡើយ ។ ប៉ុន្តែ​សំណុំរឿង​នេះ​ត្រូវ​បាន​ភាគី​ខាង​ប្រុស​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា បន្ទាប់​ពី​ភាគី​ខាង​ស្រី​មិន​ព្រម​ជួយ​បង់​សំណង​ខ្លះ​នៃ​ប្រាក់​បណ្ណាការ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ខាង​ប្រុស ។

លោក ម៉ែ​ន រី​ម អធិការរង​នគរបាល​ស្រុក​សំឡូត ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា បន្ទាប់​ពី​បាត់​កូនក្រមុំ​ពី​រោងការអាណា ព្យា បាល​នៃ​ភាគី​ទាំង​ពីរ​បាន​នាំ​គ្នា​មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ដើម្បី​សម្របសម្រួល​គ្នា​ពី​សំណង​បណ្ណាការ ខណៈ​ភាគី​ទី​៣ ដែល​ជា​អ្នក​ពង្រត់​កូនក្រមុំ​គេ បាន​ដឹក​ដៃ​គ្នា​ចូល​មក​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែរ ។ ពេល​ជួបជុំ​គ្នា​នៅ​ចំពោះ​មុខ​សមត្ថ កិច្ច​បែប​នេះ ភាគី​ទាំង​៣​មិន​បាន​ពឹងពាក់​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ដំណោះស្រាយ​ទេ ដោយ​ពួក​គេ​សុំ​យក​សំណុំរឿង​នេះ​ទៅ​ដោះស្រាយ​គ្នា​នៅ​សាលាឃុំ​តា​តោក​វិញ​។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ឮ​ថា ការ​ចរចា​នោះ​មិន​ចុះសម្រុង​គ្នា ដោយសារ​តែ​ភាគី​ខាង​ស្រី​មិន​ព្រម​បង់​សំណង​បណ្ណាការ​ឲ្យ​ទៅ​ខាង​ប្រុស ដែល​ជា​ហេតុ​នាំ​ឲ្យ​ភាគី​ខាង​ប្រុស​សម្រេច​ប្ដឹង​បន្ត​ទៅសាលាដំបូង​តែ​ម្ដង ។

សាមីខ្លួន​កូនកំលោះ លោក កុក ប្រុស ហៅ​ចាន់​ណា បាន​និយាយ​ពី​ការ​ទាមទា​សំណង​បណ្ណាការ​ពី​ភាគី​ខាង​ស្រី​ថា ដំបូង​លោក​ទាមទារ​ឲ្យ​ភាគី​ខាង​ស្រី​បង់​សំណង​ជំងឺ​ចិត្ត និង​បណ្ណាការ​ចំនួន​៥.០០០​ដុល្លារ តែ​ឪពុក​ខាង​ស្រី គឺ​លោក ប៊ួ ផុ​ន ដែល​ជា​មេ​ភូមិ​តា​តោក​ផង​នោះ ព្រម​សង​តែ​ចំនួន​២.៨០០​ដុល្លារ​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ទឹកប្រាក់​ថ្លៃ​បណ្ណាការ (​ថ្លៃទឹកដោះ​) ដែល​លោក​បាន​ប្រគល់​ជូន​ទៅ​ភាគី​ខាង​ស្រី​មុន​ពេល​រៀប​ការ ។ កូនកំលោះ​បន្ត​ថា ការ​ចរចា​គ្នា​នោះ ឪពុក​កូនស្រី​ព្រម​បង់​សំណង​ត្រឹមតែ​២.៨០០​ដុល្លារ​បុ​៉​ណ្ណោះ និង​មិន​ព្រម​ឡើង​បន្ថែម​លើ​នេះ​ទេ បើ​ទោះជា​លោក​បន្ធូរបន្ថយ​ចុះ​ត្រឹម​៣.០០០​ដុល្លារ​ក្ដី ។ លោក កុក ប្រុស បញ្ជាក់​ថា ការ​ចរចា​នេះ​បាន​ឈាន​ដល់​ការ​តឹងសរសៃក​ដាក់​គ្នា​មួយ​រំពេច​នៅ​ក្នុង​សាលាឃុំ​តា​តោក បន្ទាប់​ពី​ភាគី​ខាង​ស្រី​បដិសេធ​មិន​ព្រម​ផ្ដល់​សំណង​ចំនួន​៣.០០០​ដុល្លារ ។

មិនតែប៉ុណ្ណោះ ដោយ​ឃើញ​គ្រួសារ​លោក​ក្រីក្រ គ្មាន​សមត្ថភាព​តវ៉ា​តាម​ផ្លូវច្បាប់ ភាគី​ខាង​ស្រី​បាន​គំរាមកំហែង​លោក​តាម​អំពើ​ចិត្ត ថែម​ទាំង​ជំរុញ​ឲ្យ​លោក​ទៅ​ប្ដឹង​ដល់​ណា ក៏​ប្តឹង​ទៅ​ទៀត​ផង ។ ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា លោក​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ដាក់​ពាក្យបណ្ដឹង​តាម​ការ​ជំរុញ​របស់​ភាគី​ខាង​ស្រី​តែ​ម្ដង ដើម្បី​សុំ​ឲ្យ​សាលាដំបូង​ជួយ​រក​យុត្តិធម៌ ។ ការ​ដាក់​បណ្ដឹង​នៅ​សាលាដំបូង​នេះ គឺ​លោក​មិន​ទាមទារ​សំណង​ចំនួន​៣.០០០​ដុល្លារ ឬ​៥.០០០​ដុល្លារ​ដូច​ការ​សម្របសម្រួល​នៅ​សាលាឃុំ​តា​តោក​ពី​លើក​ដំបូង​ទេ គឺ​លោក​ទារ​សំណង​ទ្វេ​ដង​បន្ថែម​លើ​ថ្លៃ​បណ្ណាការ​ចំនួន​២.៨០០​ដុល្លារ ទាំង​សំណង​ជំងឺ​ចិត្ត និង​កិត្តិយស​របស់​លោក​ផង ។

ជុំវិញ​ការ​លើក​ឡើង​របស់​សាមីខ្លួន​កូនកំលោះ​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ប៊ួ ផុ​ន ឪពុក​ខាង​ស្រី ឬ​សាច់ញាតិ​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​៥ ឧសភា ។ លោក ម៉ែ​ន រី​ម អធិការរង​នគរបាល​ស្រុក​សំឡូត​បញ្ជាក់​ថា លោក​ស្មានថា​ភាគី​ទាំង​២​ត្រូវ​រូ​៉​វ​គ្នា​តាំងពី​ថ្ងៃ​ចរចា​គ្នា​ដំបូង​ម្ល៉េះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ស្រាប់តែ​លោក​ទទួល​ព័ត៌មាន​ថា សាមីខ្លួន​កូនកំលោះ​បន្ត​ប្ដឹង​ភាគី​ខាង​ស្រី​ទៅ​សាលាដំបូង​ទៀត ។ ប៉ុន្តែ​ផ្លូវច្បាប់​ភាគី​ខាង​ស្រី​ត្រូវ​តែ​បង់​សំណង​បណ្ណាការ ឬ​សំណង​ជំងឺ​ចិត្ត​ដល់​ភាគី​ខាង​ប្រុស​ខ្លះ​ហើយ មិន​គួរ​បដិសេធ​បែប​នេះ​ទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ថា រហូត​មក​ដល់​ពេល​នេះ ភាគី​ខាង​ស្រី​បាន​បង់​សំណង​ឡើង​ល្វីងមុខ​ហើយ ដោយសារ​តែ​ពិធី​មង្គលការ​កូនស្រី​មិន​តាម​គន្លង​ធម៌​នេះ ដូច​ជា​បង់​ទៅ​លើ​ភ្លេងខ្មែរ ចៅ​មហា មេក្រូ ចុងភៅ និង​ផ្នួង​ជាដើម ។ ចំណែក​យុវជន ផល ឈុ​ន​លី និង​នាង​ផុ​ន ស្រី​ម៉ាច ក៏​បាន​សម្រេច​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​យុវជន​វ័យ​១៦​ឆ្នាំ​រូប​នេះ​មិន​ចាំបាច់​ចំណាយ​ប្រាក់​មួយ​សេន ខណៈ​លោក កុក ប្រុស ហៅ​ចាន់​ណា ខាតបង់​យ៉ាង​ចាស់ដៃ ទាំង​ទ្រព្យសម្បត្តិ ទាំង​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ តែ​លោក​សង្ឃឹមថា សាលាដំបូង​នឹង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​រូប​លោក​ជា​មិន​ខាន ៕