ខេត្តត្បូងឃ្មុំ ៖ នារីម្នាក់ត្រូវអ្នករត់ម៉ូតូឌុបចិត្តអប្រិ៍យឌុបចូលផ្ទះសំណាក់ថ្នល់ទទឹង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជុប ស្រុកត្បូងឃ្មុំ កាលពីវេលាអាធ្រាត្រឈានចូលព្រឹក ថ្ងៃទី២ ឧសភា ២០១៥ ប៉ងចាប់រំលោភសេពសន្ថវៈ តែត្រូវបានម្ចាស់ផ្ទះសំណាក់ចិត្តធម៌ជួយនាំនាងទៅរកកន្លែងសុវត្ថិភាព ចំណែកអ្នករត់ម៉ូតូឌុបកំហូចនោះបានគេចខ្លួនបាត់ស្រមោល។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ឲ្យដឹងថា នារីរងគ្រោះវ័យ១៨ឆ្នាំរូបនេះត្រូវបានសាច់ញាតិជាបងប្អូនជីដូនមួយនាំចេញពីស្រុកឈូក ខេត្តកំពត ឆ្ពោះមកកាន់ហាងខារ៉ាអូខេមួយនៅក្រុងសួង កាលពីថ្ងៃទី៣០ មេសា ២០១៥ ដើម្បីបំរើការងារនៅទីនោះធ្វើជាអ្នកបំរើខារ៉ាអូខេយកប្រាក់ទៅផ្តត់ផ្គង់ជីវភាពគ្រួសារ ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា នៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ឧសភា ពេលដែលនារីរងគ្រោះបំរើភ្ញៀវចូលច្រៀងសប្បាយ ភ្ញៀវចេះតែលូកលាន់នាងពេកធ្វើឱ្យនាងទ្រាំនៅមិនបានក៏លួចរត់គេចចេញមកក្រៅហាង ហើយបានហៅម៉ូតូឌុប១គ្រឿងឲ្យឌុបទៅកាន់ក្រុងកំពង់ចាម តែអ្នករត់ម៉ូតូឌុបកំហូចនោះបែរជាឌុបនាងចូលទៅផ្ទះសំណាក់ថ្នល់ទទឹងជួលបន្ទប់មួយដើម្បីដេក។
ពេលទៅដល់លើបន្ទប់ផ្ទះសំណាក់ អ្នករត់ម៉ូតូឌុបនោះបានអូសដៃនាងចូលទៅក្នុងបន្ទប់ តែនាងមិនព្រមចូលទេ ពេលនោះម្ចាស់ផ្ទះសំណាក់ឃើញអ្នកទាំង២ប្រទាញប្រទង់គ្នាមិនទំនងក៏ចូលទៅសួរនាំ ដឹងមិនស្រួលក៏ឲ្យនារីរងគ្រោះមកដេកជាមួយកូនស្រីរបស់ម្ចាស់ផ្ទះសំណាក់ ។ រីឯបុរសកំហូចអ្នករត់ម៉ូតូឌុបបានប្រញាប់ទាញម៉ូតូជិះគេចមិនដឹងទៅទីណា រហូតមកដល់ព្រឹកថ្ងៃទី២ ឧសភា ម្ចាស់ផ្ទះសំណាក់បានរាយ
ការណ៍ទៅវិទ្យុក្នុងស្រុកមួយឲ្យបានដឹងពីហេតុការណ៍ដែលបានកើតឡើង ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២ ឧសភា ដដែល តំណាងវិទ្យុក្នុងស្រុកនោះបានមកទទួលយកនារីរងគ្រោះ ដោយមានធ្វើលិខិតប្រគល់ត្រឹមត្រូវផងដែរ ហើយសមត្ថកិច្ចនឹងបន្តចុះស្រាវជ្រាវបន្ថែមទៀតជុំវិញករណីដែលបានកើតឡើងខាងលើនេះ ៕
ចែករំលែកព័តមាននេះ