ខេត្តតាកែវ ៖ ជារឿងមួយដែលស្ទើរតែមិនគួរឱ្យជឿទាល់តែសោះ ខណៈបុរសម្នាក់ស្រឡាញ់កូនក្រមុំគេ ហើយនាំឪពុកម្តាយទៅចូលស្តីដណ្តឹង និងនាំទាំងបណ្ណាការយកទៅជូនខាងស្រី ដើម្បីបញ្ជាក់ពីចំណងស្នេហ៍ ដោយមានឪពុកម្តាយទាំងសងខាង និងញាតិមិត្តមកចូលរួមយ៉ាងច្រើនកុះករ ។
ក្រោយពីពិធីនោះស្តីដណ្តឹងនោះចប់ បានប្រែក្លាយទៅជាអាប់អួរទៅវិញ បន្ទាប់ពីសាមីខ្លួនខាងប្រុសបានយកម៉ូតូខាងស្រីជិះទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ មេសា ២០១៥ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។
ប៉ូលិសស្រុកអង្គរបុរីបានឱ្យដឹងថា ជនសង្ស័យដែលឆបោកម៉ូតូមានឈ្មោះអ៊ឹម ចាន់មីឌឿន អាយុ២២ឆ្នាំ រស់នៅភូមិខាន់ខាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបាននាំឪពុកម្តាយរបស់គេមកស្តីដណ្តឹងកូនស្រីម្នាក់ក្នុងភូមិ-ឃុំខាងលើ ។ លុះពេលឪពុកម្តាយទាំងសងខាងកំពុងតែតថ្លៃរឿងលុយថ្លៃទឹកដោះនោះ ជនសង្ស័យជាសាមីកូនកំលោះ បានចុះពីលើផ្ទះមកដីយកម៉ូតូធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1I-6928 របស់ឈ្មោះសន រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ ដែលត្រូវជាសាច់ញាតិខាងស្រី ប្រាប់ថា ទៅបើកលុយដែលគេផ្ញើមកឱ្យតាមវីង ។ ម្ចាស់ម៉ូតូក៏ព្រមឱ្យខ្ចីជិះទៅបាត់ លុះម្ចាស់ម៉ូតូចាំយូរពេក ក៏ទៅសួរឪពុកម្តាយរបស់ជនសង្ស័យ ក៏ពួកគាត់ក៏មិនដឹង ទើបបង្កការផ្អើលឆោឡោឡើងតែម្តង ។
ប្រភពបន្តទៀតថា ម្ចាស់ម៉ូតូខាងលើ ក៏បានជួលរថយន្តមួយគ្រឿងជិះទៅតាមរកនៅរាជធានីភ្នំពេញ ។ ពេលជិះមកដល់ស្ទឹងមានជ័យនៅវេលាម៉ោង១២ថ្ងៃត្រង់ ក៏ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូ ក៏ចាប់ឃាត់ខ្លួនបញ្ជូនទៅឱ្យសមត្ថកិច្ចស្រុកអង្គរបុរី ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានឆបោកម៉ូតូរបស់គេពិតប្រាកដមែន ។ គួរបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចាស់ធ្លាប់លួចមាន់ ទា ក្នុងភូមិជាញឹកញាប់ ។
ចែករំលែកព័តមាននេះ