ខេត្តបន្ទាយមានជ័យ ៖ ពលករម្នាក់បម្រុងឆ្លងដែនទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវគេបោកយកប្រាក់អស់ទាំងប័ណ្ណឆ្លងដែន កាលពីរសៀលថ្ងៃទី២៨ មេសា ២០១៥ ព្រោះតែចង់បានលឿន ក៏ចាញ់បោកក្រុមអ្នករត់ការឯកសារ VIP ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរ៉េត ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
បើតាមជនរងគ្រោះប្រាប់ឱ្យសមត្ថកិច្ចដឹងថា ក្រោយពីខ្លួនធ្វើប័ណ្ណឆ្លងដែននៅប៉ុស្តិ៍នគរបាលព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួចរាល់ កាលពីវេលាព្រឹកថ្ងៃដដែល បានឆ្លងពីកម្ពុជាទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែបានជួបបុរសម្នាក់ដែលគេមកសួរនាំថា បើចង់លឿន ត្រូវរត់ការឯកសារVIP ។
ជនរងគ្រោះបន្តថា ដោយខ្លួនចង់លឿន ព្រោះថៅកែនៅឯប្រទេសថៃទាក់ទងមកផង ក៏បានប្រគល់ប្រាក់១០០០បាត និងប័ណ្ណឆ្លងដែនទៅឱ្យបុរសជាអ្នករត់ការនោះ ទីបំផុតតាំងពីវេលាព្រឹក ដល់រសៀលម៉ោង២ហើយ មិនឃើញយកមកឱ្យសោះ ។
គួរបញ្ជាក់ថា ជនរងគ្រោះក្រោយពីត្រូវគេបោកប្រាស់អស់ទាំងប្រាក់ ទាំងឯកសារ ត្រូវបាននគរបាលប៉ុស្តិ៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែ តធ្វើប័ណ្ណឆ្លងដែនឱ្យថ្មី ដើម្បីបានបន្តដំណើរទៅប្រទេសថៃ ។ ជនរងគ្រោះប្រាប់សមត្ថកិច្ចថា ប័ណ្ណឆ្លងដែនដែលខ្លួនធ្វើកាលពីព្រឹកនោះ ក៏ចាញ់បោកអ្នករត់ការដែរ គឺគេយកប្រាក់អស់រហូតដល់ទៅ១៣០០បាត (ប្រាក់ថៃ) តែការពិតនគរបាលប៉ុស្តិ៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា តម្លៃពិតប្រាកដត្រឹមតែ២៥០០០រៀលតែប៉ុណ្ណោះ។
ជុំវិញករណីឆបោកពលករទាំងទៅប្រទេសថៃទាំងមក តែងតែកើតមានជារឿយៗនៅបន្ទាត់ព្រំដែនក្នុងក្រុងប៉ោយប៉ែត ផ្ទុយទៅវិញសមត្ថកិច្ចហាក់ដូចពុំមានចំណាត់ការលើបញ្ហានេះសោះ បណ្ដោយឱ្យពួកមេខ្យល់ និងក្រុមបោកប្រាស់លើពលកររួចខ្លួនរហូត ៕
ចែករំលែកព័តមាននេះ