រាជធានីភ្នំពេញ ៖ ដោយមានកិច្ចសហការពីអង្គការ JICA ប្រទេសជប៉ុន អាជ្ញាធរសាលាធានីភ្នំពេញគ្រោងនឹងធ្វើការផ្លាស់ប្តូរភ្លើងស្តុបថ្មីចំនួន១០០កន្លែង ដែលភ្លើងស្តុបចាស់ៗនឹងត្រូវដកចេញមានចំនួន៦៤យកទៅដាក់នៅតំបន់ជាយក្រុងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ឱ្យកាន់តែប្រសើរឡើង ។
គម្រោងនេះ ត្រូវបានអង្គការ JICA និងសាលារាជធានីភ្នំពេញធ្វើពិធីចុះហត្ថលេខានៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤
មេសា ២០១៥ ។
សាលារាជធានីភ្នំពេញតំណាង ដោយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកកូតូ ម៉ាសាតូ ប្រធានក្រុមការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ តំណាងឱ្យអង្គការ JICA ប្រទេសជប៉ុន ។
លោកកូតូ ម៉ាសាតូ បានលើកឡើងថា «រាជធានីភ្នំពេញត្រូវតែកែសម្រួលភ្លើងស្តុប១០០កន្លែង ដើម្បីបញ្ចៀសការប៉ះទង្គិច ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលគម្រោងនេះចាប់ផ្តើមអនុវត្តន៏ វានឹងប្រឈមបញ្ហាជាច្រើនដូចជាបញ្ហាចរាចរណ៍ ការខួងដាក់បង្គោលភ្លើង ប្រព័ន្ធខ្សែភ្លើង និងទុយោទឹកក្រោមដីជាដើម ចំណែកឯភ្លើងស្តុបចាស់ៗចំនួន៦៤ទីតាំង នៅពេលផ្លាស់ប្តូរជំនួស មន្ទីរសាធារណការ ត្រូវយកភ្លើងទាំងនោះទៅដាក់នៅតំបន់ជាយក្រុងវិញ »។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅសាលារាជធានីភ្នំពេញនេះ គឺត្រូវចំណុចពិសេស ដែលមិនអាចខ្វះបានពីតម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាសុវត្ថិភាពចរាចរណ៍នេះតែម្តង ។ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋ ពិតជាត្រេកអរនឹងគម្រោងនេះ ដែល JICA ជប៉ុនបានជួយឧបត្ថម្ភដល់កម្ពុជា ពិសេសរាជធានីភ្នំពេញ ហើយទូបញ្ជាប្រព័ន្ធភ្លើងស្តុបថ្មីក្រោយនេះ នឹងដាក់នៅមន្ទីរសាធារណការ ដែលបម្រើឱ្យដល់គោលដៅចំនួន៣សំខាន់ គឺសម្រាប់ត្រួតពិនិត្យប្រព័ន្ធចរាចរណ៍ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅតាមដងផ្លូវ និងតាមស្តុប ។
ចែករំលែកព័តមាននេះ